ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាំ​ចម្រុះ​បង្ហាញ​រឿងរ៉ាវ​អតីតកាល​ដល់បច្ចុប្បន្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នាំ​ការ​សម្ដែង​របាំ​បុរាណ និង​ប្រពៃណី គ្រប់គ្រង​ដំឡើង​ដោយ​អ្នកគ្រូ​វ័ន សា​វ៉ៃ អតីត​នាដកា​ឯក​របាំ​ព្រះរាជ​ទ្រព្យ និង​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ តេ​សូ…

រាជធានី​ភ្នំពេញ ៖ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នាំ​ការ​សម្ដែង​របាំ​បុរាណ និង​ប្រពៃណី គ្រប់គ្រង​ដំឡើង​ដោយ​អ្នកគ្រូ​វ័ន សា​វ៉ៃ អតីត​នាដកា​ឯក​របាំ​ព្រះរាជ​ទ្រព្យ និង​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ តេ​សូ ប្រធាន​ក្រុម​របាំ​ព្រះរាជ​ទ្រព្យ ដោយ​ការ​សម្តែង​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។ ផ្ទាំងទស្សនីយភាព​របាំ​ចម្រុះ​សម្ដែង​ដោយ​សិល្បករ​៣០​នាក់ រយៈពេល​១​ម៉ោង​​នេះ នឹង​នាំ​ទស្សនិកជន​ឆ្លងកាត់​ពេលវេលា​អតីតកាល​ចាប់តាំងពី​ការ​កកើត​ផែនដី កំណើត​អប្សរា និង​ជីវភាព​រីករាយ​តាម​ស្រុកស្រែ​ចម្ការ​នៃ​ប្រទេស​កម្ពុជា​រហូត​ដល់​សព្វថ្ងៃ ។

ការ​សម្ដែង​ចាប់ពី​ថ្ងៃ​ទី​១៩ ខែមេសា ម៉ោង ៧​យប់​តទៅ​នៅ​ឆាក​សម្ដែង​សិល្បៈ​ខ្មែរ​អមតៈ បរិវេណ​សារមន្ទីរ​ជាតិ ភ្នំពេញ រយៈពេល​៦​ថ្ងៃ ក្នុង​មួ​យស​ប្ដា​ហ៍ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ ។

របាំ​ដែល​សម្ដែង​រួម​មាន របាំ​អប្សរា មុនី​មេខលា របាំ​គោះអង្រែ និង​របាំ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ដែល​មិនសូវ​ឃើញ​សម្ដែង​នៅ​ទីកន្លែង​នានា ។ ក្រៅពី​ការ​សម្ដែង​ជាមួយនឹង​បៀ​វត្សរ៍​ជា​ប្រចាំ​ហើយ ក្រុម​សិល្បករ​ត្រូវការ​ភាព​ជិត​ស្និទ្ធ​ជាមួយ​ប្រធាន​សិល្បៈ ធំ​ៗ បង្កើត​ការ​ទាក់ទង កសាង​សមត្ថភាព និង​អភិវឌ្ឍ​ខ្លួន​តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​រៀបចំ​ឡើង​ដោយ​សិល្បៈ​ខ្មែរ​អមតៈ ដើម្បី​ក្លាយ​ក្រុម​របាំ​គំរូ​មួយ​ដែល​មាន​សមត្ថភាព​គ្រប់គ្រង​សម្រាប់​និរន្តរភាព​អាជីព​របស់​ពួក​គេ​នា​ពេល​អនាគត ។

ការ​សម្ដែង​នេះ​ជា​ផ្នែក​មួយ​នៃ​ការងារ​សហគ្រាស​វប្បធម៌​ក្រោម​កម្មវិធី​ពិសោធ​សិល្បៈ​ខ្មែរ​អមតៈ ដែល​ជា​កម្មវិធី​នាំ​យក​បទ​ពិសោធន៍​សិល្បៈ និង​វប្បធម៌​ដ៏​សំបូរ​បែប​របស់​កម្ពុជា​ទៅ​កាន់​ទស្សនិកជន​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​ជា​កត្តា​ជួយ​ពង្រីក​ទីផ្សារ​ការងារ​ដល់​សិល្បករ​ខ្មែរ ។ ជា​រៀង​រាល់​ឆ្នាំ មាន​ទស្សនិកជន​ច្រើន​ជាង​២០.០០០​នាក់ បាន​ទទួល​បទ​ពិសោធន៍​អំពី​បេតិកភណ្ឌ​រស់ និង​ទម្រង់​សិល្បៈ និង​វប្បធម៌​ខ្មែរ​ដ៏​សំបូរ​បែប​ពី​កម្មវិធី​នេះ ។

នាយិកា​សិល្បៈ​អ្នកគ្រូ វ័ន សា​វ៉ៃ មាន​ប្រសាសន៍​ថា​៖«​នេះ​ជា​ជំហាន​ទី​មួយ ហើយ​ខ្ញុំ​សង្ឃឹម​ថា សិល្បករ​នឹង​សម្ដែង​បាន​យ៉ាង​ល្អ ហើយ​ដើម្បី​អាច​ឲ្យ​ក្ដី​សង្ឃឹម​នេះ​ក្លាយជា​ការណ៍​ពិត លុះត្រាតែ​អ្នក​ទាំងអស់​គ្នា មាន​ក្ដី​សង្ឃឹម​រួម​គ្នា និង​ដូច​គ្នា ។ សម្រាប់​ខ្ញុំ ខ្ញុំ​តែង​តែ​ចង់បាន​អ្វី​ដែល​ឥត​ខ្ចោះ ហើយ​ខ្ញុំ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​…​ក្ដី​សង្ឃឹម​ធំ​បំផុត​របស់ខ្ញុំ​គឺ​ចង់​ឃើញ​សិល្បៈ​ខ្មែរ​រីក​ចម្រើន និង​សំបូរ​បែប​ដូច​ពី​មុន​» ។

សិល្បករ​រិ​ទ្ធិ ដា​រ៉ូ បាន​និយាយ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ផង និង​អរ​ផង សម្រាប់​ការ​ចូល​រួមការ​សម្ដែង​ថ្មី​នៅ​សារមន្ទីរ​ជាតិ​នេះ ។ មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​នៅ​បន្តការងារ​នេះ​។ នោះ​គឺ​ក្ដី​ស្រឡាញ់ និង​ជំនឿ​ចិត្ត​លើ​ក្រុម​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​យកឈ្នះ​លើ​គ្រប់​ឧបសគ្គ ហើយ​ការ​ហ្វឹកហាត់​បន្ថែម​កន្លង​មកនេះ​បាន​ជួយ​ពង្រឹងសមត្ថភាព​ខ្ញុំ​បាន​ស្គាល់​ពី​ខ្លួនឯង ខ្ញុំ​ចង់បាន​អ្វី និង​ខ្ញុំ​ត្រូវការ​អ្វី »​។

ស្សង់​-​បាទី​ស្ត៍ ភូ ប្រធាន​កម្មវិធី​ច្នៃប្រឌិត​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ឲ្យ​ដឹង​ថា​៖ «យុទ្ធ​សាស្ត្រ​៥​ឆ្នាំ​ថ្មី​របស់​សិល្បៈ​ខ្មែរ​អមតៈ រួម​មានការ​បង្ហាញ ការ​ឧបត្ថម្ភ​គាំទ្រ​ហិរញ្ញវត្ថុ
និង​ការ​បង្កើត​ស្នាដៃ ថ្មី​ៗ ព្រមទាំង​ជួយ​គាំទ្រ​សិល្បករ​ក្នុង​ការ​បង្ហាញ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​តាម​រយៈ​ស្នាដៃ​ពួក​គេ ។ ស្នាដៃ​ថ្មី​នេះ​គឺជា​ឱកាស​ធំ​មួយ​សម្រាប់​ពួក​គេ ។ តាម​រយៈ​នេះ វា​បាន​បង្កើត​ការងារ​ដល់​សិល្បករ​៣០​នាក់ ស្រប​ពេល​ជាមួយ​គ្នា​ដែរ យើង​ក៏​មានឱកាស​បាន​ទស្សនា​ស្នាដៃ​ដ៏​គួរ​ឲ្យ​រំភើប​នេះ ។ យើង​ពិតជា​សំណាង​ណាស់​ដែល​បាន​ធ្វើការ​ជាមួយ​អ្នកគ្រូ សា​វ៉ៃ និង​ព្រះ​អង្គ​ម្ចាស់ តេ​សូ ហើយ​យើង​សូម​ថ្លែងអំណរគុណ​ដល់​លោក​ទាំង​ពីរ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​នេះ ព្រមទាំង​ចក្ខុវិស័យ​សិល្បៈ​វែង​ឆ្ងាយ​ផង​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ