ខេត្តស្វាយរៀង ៖ បុរសម្នាក់បង់សំណាញ់នៅក្នុងទន្លេវ៉ៃគោមិនបានត្រីបែរជាបានកាំភ្លើងយកប្រគល់ឲ្យសមត្ថកិច្ច ហើយបានប្រាប់សមត្ថកិច្ចថា ពេលទៅបង់សំណាញ់ស្រាប់តែជាប់អីធ្ងន់ៗស្មានថា ជាត្រីធំមានអីដល់ពេលលើកឡើងលើគោកគឺជាកាំភ្លើងមិនដឹងអ្នកណាគេយកមកបោះចោលតាំងពីកាលណានោះទេក៏រាយការណ៍ទៅកាន់សមត្ថកិច្ចឱ្យចុះមកពិនិត្យមើល និងយកទៅរក្សាទុក ។ ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅក្នុងទន្លេវ៉ៃគោស្ថិតនៅភូមិ ក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋម្នាក់ឈ្មោះ ខាំ រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានដើរបង់សំណាញ់ក្នុងទន្លេវ៉ៃគោស្រាប់តែមិនដឹងជាប់អីនោះទេគឺធ្ងន់ៗ ក៏បានលើកសំណាញ់ឡើងមកមើលតើជាអ្វីតាមការពិតគឺជាកាំភ្លើងមួយដើមម៉ាក AK47 ស្វាយបត់ គ្មានបង់ និងឡើងច្រេះចាប់ទៅហើយមិនដឹងគេបោះចោលប៉ុន្មានឆ្នាំនោះទេ ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រោយពីបង់សំណាញ់បានកាំភ្លើងរួចមកក៏បានរាយការណ៍ និងប្រគល់កាំភ្លើងឲ្យសមត្ថកិច្ចតែម្តងទៅ ។ ហើយបច្ចុប្បន្នកាំភ្លើងខាងលើត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យនគបាលនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀងយកទៅរក្សាទុកហើយ ៕
ចែករំលែកព័តមាននេះ