ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភស្តុ​តាង​ថ្មី​អតីត​រាជវាំង​ក្នុង​រាជព្រះបាទ​ជ័យ​វរ្ម័ន​ទី​2​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ ADF អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ខ្នងភ្នំ​គូលែន​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​លើ​ទីតាំង​ឈ្មោះ​បន្ទាយ បច្ចុប្បន្ន​ហៅ​ថា​ផ្ទះ​គូ​ចា​រ្យ នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ ADF អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ខ្នងភ្នំ​គូលែន​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​លើ​ទីតាំង​ឈ្មោះ​បន្ទាយ បច្ចុប្បន្ន​ហៅ​ថា​ផ្ទះ​គូ​ចា​រ្យ នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន នរោត្តម ភ្នំ​គូលែន​ស្ថិត​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​អន្លង់​ធំ ភូមិ​អន្លង់​ធំ ឃុំ​ខ្នង​ភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ បេសកកម្ម​នៃ​ការ​ធ្វើ​កំណាយ​នេះ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៨ ។

បើ​យោង​តាម​សៀវភៅ​បោះ​ពុ​ម្ភ​លើក​ទី​២​របស់​លោក E Aymonier បាន​និយាយ​រៀបរាប់​ពី​ជួរ​ភ្នំ​គូលែន​ដោយ​មានការ​បញ្ជាក់​ពី​ទីតាំង​ភូមិសាស្ត្រ ភូគព្ភសាស្ត្រ នរវិទ្យា និង​ធារា​សាស្ត្រ ដោយ​បាន​ហៅ​ទីតាំង​នេះ​ថា ម​ហេ​ន្ទ្រ​ប​ព៌​ត មាន​ន័យ​ថា​ជា​ភ្នំ​នៃ​ព្រះឥន្ទ្រ ។

យោង​តាម​សៀវភៅ Le Cambodge ភាគ​ទី​៣​សរសេរ​ដោយ លោក​E.Aymonier បាន​បង្ហាញ​តិចតួច​ពី​អត្តសញ្ញាណ​ថា ម​ហេ​ន្ទ្រ​ប​ព៌​ត គឺជា​ភ្នំ​គូលែន ។ បើ​យោង​តាម​សិលា​ចារឹក​ស្តុក​កក់​ធំ​(K.235)​ដែល​ថា​ឡើង​ប្រមាណ​ជា​ជាង​២០០​ឆ្នាំ បន្ទាប់​ពី​ការ​ចូល​ទីវ​ង្គ​តរបស់​ព្រះបាទ​ជ័យ​វ​រ្ម័​ទី​២​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ផង​ដែរ​ពី​ការ​ផ្លាស់​ប្តូរ​រាជធានី​របស់​ព្រះ​អង្គ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ប៉ុន្តែ​មានការ​សន្និដ្ឋាន​ច្រើន​ដូច​គ្នា​ថា​ម​ហេ​ន្ទ្រ​ប​ព៌​ត គឺជា​ភ្នំ​គូលែន​បច្ចុប្បន្ន ដោយ​ស​ភ្តុ​តាង ជា​ច្រើន​ដូច​ជា​ប្រាសាទ​ដែល​ព្រះ​អង្គ​ប្រកាស​រាជ្យ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​ធ្វើការ​បង្រួបបង្រួម​ជាតិ​រួច សំណង់​សាធារណៈ ទំ​បន់​ទឹក ប្រាសាទ​សម្រាប់​សាសនា និង​រាជវាំង​ក៏​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ ។

ទីតាំង​រាជវាំង​នេះ​បាន​រក​ឃើញ​ដោយ​បាន​កត់ត្រា​ពី​អ្នក​ស្រាវជ្រាវ​បារាំង ប៉ុន្តែ​មិន​ដែល​បាន​ធ្វើការ​កំណាយ​នៅឡើយ​ទេ ទើប​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍ កម្មវិធី​ភ្នំ​គូលែន ក្នុង​ឆ្នាំ​២០០៩ បាន​សហការ​ជាមួយ​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​បរិស្ថាន ធ្វើ​កំណាយ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ក្រៅពី​ការ​ស្រាវ​ជ្រាវ ក៏​មាន​កម្មវិធី​បណ្តុះបណ្តាល​បុរាណ​វិទូ​ខ្មែរ​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ ដែល​ជា​ធន​ធានមនុស្ស​ក្នុង​វិស័យ​បុរាណវិទ្យា សម្រាប់​សង្គម​យើង​នា​ពេល​អនាគត​ផង​ដែរ ។

គោលបំណង​នៃ​ការ​ស្រាវជ្រាវ​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​សិក្សា​រចនា​សម្ព័​ន្ទ​សំណង់​រាជវាំង​បុរាណ​មួយ​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ថា​តើ​សំណង់​នេះ​សង់​ពី​អ្វី ? រចនា​បទ​អី្វ ? មាន​ប៉ុន្មាន​ដំណាក់កាល ? តួនាទី​អ្វីខ្លះ ? សង់​ក្នុង​ឆ្នាំ​ណាខ្លះ ?

យោង​តាម​លទ្ធផល​ដែល​បាន​សន្និដ្ឋាន​បឋម​ដូច​ខាងក្រោម ៖
-​រក​ឃើញ​ផ្លូវ​ចូល​ពី​ទិស​ខាងកើត​អគារ​សង់​ពី​ឥដ្ឋ ។

-​សំណង់​កណ្តាល​នៃ​អគារ​នេះ​មាន​បី​ដំណាក់កាល​ដំណាក់កាល់​ទី​១ ប្រហែលជា​ស្ថិត​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ស្ថិត​ក្នុង​សតវត្សរ៍​ទី​៩ បច្ចេកទេស​សំណង់​មាន​បង្ហាប់​គ្រឹះ​ដោយ​ប្រើ​ដី លាយ​ជាមួយ​កម្ទេច​ថ្មបាយក្រៀម ក្រួស បន្ទាប់​មក​រៀប​ក្រ​វ៉ា​ត​ពី​ឥដ្ឋ មុន​នឹង​ធ្វើ​សំណង់​នោះ ។ ដំណាក់កាល​ទី​២ គឺ​ចាក់​ដី​កម្រាស់​៣០​សង្ទីម៉ែត្រ នៅ​លើ​កម្រាល​ឥដ្ឋ​ដំណាក់កាល​ទី​១ បន្ទាប់​មក​ក៏​រាប​កម្រាល​ឥដ្ឋ​នៅ​ពីលើ ។ ក្នុង​ដំណាក់កាល​នេះ​យើង​មិន​ទាន​អាច​សន្និដ្ឋាន​ថា​ធ្វើ​ពេល​ណា​នៅ​ឡើង​នោះ​ទេ ដោយសារ​យើង​មិន​ទាន់​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​សន្និដ្ឋាន​បឋម ។

ដំណាក់កាល​ទី​៣ ស្ថិត​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០ រហូត​ដល់​ពេល​ប្រទេស​មាន​សង្គ្រាម ដោយសារ​សាកសួរ​ពី​ចាស់ទុំ​នៅ​តំបន់​នេះ ក្នុង​ទស​វត្ស​ទី​៦០ មាន​លោកតា​អាចារ្យ​ម្នាក់​បាន​មក​សង់ផ្ទះ​នេះ​ដើម្បី​ធ្វើ​ធម៌ បន្ទាប់​ពី​ប្រទេស​មាន​សង្គ្រាម​ក៏​បាត់​ដំណឹង​គាត់​ចាប់ពី​ពេល​នោះ​មក ។

គោលបំណង់​ទៅ​ពេល​ខាង​មុខ​គឺ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចងក្រង​សក្តានុពល​របស់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដើម្បី​ចូលរួម​បំពេញ​លក្ខខណ្ឌ​បញ្ចូល​ភ្នំ​គូលែន​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយនឹង​បោះ​ពុ​ម្ភ​ផ្សាយ ស្តី​ពី​ការ​រក​ឃើញ​ថ្មី​នៃ​រចនាសម្ព័ន្ធ​សំណង់​រាវ​វាំង​សម័យ​បុរាណ​ដែល​មាននៅ​លើ​ខ្នងភ្នំ​គូលែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ