ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ សហព័ន្ធ​កីឡា​ប្រណាំង​ម៉ូតូ​​ត្រូវ​មាន​ទីលាន​ផ្ទាល់ខ្លួន ​បើ​ចង់ឱ្យ​រីក​ចម្រើន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រណាំង​ពេញ​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៦ សីហា និង​ថ្ងៃអាទិត្យ​ទី​២៧ សីហា ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ គេ​កត់​សម្គាល់ថា ទីលាន​ប្រណាំង​​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រណាំង​ពេញ​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៦ សីហា និង​ថ្ងៃអាទិត្យ​ទី​២៧ សីហា ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ គេ​កត់​សម្គាល់ថា ទីលាន​ប្រណាំង​​ម៉ូតូ King Track Circuit ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ម្ដុំ​មណ្ឌល​ឱកាស​​ខ្ញុំ មាន​សកម្មភាព​ខ្លាំង​ទាំង​ការ​ប្រណាំង​លេង​ៗ និង​ហ្វឹកហាត់ ។ ប៉ុន្តែ​សកម្មភាព​ទាំងនេះ ត្រូវ​គេ​កត់​សម្គាល់ថា​ចាប់ផ្ដើម​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ច​ចុង​ក្រោយ ទើប​បណ្ដាល​ឱ្យ​អ្នកមាន​ជំនាញ​ប្រណាំង​ម៉ូតូ និង​អ្នក​ចង់​ក្លាយជា​កីឡាករ​ផ្នែក​នេះ បែកខ្ញែក​ដូច​មុន ធ្វើ​ឱ្យ​អ្នក​វិភាគ​និយាយ​ថា បើ​សហព័ន្ធ​កីឡា​ប្រណាំង​ម៉ូតូ​កម្ពុជា មិន​មាន​ទីលានប្រណាំង​ផ្ទាល់ខ្លួន​ទេ​ហើយ​ពឹងផ្អែក​តែ​ទីលានប្រណាំង​ម៉ូតូ​ឯកជន​នោះ គឺ​កីឡា​មួយ​នេះ​នឹង​មិន​ងាយ​រឹង​មាំ​នោះ​ទេ​នៅ​ក្នុង​ស្ថានការណ៍​ដែល​កម្ពុជា​ក៏​មិន​ខ្លាំងក្លា​លើ​កីឡា​ប្រភេទ​គ្រោះថ្នាក់​នេះ​ស្រាប់​។

លោក គង់ ធា​រ៉ា អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ថ្នាក់​ជាតិ និង​ជា​អ្នកគ្រប់គ្រង​ទីលាន King Track Circuit ធ្លាប់​បាន​បញ្ជាក់​ថា ការ​ប្រកួតប្រណាំង​ម៉ូតូ​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​កន្លង​ទៅ មិន​ត្រឹមតែ​ជួយ​ឱ្យ​កម្ពុជា​រក​ឃើញ​អ្នកជំនាញ​ជិះ​ម៉ូតូ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឱ្យ​អ្នកមាន​ចំណូលចិត្ត​ប្រណាំង​ម៉ូតូ​ច្រើន​នាក់​ចាប់អារម្មណ៍​ក្នុង​ការ​ហ្វឹកហាត់​នៅ​លើ​ទីលាន​ផង​ដែរ ។ ចាប់តាំងពី​ទីលាន​របស់​លោក​ដំណើរការ​លោក​ថា​បាន​ប្រមូលផ្ដុំ​កីឡា​ករ​ជា​អ្នកជំនាញ​ខាង​ផ្នែក​ប្រណាំង​ម៉ូតូ ដែល​ភាគច្រើន​ជា​អ្នក​រស់នៅ​ភ្នំពេញ និង​មក​ពី​បណ្ដា​ខេត្ត​សរុប​ប្រមាណ​៦៦​រូប​ឱ្យ​បង្ហាញខ្លួន​ក្នុង​វេទិកា​ប្រកួតប្រជែង​ដែល​បាន​ធ្វើ​ឡើង ខណៈ​ដែល​អ្នក​ប្រណាំង​ម៉ូតូ​ប្រមាណ​៣០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​ក៏​ជ្រើស​យក​ទីលាន​ដែល​លោក​បង្កើត​ឡើង​ប្រកួត​គ្នាស្ទើរ​ជា​រៀងរាល់ថ្ងៃ ។ កម្លាំង​ម៉ូតូ​ដែល​ទីលាន​របស់​លោក​រក​ឃើញ​ជើង​ខ្លាំង​នៅ​ក្នុង​ពេល​នោះ​រួម​មាន កម្លាំង​ម៉ូតូ​ប្រភេទ​១១០CC, ១២៥CC, ១៥០CC និង​ធំ​ជាង​១៥០CC ដែល​ជា​ប្រភេទ​ម៉ូតូ​កែ​ច្នៃ ។ លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អ្នក​ប្រណាំង​ម៉ូតូ​តែ​៤​កម្រិត​ដូច​បាន​រៀបរាប់​ខាងលើ​ប៉ុណ្ណោះ ចំណែក​​ប្រភេទ​ផ្សេង​គឺ​មិនសូវ​មាន​ទេ ទើប​ក្នុង​ពេល​បើក​ប្រកួត​ទីលាន​របស់​លោក​សម្រេច​យក​តែ​៤​ប្រភេទ​នោះ ដោយ​សូ​ម្បី​តែ​អ្នក​មក​ជួល​ទីលាន​របស់​លោក​ប្រណាំង​ម៉ូតូ ឬ​ហ្វឹកហាត់​ជិះ​ម៉ូតូ ក៏​ច្រើន​តែ​ក្នុង​ប្រភេទ​កម្លាំង​ម៉ូតូ​ដែល​បាន​កំណត់​នោះ​ដែរ ។

លោក​ថា តាំងពី​បើក​ដំណើរការ​ទីលាន លោក និង​សហព័ន្ធ​កីឡា​ប្រណាំង​ម៉ូតូ​កម្ពុជា​ទើបតែ​បាន​រួម​គ្នា​បើក​ការ​ប្រកួត​ផ្លូវការ​បាន​មួយ​លើក​ប៉ុណ្ណោះ ដោយ​លោក​ប្រកាស​ថា
នឹង​រៀបចំ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​លើក​ស្ទួយ​វិស័យ​ប្រណាំង​ម៉ូតូ​ដែល​មិនសូវ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍ ឱ្យ​មាន​សន្ទុះ​ឈាន​ឡើង ។ លោក​បាន​ទាំង​ប្រកាស​ថា នឹង​ធ្វើ​ឱ្យ​ទីលាន King Track Circuit ក្លាយជា​ទីលានប្រណាំង​ម៉ូតូ​លំដាប់​អន្តរជាតិ មិន​តែ​ប៉ុណ្ណោះ​​លោកក៏​មាន​គម្រោង​រៀបចំ​ឱ្យ​មានការ​ប្រណាំង​ម៉ូតូ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​២០១៨​នេះ​ផង​ដែរ ។

លោក​ថា មក​ទល់​ពេល​នេះ ទីលាន​របស់​លោក​បាន​ទទួល​អ្នក​ជួល​ហ្វឹកហាត់​មិន​ក្រោម​១០​ម៉ូតូ​នោះ​ទេ​ក្នុង​១​ថ្ងៃ ដោយ​លោក​បាន​ទាំង​ចំណាយ​ការ​រៀបចំ​ប្រកួត​រៀង​រាល់​មួ​យ​ស​ប្ដា​ហ៍ម្ដង មួយ​ខែ​ម្ដង និង​៣​ខែ​ម្ដង ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​កីឡាករ ។ ទោះបី​យ៉ាងណា ក្រោយ​ការ​ប្រកាស​នេះ គេ​បែរជា​កត់សម្គាល់​ឃើញ​ទីលាន​របស់​លោក​មិន​សូវ​មាន​សកម្មភាព​ដូច​មុន​ទៅ​វិញ ។ ធៀប​នឹង​រយៈពេល​នៃ​ការ​បើក​សម្ពោធ​ភ្លាម​ៗ មក​ទល់​ពេល​នេះ គឺ​សកម្មភាព​មានការ​ប្រែប្រួល​មិន​ដូច​មុន​ទេ សូ​ម្បី​តែ​អ្នកចូលរួម​ហ្វឹក​ហាត់ និង​ចូលរួម​ប្រណាំងប្រជែង​ក៏​មិនសូវ​សស្រាក់សស្រាំ​ដែរ ។

លោក គង់ ធា​រ៉ា បាន​អះអាង​ថា ហេតុផល​ដែល​នៅ​ក្នុង​ទីលាន​របស់​លោក​មិនសូវ​មាន​សកម្មភាព​គគ្រឹកគគ្រេង​ដូច​ការ​ប្រកាស​ឡើង គឺ​ដោយសារ​តែ​លោក​ខ្វះ​ដៃគូ​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួតប្រជែង ឯ​អ្នក​ចង់​ហ្វឹកហាត់ និង​អ្នក​ចង់​ក្លាយជា​កីឡាករ​អាជីព​ក៏​មានការ​កាត់បន្ថយ​ដែរ ។ មក​ទល់​ពេល​នេះ លោក​បាន​ទទួលស្គាល់​ថា ទីលាន​របស់​លោក​ចាប់ផ្ដើម​ស្ងប់ស្ងាត់​ជាង​មុន ដោយសារ​តែ​ខ្វះ​ដៃគូ​រៀបចំ​ការ​ប្រកួត ក្នុង​ពេល​ដែល​លោក​ក៏​ចាប់ផ្ដើម​ទម្លាក់​ដៃ​ក្នុង​ការ​ប្រឹងប្រែង​ធ្វើ​ឱ្យ​វិស័យ​នេះ​ដើរទៅ​មុខ ដូច​អ្វី​ដែល​ធ្លាប់​អះអាង​នោះ​ផង​ដែរ ។ លោក​ថា ដើម្បី​ទាក់ទាញ​អ្នក​ចូល​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន ទី​១​លុះ​ត្រាតែ​មាន​កញ្ចប់​ហ្វ្រី​ដល់​អ្នក​ចង់​ហ្វឹកហាត់ និង​ត្រូវ​មានការ​លើកទឹកចិត្ត​ផ្សេង​ទៀត​សម្រាប់​អ្នកមាន​ទេព​កោសល្យ ប៉ុន្តែ​មក​ពី​កញ្ចប់​ទាំងនេះ​មិន​មាន ទើប​លោក​យល់​ថា​គឺជា​រឿង​លំបាក​មួយ ដោយសារ​តែ​លោក​ក៏​មិន​អាច​ចំណាយ​លុយ​រៀបចំ​ទីលាន​អស់​ប្រាក់​ខ្ទង់លាន ហើយ​បើក​ឱ្យ​ហ្វឹកហាត់​ដោយ​មិន​គិតថ្លៃ ខណៈ​ដែល​កីឡាករ​ដែល​មាន​លុយ​មក​ហ្វឹកហាត់ ក៏​ហ្វឹកហាត់​តាម​គ្នា និង​មិនសូវ​យូរអង្វែង ព្រោះតែ​គ្មាន​ការ​ជ្រោម​ជ្រែង​។

ធ្លាប់​មានការ​ទម្លាយ​ថា ហេតុផល​ដែល​ទីលាន​មួយ​នេះ មិន​មានការ​ប្រកួត​ធំដុំ​ជា​ថ្មី​ក្រោយ​បើក​ដំណើរការ គឺ​មិនមែន​ដោយសារ​តែ​ខ្វះ​ដៃគូ​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​គង់ ធា​រ៉ា មិន​បាន​ចំណាយ​ទុន​ដាំ​ស្មៅ និង​ធ្វើ​អគារ​ដើម្បី​ឱ្យ​កីឡាករ និង​អ្នក​ចូលរួម​មាន​ទីកន្លែង​ជ្រក​កំ​ដៅ ទើប​ដៃគូ​ដែល​ចង់​រៀបចំ​ការ​ប្រកួត​ជា​ប្រចាំ​នៅ​ក្នុង​ទី​លាន​របស់​លោក​មិន​អាច​ធ្វើ​បាន ។ ភាគី​ខាង​ម្ចាស់​ស្ពុ​ន​ស័​រ​ម្នាក់​ធ្លាប់​បាន​ទម្លាយ​ថា ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​បាន​សម្រេច​រៀបចំ​ការ​ប្រណាំង​ម៉ូតូ​ប្រចាំ​ស​ប្ដា​ហ៍​ដោយ​មាន​គម្រោង​ដាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​MY TV រួចរាល់​អស់ហើយ ប៉ុន្តែ​នៅ​ពេល​ខាង​ទូរទស្សន៍ និង​ក្រុមហ៊ុន​ដៃគូ​សម្រេចចិត្ត​បោះទុន គឺ​លោក​គង់ ធា​រ៉ា បែរជា​សម្រេច​ចិត្ត​រំសាយ​ទៅ​វិញ ។

ប្រភព​នោះ​បន្ត​ថា លោក គង់ ធា​រ៉ា ប្រកាស​រំសាយ​ដោយសារ​តែ​ហេតុផល​អ្នក​ចាប់ដៃ​ធ្វើ​កម្មវិធី​តម្រូវ​ឱ្យ​ដាក់​កីឡាករ​ចូល​ប្រណាំង​ដោយ​មិន​ប្រកាន់​បក្សពួក ហើយ​តម្រូវ​ឱ្យ​លោក​​គង់ ធា​រ៉ា បើក​ទីលាន​ឱ្យ​កីឡាករ​ដែល​មានឈ្មោះ​ចូល​ប្រកួត​ដោយ​ស្មើភាព ប៉ុន្តែ​លោក​បាន​ច្រានចោល ទើប​ការ​រៀបចំ​មួយ​នេះ​មិន​អាច​ទៅ​រួច ។ ប្រភព​នោះ​បន្ត​ថា ទី​លានប្រណាំង​ម៉ូតូ​ឯកជន មិន​អាច​ធ្វើ​ឱ្យ​កីឡា​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​ស្រួល​ទេ ដោយសារ​តែ​ទីលាន​ឯកជន​ពេល​ខ្លះ​ក៏​ធ្វើ​សកម្មភាព​ដើម្បី​តែ​ចំណេញ​មួយ​រយ​ភាគរយ មិន​អាច​ឱ្យ​អ្នកមាន​ជំនាញ​លើ​វិស័យ​នេះ​តស៊ូ​ចំណាយ​លុយ​ឱ្យ​មាន​និរន្តរ​ភាព​ទៅ​បាន ។ អ្នកវិភាគ​ទាមទារ​ឱ្យ​សហព័ន្ធ​កីឡា​នេះ រក​ជំនួយ​បង្កើត​ឱ្យ​បាន​ទីលាន​មួយ​ផ្ទាល់ខ្លួន ហើយ​បើកឱកាស​ឱ្យ​អ្នក​ចង់​ក្លាយជា​កីឡាករ​ហ្វឹកហាត់​ដោយ​ស្មើភាព ទើប​អាច​រក្សា និង​រក​ឃើញ​អ្នក​ខ្លាំង​ក្នុង​វិស័យ​នេះ​ដោយ​ពិតប្រាកដ​បាន ។

យ៉ាងណាមិញ មន្ត្រី​សហព័ន្ធ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ខ្លួន​មិន​ទាន់​មាន​លទ្ធភាព​បង្កើត​ទីលាន​ផ្ទាល់ខ្លួន​បាន​ទេ ប៉ុន្តែ​ក្នុង​ពេល​ដ៏​ខ្លី​អាច​នឹង​មាន​តម្រុយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ