ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពត​-​កែប​នៅ​តែ​រក្សា​កំណើន​ភ្ញៀវ​ទេសចរ​បាន​ល្អ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខេត្តកំពត និង​កែប នៅ​តែ​រក្សា​កំណើន​ភ្ញៀវ​ទេសចរ​បាន​យ៉ាង​ល្អ និង​កើន​ឡើងជា​លំដាប់​នៅ​ដើមឆ្នាំ​២០១៨​នេះ ជា​ពិសេស រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។ បើ​តាម​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប…

រាជធានី​ភ្នំពេញ ៖ ខេត្តកំពត និង​កែប នៅ​តែ​រក្សា​កំណើន​ភ្ញៀវ​ទេសចរ​បាន​យ៉ាង​ល្អ និង​កើន​ឡើងជា​លំដាប់​នៅ​ដើមឆ្នាំ​២០១៨​នេះ ជា​ពិសេស រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។

បើ​តាម​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប លោក ប៉ុក ទាំង បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា​ថា រយៈពេល​៣​ថ្ងៃ (​ថ្ងៃ​ទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០១៨) ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​កែប សរុប​ទាំងអស់​មាន​ចំនួន​១៣១.៨២៨​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ កើនឡើង​៧,៨៥% ។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​១២៩.១៩១​នាក់ កើនឡើង​៧,៨១% និង​ភ្ញៀវ​អន្តរជាតិ​មាន​២.៦៣៧​នាក់ កើនឡើង​១០% ។

លោក​បន្ត​ថា រមណីយដ្ឋាន និង​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​សរុប​ទូ​ទាំង​ខេត្ត​មាន​ចំនួន​៣៥​កន្លែង ។ ក្នុង​នោះ​រមណីយដ្ឋាន​បែប​វប្បធម៌​មាន​៦​កន្លែង​, រមណីយដ្ឋាន​ធម្មជាតិ​២៤​កន្លែង និង​រមណីយដ្ឋាន​កែ​ច្នៃ​៥​កន្លែង (​មាន​លក្ខណៈ​ឯកជន​៣​កន្លែង​) ។

លោក​អនុប្រធាន​បន្ត​ថា ៖« ក្នុង​ចំណោម​រមណីយដ្ឋាន​ទាំងនោះ ភាគច្រើន​នៃ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​មាន​ដូច​ជា ឆ្នេរ​លេង​ទឹក កោះទន្សាយ ផ្សារ​ក្ដាម ឆ្នេរ​ថ្មី​វាល​លំហែ​ជ្រោយ​ដូង ឧទ្យាន​ជាតិ សួន​មេអំបៅ ភ្នំ​វល្លិ​ចម្ការ​ម្រេច វត្ត​ភ្នំ​សរសៀរ ឆ្នេរ​អង្កោល ព្រៃកោងកាង និង​ស្រែអំបិល » ។
ដោយឡែក សម្រាប់​ខេត្តកំពត​វិញ ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ សរុប​ទាំងអស់​ចំនួន​១៣៤.៩៣០​នាក់ កើនឡើង​៤៥,២១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​។ ការ​កើនឡើង​នេះ ដោយសារ​តែ​ខេត្តកំពត​មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង ជា​ពិសេស ខេត្ត​បាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​លើក​ដំបូង​សម្រាប់​បងប្អូន​មក​កម្សាន្ត ។

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​ថា សម្រាប់​ខេត្តកំពត គឺ​មាន​រមណីយដ្ឋាន​ចំនួន​១៧​កន្លែង​ដែល​ភ្ញៀវ​គាត់​ចូល​ចិត្ត​ទៅ​កម្សាន្ត ។ ក្នុង​នោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ និង​តំបន់​ទឹកឈូ មាន​ភ្ញៀវ​ចូល​ទៅ​ទស្សនា​ច្រើន​ជាងគេ ។

លោក​ថា ៖« គ្រប់​ស្ថានភាព​ទូទៅ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ ជា​ពិសេស នៅ​តាម​តំបន់​ទឹកឈូ មាន​ភ្ញៀវ​សរុប​៥១.៤៧១​នាក់ កើនឡើង​៤៨,៨៣% និង​រមណីយដ្ឋាន​ភ្នំ​បូកគោ មាន​ចំនួន​៤៥.៣២៧​នាក់ កើន​២៥,៦៦% » ។
លោក​បន្ត​ថា ៖« តាម​រយៈ​ការ​សិក្សា​កន្លង​មក ភ្ញៀវ​ក្នុងស្រុក​ចំណាយ​ប្រមាណ​៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំណាយ​អស់​ប្រមាណ​៩៩​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាក់ » ។
លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ថ្លែង​ថា ដើម្បី​បំពេញតម្រូវការ​របស់​បងប្អូន​ដែល​បាន​មក​ទស្សនា​ក្នុង​ខេត្ត​ទេសចរណ៍​បែប​វប្បធម៌ និង​ធម្មជាតិ​មួយ​នេះ​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ខេត្ត​នៅ​តែ​បន្ត​ការ​រៀបចំ​កម្មវិធី​អង្គរ​សង្ក្រាន្ត​បន្ត​ទៀត ជា​ពិសេស ខេត្ត​បាន​និង​កំពុង​បង្កើត​ឆ្នេរ​ខ្សាច់​បន្ថែម​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​គយគន់​ទេសភាព​នៅ​ជុំវិញ​តំបន់​នៃ​ខេត្ត​មួយ​នេះ ។
លោក​ថ្លែង​ថា ៖« ខេត្តកំពត​មាន​រមណីយដ្ឋាន​ចំនួន​១៧​កន្លែង ។ ដោយឡែក សព្វ​ថ្ងៃនេះ យើង​ពុំ​ទាន់​មាន​ឆ្នេរ​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​មក​អង្គុយ​លេង​កម្សាន្ត​ទេ ។ អីចឹង ខេត្ត​នឹង​មាន​គម្រោង​មួយ​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព និង​ទីតាំង ធ្វើ​យ៉ាងម៉េច ត្រូវ​បង្កើត​ឆ្នេរ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​តាម​បណ្ដា​ខេត្ត​ផ្សេង​មក​ទស្សនា​ក្នុង​ខេត្ត​មួយ​នេះ » ។

លោក​បន្ថែម​ថា ក្រោយ​ពី​យើង​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ មាន​កន្លែង​ស្នាក់​នៅ​ល្អ​ៗ រមណីយដ្ឋាន​ស្អាត​ៗ និង​មាន​ឆ្នេរ​សម្រាប់​ងូតទឹក ជាដើម អីចឹង ភ្ញៀវ​ទេសចរ​នឹង​មក​កម្សាន្ត​កាន់តែ​ច្រើន​ថែម​ទៀត ដែល​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មានការ​ងារ​ច្រើន​ជាង​មុន និង​កាត់​បន្ថយ​ការ​ចំណាកស្រុក​បាន​មួយ
កម្រិត ។
ដោយសារ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​នៅ​ខេត្តកំពត​កើន​ឡើងជា​ហូរហែ មន្ទីរ​ទេសចរណ៍​ខេត្ត​នឹង​បន្ត​ជំរុញ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មី​ៗ, ជំរុញ​ការ​បណ្តុះបណ្តាល​សំដៅ​ពង្រឹងគុណភាព​សេវាកម្ម​, ជំរុញ​ការ​អនុវត្ត​ស្តង់ដា​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ។

គួរ​រំឭក​ថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ភ្ញៀវ​សរុប​សម្រាប់​ខេត្តកំពត គឺ​មាន​ចំនួន​៤៤៨.១៦១​នាក់ កើនឡើង​១៦,៦២% បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ មាន​ចំនួន​៣៨៤.២៦៣​នាក់ ។ ក្នុង​នោះ​ទេសចរ​ក្នុងស្រុក​មាន​ចំនួន​៣៩៣.៨៧៦​នាក់ កើនឡើង​១៤,១៥% បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ មាន​ចំនួន​៣៤៥.០៣៦​នាក់ ។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​៥៤.២៨៥​នាក់ កើនឡើង​៣៨,៣៨% បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ មាន​ចំនួន​៣៩.២២៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ