ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB និង WB ព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​ខុស​គ្នា​តិចតួច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​ពីរ​ប្រចាំ​កម្ពុជា គឺ​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​(ADB) និង​ធនាគារពិភពលោក (WB) បាន​បង្ហាញ​ពី​របាយការណ៍​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដោយ​ក្នុង​នោះ…

រាជធានី​ភ្នំពេញ ៖ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​ពីរ​ប្រចាំ​កម្ពុជា គឺ​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​(ADB) និង​ធនាគារពិភពលោក (WB) បាន​បង្ហាញ​ពី​របាយការណ៍​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដោយ​ក្នុង​នោះ ADB បាន​ព្យាករ​ថា ក្នុង​ឆ្នាំ​២០១៨ និង​២០១៩ សេដ្ឋកិច្ច​កម្ពុជា​អាច​រក្សា​បាន​ក្នុង​រង្វង់​៧% ដូច​សេដ្ឋវិទូ​កម្ពុជា​ដែរ ខណៈ​ធនាគារពិភពលោក​បាន​ទម្លាក់​ការ​ព្យាករ​របស់​ខ្លួន​បន្ដិច ដោយ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៨ សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​មាន​កំណើន​៦,៩% និង​ឆ្នាំ​២០១៩ អាច​ថម​នៅ​ត្រឹម​៦,៧% ។

ទោះជា​យ៉ាងនេះ​ក្ដី អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ស្ថាប័ន​ទាំង​ពីរ​បញ្ជាក់​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រឹង​មាំ អាស្រ័យ​ទៅ​លើ​កត្តា និង​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​កាត់ដេរ​នៅ​តែ​មាន​ចំណែក​ធំ​ក្នុង​កំណើនសេដ្ឋកិច្ច ឬ​ផលិតផល​ក្នុងស្រុក​សរុប ។ ដោយឡែក វិស័យ​សេវាកម្ម​ក៏​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​នៅ​ក្នុង​ចំណែក​សេដ្ឋកិច្ច​កម្ពុជា ។ ក្រៅពី​នោះ វិស័យ​សំណង់ និង​លំហូរ​ទុន​វិនិយោគ​ពី​ខាងក្រៅ​ប្រទេស ក៏​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ចូលរួម​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​ភាព​វិជ្ជមាន​ផង​ដែរ ។

លោក Jan Hansen សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​កម្ពុជា​ក្នុង​រយៈពេល​ខ្លី បាន​មក​ពី​ការ​នាំ​ចេញ​ដ៏​រឹង​មាំ និង​កំណើន​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​, សកម្មភាព​ក្នុង​វិស័យ​ទេសចរណ៍ និង​តម្រូវការ​ក្នុងស្រុក ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​កើនឡើង​ប្រាក់​ឈ្នួល ភាព​លំបាក​ក្នុង​ការ​ធ្វើ​ធុរកិច្ច និង​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្លាំង អាច​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​របស់​កម្ពុជា ។

តាម​របាយការណ៍​របស់​ស្ថាប័ន​ទាំង​ពីរ ក៏​បាន​បង្ហាញ​ពី​ភាព​ប្រទាក់ក្រឡា​គ្នា​លើ​សេដ្ឋកិច្ច​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ផង​ដែរ បើសិនជា​ប្រទេស​ណាមួយ​ក្នុង​តំបន់​ដែល​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា វា​ក៏​អាច​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​នោះ ។

លោកស្រី វិច​តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក ប្រចាំ​តំបន់​អាស៊ី​បូព៌​៌ា និង​ប៉ា​ស៊ី​ហ្វិ​ក បាន​ឲ្យ​ដឹង​ថា កំណើន​ដែល​រីក​ចម្រើន​ខ្លាំង​នេះ​អាច​ជួយ​ឲ្យ​តំបន់​អាស៊ី​បូព៌​៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​ទទួល​បាន​ផល​ចំណេញ​ធំធេង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តោកយ៉ាក ហើយ​ដើម្បី​រក្សា​ភាព​ជោគជ័យ​នេះ​បង្កើន​ការ​រំពឹង​ទុក​ល្អ​សម្រាប់​មនុស្ស​មួយ​ភាគ​ធំ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​មាន​សន្តិភាព​ផ្នែក​សេដ្ឋកិច្ច​នៅឡើយ គេ​ចាំបាច់​ត្រូវ​តែ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​វែង​ឆ្ងាយ​មួយ ។

ដោយឡែក លោក ស៊ុ​ឌៀ សេត​ទី ប្រធាន​សេដ្ឋវិទូ​ធនាគារពិភពលោក ប្រចាំ​តំបន់​អាស៊ី​បូព៌​៌ា និង​ប៉ា​ស៊ី​ហ្វិ​ក មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​ជាមួយ​ហានិភ័យ​ចំពោះ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច បណ្ដា​ប្រទេស​ក្នុង​តំបន់​ចាំបាច់​ត្រូវ​ពិចារណា​រឹតត្បិត​គោលនយោបាយ​រូបិយ​វត្ថុ ហើយ​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​ប្រយ័ត្នប្រយែង​ផ្នែក​បទ​ប្បញ្ញត្តិ​ម៉ាក្រូសេដ្ឋកិច្ច ។

លោក​ថា ៖« ប្រការ​នេះ​សំខាន់​ណាស់ ជា​ពិសេស​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​បំណុល​មាន​កម្រិត​ខ្ពស់ ឬ​កំណើន​ឥណទាន​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​ងាយ​មាន​ភាព​រង​គ្រោះ នៅ​ពេល​ដែល​ការ​ប្រាក់​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន » ។

ក្រុម​សេដ្ឋវិទូ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​តែ​រំពឹង​ប្រកបដោយ​សុទិដ្ឋិនិយម​ថា ក្នុង​ឆ្នាំ​២០១៨ និង​២០១៩ សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅ​បន្ត​កំណើន​ក្នុង​រង្វង់​ប្រមាណ​៧,០% ដែល​ទ្រទ្រង់​ដោយ​មូលដ្ឋាន​កំណើន​ស្រ​ដៀង​ទៅ​នឹង​ឆ្នាំ​២០១៧​ដែរ ក្នុង​នោះ មាន​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម ពិសេស​គឺ​អនុ​វិស័យ​កាត់ដេរ ទេសចរណ៍ សំណង់ ការ​លក់ដុំ​និង​រាយ ឧស្សាហកម្ម​មិនមែន​កាត់ដេរ និង​វិស័យ​ដឹក​ជញ្ជូន និង​ទូរគមនាគមន៍ ជាដើម ខណៈ​អតិផរណា​នឹង​បន្ត​ស្ថិត​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន​ក្នុង​អត្រា​៣,៤%​ក្នុង​ឆ្នាំ​២០១៨ និង​៣,១%​ក្នុង​ឆ្នាំ​២០១៩ ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​ឲ្យ​ដឹង​ថា េ​ស​ដ្ឋ​កិច្ច​របស់​កម្ពុជា​នឹង​នៅ​តែ​បន្ដ​រឹង​មាំ តែ​កម្ពុជា​ត្រូវ​ពង្រីក និង​បង្កើត​កម្លាំង​ច​លករ​ថ្មី​ៗ​បន្ថែម​ទៀត ពិសេស​ការ​ធ្វើ​ទំនើប​កម្ម​នៃ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​មាន​តម្លៃបន្ថែម​ខ្ពស់ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មាន​ចលនា​រស់​រវើក និង​លូតលាស់​ថែម​ទៀត ។

លោក វ​ង្សី វិស្សុត មាន​ប្រសាសន៍​ថា ៖« ដោយ​ផ្អែក​លើ​ក្បាលម៉ាស៊ីន​គាំទ្រ​កំណើនសេដ្ឋកិច្ច​សំខាន់​ៗ ហើយ​វិស័យ​សំខាន់​ដែល​គាំទ្រ​ដល់​កំណើន​នេះ គឺ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម ។ ជាមួយ​គ្នា​នេះ កម្ពុជា​មាន​ទុនបម្រុង​ចំនួន​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​ធ្វើការ​គ្រប់គ្រង​ការ​នាំ​ចូល​បាន​ចំនួន​ជាង​៦​ខែ ។ ដោយឡែក ចំណូល​ថវិកាជាតិ​នៅ​តែ​រឹង​មាំ ពិសេស​ចំណូល​ពី​សារពើពន្ធ​សម្រេច​បាន​តាម​ផែនការ​គ្រោងទុក ខណៈ​ការ​ចាយវាយ​ថវិកាជាតិ ថ្វី​ដ្បិតតែ​មានការ​ពង្រីក តែ​រឹតត្បិត​យ៉ាង​ខ្លាំង ។ ទាំង​អស់នេះ សបញ្ជាក់​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​យើង​នៅ​តែ​រឹង​មាំ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ