ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចូល​ឆ្នាំ​ថ្មី​ពលរដ្ឋ​រិះគន់​រឿង​សំរាម​គរ​ដូ​ច​ភ្នំ​គ្មាន​អ្នក​ប្រមូល

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ការ​កត់សម្គាល់​សំរាម​គរ​ទុក​ចោល​យូរថ្ងៃ​នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​គ្មាន​រថយន្ត​ក្រុមហ៊ុន​មក​ប្រមូល​ឲ្យ​បាន​ទៀងទាត់ ឬ​ទាន់​ពេល នេះ​គឺ​កំពុង​រង់​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ និង​ភ្ញៀវ​ទេសចរ​ជា​បន្តបន្ទាប់​ព្រោះ​បាន​ជះក្លិន​ស្អុយ​អសោច​ដល់​អ្នកដំណើរ​ឆ្លងកាត់ និង​ពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ ។ ប្រភព​ពី​ភ្ញៀវ​ទេសចរ​ជាតិ​–​អន្តរជាតិ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ការ​កត់សម្គាល់​សំរាម​គរ​ទុក​ចោល​យូរថ្ងៃ​នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​គ្មាន​រថយន្ត​ក្រុមហ៊ុន​មក​ប្រមូល​ឲ្យ​បាន​ទៀងទាត់ ឬ​ទាន់​ពេល នេះ​គឺ​កំពុង​រង់​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ និង​ភ្ញៀវ​ទេសចរ​ជា​បន្តបន្ទាប់​ព្រោះ​បាន​ជះក្លិន​ស្អុយ​អសោច​ដល់​អ្នកដំណើរ​ឆ្លងកាត់ និង​ពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ ។

ប្រភព​ពី​ភ្ញៀវ​ទេសចរ​ជាតិ​–​អន្តរជាតិ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ដែល​ជាទី​ក្រុង​ស្អាត ទើប​ទទួល​ជ័យ​លា​ភី​ផ្ការំដួល​៣​ទង​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៨​នេះ បាន​បន្ត​រិះគន់​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ នៅ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ ថា​មិន​ទាន់​អាច​គ្រប់គ្រង​កាក​សំណល់​សំរាម​ឲ្យ​បាន​ល្អ​ទេ ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​បង្ហាញ​ការ​ហួសចិត្ត និង​បាន​បញ្ចេញ​ទស្សន​ថា មិន​គួរ​ណា​កាក​សំណល់​សំរាម​ត្រូវ​គេ​គរ​ទុក​ចោល​គ្មាន​របៀបរៀបរយ និង​ជះក្លិន​ស្អុយ​អសោច​នៅ​តាម​ទី​សាធារណៈ ឬ​តាម​ចិញ្ចើម​ផ្លូវ​ធ្វើ​ដំណើរ​នាទី​ប្រជុំជន​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​ទេ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​ភាគច្រើន ក៏​បាន​រិះគន់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​អ្នក​ទទួលខុសត្រូវ​ការងារ​ប្រមូល​សំរាម​រួម​មាន ៖ ក្រុមហ៊ុន​ប្រមូល​សំរាម ពិសេស​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ក្រុង​–​ខេត្ត​ព្រះ​សីហ​នុ ដែល​មិន​ទាន់​អាច​គ្រប់គ្រង​កាក​សំណល់​សំរាម ដែល​ប្រជាពលរដ្ឋ​បាន​វេច​ខ្ចប់ និង​យក​ទៅ​គរ​ទុក​នៅ​តាម​មុខ​ផ្ទះ ឬ​ទីតាំង​នីមួយ​ៗ ប៉ុន្តែ​មិន​មាន​រថយន្ត​ក្រុមហ៊ុន​ប្រមូល​សំរាម​មក​ដឹក ឬ​ប្រមូល​សំរាម​ឲ្យ​បាន​ទាន់​ទេ ។ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​រអ៊ូរទាំ និង​រិះគន់​ក្រុមហ៊ុន​ប្រមូល​សំរាម​ដែល​ទើប​ទទួល​សិទ្ធ​ថ្មី ដើម្បី​ប្រមូល​សំរាម នាទី​ប្រជុំជន​ក្រុងព្រះសីហនុ ជំនួស​ឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ដែល​ត្រូវ​បញ្ចប់​កុងត្រា​ថា មិន​ទាន់​មាន​លទ្ធភាព ឬ​ខ្វះ​បទ​ពិសោធន៍​ក្នុង​ការងារ​ប្រមូល​សំរាម​ទេ ហើយ​សំរាម​ត្រូវ​គេ​ទុក​ចោល​យូរថ្ងៃ​នៅ​តាម​ចិញ្ចើម​ផ្លូវថ្នល់ និង​ជះក្លិន​ស្អុយ ។ បញ្ហា​សំរាម​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​តាម​គ្រួសារ​ខ្លះ បាន​ចំអក និង​ប្រដូច​ការ​ទុក​កាក​សំណល់​សំរាម​គរ​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​មាន​ក្លឹ​ន​ស្អុយ​រាល់​ថ្ងៃនេះ ជា​ពិសេស​កាក​សំណល់​សំរាម​ដែល​ត្រូវ​គេ​គរ​ទុក​ចោល នៅ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​បាន​បញ្ចប់​នេះ ស្ទើរ​ក្លាយទៅជា​ទីតាំង​ពិព័រណ៍​សំរាម ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ​–​អន្តរជាតិ ចូល​មក​ទស្សនា​អ​ញ្ចឹ​ង​ដែរ ៕

ភ្ញៀវ​ទេសចរ​ខ្លះ​ទៀត​បង្ហាញ​ការ​ហួសចិត្ត​ថា មិន​គួរ​ណា​ក្រុងព្រះសីហនុ ដែល​ទើប​ជាប់​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត ហើយ​ឈ្នះ​ជ័យ​លា​ភី​ទទួល​បាន​ផ្ការំដួល​៣​ទង​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​បែរជា​ជាក់ស្តែង​បរិស្ថាន​នៅ​ក្នុង​ទីក្រុង​ទាំងមូល​គឺ​គ្មាន​អនាម័យ ដោយ​កាក​សំណល់​សំរាម ត្រូវ​គេ​ទុក​ចោល​យូរថ្ងៃ​គ្មាន​សណ្តាប់ធ្នាប់​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ និង​មាន​ក្លឹ​ន​ស្អុយ​បែប​នេះ​ទៅ​វិញ ។

យ៉ាងណា​ក៏​ដោយ​ចុះ ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ និង​ភ្ញៀវ​ទេសចរ​ជាតិ​បាន​សំណូមពរ​ដល់​អភិបាលក្រុង​–​ខេត្ត​ព្រះ​សីហ​នុ ស្នើ​ឲ្យ​ជួយ​ជំរុញ​ទៅ​ក្រុមហ៊ុន​ប្រមូល​សំរាម ឲ្យ​បន្តសកម្មភាព​ចុះ​ប្រមូល​សំរាម នៅ​តាម​ទី​សាធារណៈ ឬ​តាម​ផ្លូវ​សំខាន់​ៗ ដែល​ភ្ញៀវ​ទេសចរ​និយម​ធ្វើ​ដំណើរ​ឆ្លងកាត់​ឲ្យ​បានជា​ប្រចាំ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​កាក​សំណល់​សំរាម​គរ​ទុក​ចោល​ច្រើន​ថ្ងៃ និង​មាន​ជះក្លិន​ស្អុយ​ដូច​រាល់​ថ្ងៃនេះ​ទៀត​ទេ ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​រដ្ឋបាល​ក្រុង​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា បញ្ហា​សំរាម​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​យក​ក្រុងព្រះសីហនុ​-​ក្រោយ​មាន​សំណូមពរ​ពី​ពលរដ្ឋ​អំពី​បញ្ហា​សំរាម នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ២០១៨ នេះ លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​ចាត់​មន្ត្រី​សាលាក្រុង សហ​ការណ៍​ជាមួយ​ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម និង​ខាង​គណកម្មការ​ផ្សា​រលើ​ចុះ​ពិនិត្យ​ដើម្បី​ដោះស្រាយ ។

ក្នុង​នោះ​យោង​តាម​សំណើរ​របស់​ពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ជាប់​ផ្លូវ​ខាងក្រោយ​ផ្សារ​ដែល​ស្នើ​សុំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទីតាំង​ស្តុក​សំរាម ឬ​ដាក់​ស្តុក​ក្នុង​កុងតឺន័រ មុន​ដឹក​ចេញ​ដោយ​សំអាង​ហេតុផល​ថា ស្អុយ​ប៉ះពាល់​បរិស្ថាន​ពិបាក​រស់នៅ​នោះ ទាំង​មន្ត្រី​សាលាក្រុង ទាំង​ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម និង​ទាំង​ខាង​គណកម្មការ​ផ្សា​រលើ បាន​ទទួលយក​សំណូមពរ​នេះ​ទៅ​ពិនិត្យ​ដោះស្រាយ ។ ជាមួយ​គ្នា​នេះ​ខាង​គណកម្មការ​ផ្សា​រលើ​បាន​បញ្ជាក់​បន្ថែម​ថា ករណី​សំរាម​ក្រោយ​ផ្សារ​កន្លង​មក មិនមែន​មាន​តែ​សំរាម​របស់​អ្នក​លក់ដូរ​ក្នុង​ផ្សារ​ទេ ក្នុង​នោះ​មួយ​ផ្នែក​ក៏​មាន​ពលរដ្ឋ​នៅ​ខាងក្រៅ​ផ្សារ​លប​លួច​យក​មក​បោះចោល​នៅ​ខាងក្រោយ​ផ្សារ​នេះ​ដែរ ដែល​បង្ក​ជា​ការ​លំបាក​គ្រប់គ្រង ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ​បាន​បញ្ជាក់​ថា បញ្ហា​សំរាម​នេះ​លោក​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តាញសារព័ត៌មាន ហើយ​លើក​បាន​នឹង​កំពុង​ដុតដៃដុតជើង​យ៉ាង​ខ្លាំង ដោយ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សម្រាម​ថ្មី ត្រូវធ្វើ​យ៉ាងណា​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់​នៅ​តាម​ទីតាំង​សំខាន់​ៗ និង​ផ្លូវ​ភូមិ​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ឆ្លើយ​ថា មូលហេតុ​ដោយ​ដែល​បញ្ហា​សំរាម​មាន​កកស្ទះ​នេះ ដោយសារ​កត្តា​ក្រុមហ៊ុន​ខ្វះ​កម្លាំង​ពលកម្ម ព្រោះ​រដូវ​ចូល​ឆ្នាំ​ថ្មី ហើយ​ទីលាន​ផ្ទេរ​សម្រាម​នូវ​មិន​ទាន់​ធ្វើ​រួចរាល់ ឯ​រថយន្ត​ដែល​ក្រុមហ៊ុន​បញ្ជា​ទិញ​មិន​ទាន់​មក​ដល់ ដូចនេះ​គឺ​មានការ​ខ្វះ​បន្តិច​មិន​ទាន់​អាច​បំពេញតម្រូវការ​បាន​១០០%​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ