ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​ចំនួន​4​ក្នុង​រាជធានី​កំពុង​មាន​សក្ដានុពល​លើ​សំណង់​អគារ​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ប្រែ​មុខមាត់​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​គឺ​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​បាន​អណ្តែត​ឡើង​ស្ទើរ​គ្រប់​តំបន់ ។ ក្នុង​នោះ ខណ្ឌ​ចំនួន​៤​ត្រូវ​បាន​មន្ត្រី​ជំនាញ​វាយតម្លៃ​ថា កំពុង​មាន​សក្តានុពល​ខ្លាំង​លើ​សំណង់​អគារ​ខ្ពស់​ៗ ។…

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ប្រែ​មុខមាត់​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​គឺ​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​បាន​អណ្តែត​ឡើង​ស្ទើរ​គ្រប់​តំបន់ ។ ក្នុង​នោះ ខណ្ឌ​ចំនួន​៤​ត្រូវ​បាន​មន្ត្រី​ជំនាញ​វាយតម្លៃ​ថា កំពុង​មាន​សក្តានុពល​ខ្លាំង​លើ​សំណង់​អគារ​ខ្ពស់​ៗ ។

លោក ឡៅ ទិព្វ​សីហា មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ​សរុប​ប្រមាណ​៩៩៦​អគារ ក្នុង​នោះ​ខណ្ឌ​ចំនួន​៤​មាន​អគារ​ខ្ពស់​ច្រើន​ជាងគេ​គឺ ខណ្ឌចំការមន​, ខណ្ឌទួលគោក​, ខណ្ឌដូនពេញ និង​ខណ្ឌ​សែន​សុខ ។

លោក​បន្ត​ថា ៖« ខណ្ឌ​ទាំង​៤​ខាងលើ​នេះ​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ដែល​មាន​វិនិយោគិន​ជា​ច្រើន​មើលឃើញ​ចំណុច​ល្អ​ក្នុង​ការ​បោះទុន​វិនិយោគ ទើប​មានការ​សាងសង់​អគារ​ខ្ពស់​ច្រើន​ជាង​ខណ្ឌ​ផ្សេង​ទៀត » ។

អ្នកជំនាញ​អចលនទ្រព្យ​ដែល​ទទួលស្គាល់​ពី​អន្តរជាតិ ក៏​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ផង​ដែរ ដោយ​អះអាង​ថា ខណ្ឌ​ទាំង​៤​នេះ​ពិតជា​សម្បូរ​ដោយ​សំណង់​អគារ​ខ្ពស់​ៗ​ច្រើន​ជាងគេ ដោយសារ​តែ​ខណ្ឌ​ទាំងនេះ មាន​សកម្មភាព​សេដ្ឋកិច្ច​ច្រើន និង​ដង់ស៊ីតេ​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន ។

លោក វ៉ា វី​រៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Fortuna Investment លើក​ឡើង​ថា ខណ្ឌចំការមន ទួល​គោក ដូនពេញ និង​ខណ្ឌ​សែន​សុខ នេះ បច្ចុប្បន្ន ពិតជា​សម្បូរ​អគារ​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២​នៃ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក​ថា ៖« ការ​សាងសង់​អគារ​ខ្ពស់​នេះ វា​ស្ថិត​នៅ​តំបន់​ដែល​គេ​ធ្វើការ មាន​ទាំង​សាលា​រៀន មន្ទីរពេទ្យ ឬ​ការងារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ តួយ៉ាង នៅ​ខណ្ឌចំការមន ដោយសារ​មាន​ជនបរទេស ឬ​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​រស់នៅ​ច្រើន ហើយ​តម្លៃ​ដី​ថ្លៃ ទើប​ធ្វើ​ឱ្យ​មានការ​សាងសង់​អគារ​ខ្ពស់​ៗ ដើម្បី​ឱ្យ​ការ​គិត​តម្លៃ​ជា​ម៉ែត្រការ៉េ​ធូរ​ថ្លៃ​នៅ​ពេល​សាងសង់​រួច » ។

លោក វ៉ា វី​រៈ បន្ត​ថា ៖« ក្នុង​ក្រុងភ្នំពេញ ពេល​មាន​អគារ​ខ្ពស់​ៗ​ផុស​ឡើង​ច្រើន វា​មាន​ចំណុច​ល្អ និង​មិនល្អ ។ ចំណុច​ល្អ បង្ហាញ​ឱ្យ​អ្នក​វិនិយោគ​ផ្សេង​ៗ​មាន​ភាព​ជឿជាក់​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​, បង្ហាញ​ពី​សេដ្ឋកិច្ច​រីក​ចម្រើន និង​មាន​សក្តានុពល ជា​ដើម។ ទីក្រុង​នៃ​ប្រទេស​ណា​ដែល​មាន​អគារ​ខ្ពស់​ៗ គេ​ដឹង​ថា ទីក្រុង​ហ្នឹង ឬ​ប្រទេស​ហ្នឹង មានការ​រីក​ចម្រើន​ច្រើន ។ អីចឹង កាន់តែ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​រឹតតែ​មាន​ភាព​ជឿជាក់ ហើយ​នេះ​ជា​ចំណុច​សំខាន់ ។ ដោយឡែក ចំណុច​មិនល្អ​នៅ​ពេល​មនុស្ស​ប្រមូលផ្តុំ​រស់នៅ​ច្រើន ហើយ​ផ្លូវ​យើង​តូច​ពិបាក នៅ​ពេល​ធ្វើ​ដំណើរ​ម្តង​ៗ គឺ​មានការ​ស្ទះចរាចរណ៍​ច្រើន ពិសេស​នៅ​ម្តុំ​ក្បែរ​អគារ​ខ្ពស់​ៗ ។ អគារ​ខ្ពស់​ៗ​រីក​ចម្រើន ប៉ុន្តែ​លទ្ធ​ភាព​នៃ​ការ​ពង្រីក​ផ្លូវ ឬ​ដោះស្រាយ​ចំណុច​ផ្លូវ នៅ​មាន​កំណត់ ពិសេស​ការ​ពង្រីក​ផ្លូវ​ឱ្យ​ស្រប​ទៅ​នឹង​កំណើន​របស់​ប្រជាជន និង​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​តំបន់​នោះ​វា​អត់​មាន»។

វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​រំពឹង​ថា នឹង​នៅ​តែ​មាន​កំណើន​រឹង​មាំ​ក្នុង​រង្វង់​៨,៥%​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដែល​មាន​និន្នាការ​ស្របគ្នា​ទៅ​នឹង​វិស័យ​សំណង់ ។ កំណើន​នេះ​នឹង​ត្រូវ​ទ្រទ្រង់​ដោយ​ការ​កើនឡើង​នៃ​សកម្មភាព​ទិញ​-​លក់​សំណង់​អគារ​ពាណិជ្ជកម្ម និង​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ទាប​និង​មធ្យម ដែល​ប៉ះប៉ូវ​ដល់​ការ​ថមថយ​នៃប្រតិបត្តិ​ការ​ទិញ​-​លក់ និង​ជួល​លំនៅ​ឋាន​តម្លៃ​ខ្ពស់ ដោយសារ​កំណើន​ខ្លាំង​នៃ​ការ​ផ្គត់ផ្គង់​ធៀប​នឹង​តម្រូវការ ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ថា ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេស មាន​ចំនួន​សរុប​៣.០៥២​គម្រោង មាន​ផ្ទៃក្រឡា​ជាង​១០​លាន​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប៉ានស្មាន​ទុន​វិនិយោគ​ប្រមាណ​៦,៤​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ មាន​ចំនួន​២.៤០៥​គម្រោង មាន​ផ្ទៃក្រឡា​សាងសង់​សរុប​១១​លាន​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិ​យោគ​​ប្រមាណ​៥​ពាន់​លាន​ដុល្លារ ពោល​គឺ​កើនឡើង​ចំនួន​២២,៣១% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ