រាជធានីភ្នំពេញ ៖ ពិធីការិនីស្ថានីយទូរទស្សន៍អប្សរាអ្នកនាង ដួង ម៉ាណា បានប្រកាសឱ្យដឹងថា នាងកំពុងបតែពពោះកូនស្រីជាលើកដំបូង បន្ទាប់ពីនាងបានរៀបអាពាហ៍ពិពាហ៍ជាងមួយឆ្នាំមកនេះ ។
ការប្រកាសពីការពពោះជិតគ្រប់របស់ដួង ម៉ាណា បន្ទាប់ពីនាងខកខានមិនបានបង្ហាញវត្តមានជាពិធីការិនីតាមកញ្ចក់ទូរទស្សន៍ដូចសព្វមួយដង ដែលនាំឲ្យទស្សនិកជនមួយចំនួនសង្ស័យពីបញ្ហា ផ្សេងៗ ។
ដើម្បីស្រាយចម្ងល់ ដួង ម៉ាណា បានបង្ហាញរូបភាពមួយតាមហ្វេសប៊ុក បញ្ជាក់ពីការពពោះរបស់នាងដែលជាមូលហេតុធ្វើឲ្យនាងខកខានមិនបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ។
ជាមួយរូបភាពដែលដួង ម៉ាណា បានបង្ហោះតារារូបនេះក៏បានសរសេរបញ្ជាក់ប្រាប់ថា «ក្ដីស្រលាញ់ដែលគ្មានដែនកំណត់ «ពេលវេលាកំពុងដើរ យឺតៗ » ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីលឺសំឡេងយំលើកទីមួយរបស់អ្នក ហើយរង់ចាំឃើញមុខអ្នកជាលើកដំបូង»។
ដួង ម៉ាណា ក៏បានបញ្ជាក់ប្រាប់ទស្សនិកជនថា នាងបានពពោះជាង៨ខែហើយ ខណៈពេលដែលកូនដំបូងដែលនឹងចាប់កំណើតឃើញពន្លឹព្រះអាទិត្យនាពេលដ៏ខ្លីខាងមុខនេះ គឺជាកូនស្រី។
បើទោះបីជាដួង ម៉ាណា មិនបានអះអាងអ្វីច្រើនពាក់ព័ន្ធនឹងកូនក្នុងផ្ទៃ និងអាជីពសិល្បៈរបស់នាងក៏ដោយ ប៉ុន្តែនាងបានសម្តែងការសប្បាយរីករាយនៅពេលដែលនាងមានកូនដំបូងជាមួយនឹងការអបអរសាទរ និងជូនពរពីមិត្តភក្តិ ក៏ដូចជាប្រិយមិត្តគាំទ្ររបស់នាង។
ពិធីការិនីទូរទស្សន៍អប្សរានាង ដួង ម៉ាណា បានរៀបអាពាហ៍ពិពាហ៍កាលពីអំឡុងមករា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានសេវេន ឡាក់គីប្រាយ សាខាទឹកថ្លា ។
ស្វាមីរបស់ដួង ម៉ាណា ឈ្មោះមុទ ចាន់ដាវីទ វ័យជាង៣០ឆ្នាំ មិនមែនជាមនុស្សក្នុងសង្គមសិល្បៈ ហើយក៏មិនមែនជាបុគ្គលវណ្ណៈខ្ពស់អ្វីដែរ ។
ដួង ម៉ាណា ធ្លាប់ឲ្យដឹងពីកំណើតស្នេហ៍របស់នាងថា នាងបានជួបជាមួយស្វាមី កាលពីប្រមាណជា៣ឆ្នាំមុន តាមរយៈការងារសង្គម ហើយក្រោយមកស្វាមីរបស់ព្យាយាមទាក់ទងនាងតាមរយៈ Chat ។
ម៉ាណា ឲ្យដឹងថា ដោយសារនាងចូលចិត្តភ្លេង ហើយអនាគតស្វាមីនាងចេះភ្លេង ទើបនាងឲ្យជួយបង្រៀនហ្គីតា ។ ក្នុងអំឡុងនោះហើយ ដែលនាំឲ្យនាង និងគ្រូភ្លេងកាន់តែមានជិតស្និទ្ធ ហើយក្ដីស្រឡាញ់ពេញចិត្ត ក៏លេចក្នុងបេះដូងរបស់នាងតែម្ដង ។
ក្រោយសម្លឹងមើលគ្នារៀងខ្លួន ដួង ម៉ាណា និងគ្រូបង្រៀនហ្គីតាបានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ២០១៦ និងឈានដល់វេលាអាពាហ៍ពិពាហ៍នៅដើមឆ្នាំ២០១៧ ៕
ចែករំលែកព័តមាននេះ