ក្រុងប៉ោយប៉ែត ៖ ស្ត្រីក្រមុំខ្មែរម្នាក់បានអះអាងថា នាងត្រូវឪពុកមាថ្លៃជាជនជាតិសៀមចាប់រំលោភបានសម្រេច កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ មីនា និងរត់មកទឹកដីខ្មែរវិញទាំងយប់ឆ្លងកាត់បន្ទាត់ព្រំដែន ហើយនៅព្រឹកថ្ងៃទី១៣ មីនា ឪពុកម្តាយរបស់នាងបាននាំមកដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តប៉ូលិសរដ្ឋបាលអូរបីជាន់ឱ្យជួយរកយុត្តិធម៌ ។
នាងក្រមុំរងគ្រោះដែលមានអាយុ១៧ឆ្នាំបានប្រាប់ថា នាងត្រូវឪពុកមាថ្លៃជាជនជាតិសៀមចាប់រំលោភនៅក្នុងភូមិណងចាន់ ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ខណៈម្តាយមីងនាងមិននៅផ្ទះដោយរវល់មកទិញស្រូវនៅឯខេត្តបាត់ដំបង ។ មុនហេតុការណ៍កើតឡើង គឺនៅម៉ោងប្រហែល២រំលងអធ្រាត្រ ខណៈនាងកំពុងដេក ស្រាប់តែឪពុកមាជាជនជាតិសៀមនោះមកគោះទ្វារផ្ទះ ដោយកុហកថា ភ្លេចកាបូបលុយក្នុងផ្ទះ ហើយនាងក៏បើកទ្វារឱ្យចូល ។ បន្ទាប់ពីបើកទ្វារស្រាប់តែឪពុកមាសៀមនោះចាប់នាងមួល.ក ប្រាប់ថា មិនឱ្យស្រែក ហើយដោយសារភ័យខ្លាច ព្រោះគ្មានអ្នកណាម្នាក់នៅជិត ក៏ទ្រាំរហូតគេរំលោភបានសម្រេច ។ នាងប្រាប់ថា ក្រោយពីត្រូវរំលោភហើយនាងក៏លួចចេញតាមបង្អួចរត់មកដីខ្មែរវិញ ទាំងយប់ ។
ចំណែកឪពុកម្តាយនាងក្រមុំរងគ្រោះបានប្រាប់ថា កូនស្រីគាត់បានទៅរស់នៅជាមួយម្តាយមីងគេប្រហែលមួយសបា្តហ៍ហើយ ដើម្បីជួយការងារផ្ទះ ព្រោះប្អូនស្រីគាត់រវល់ដើរទិញស្រូវនៅក្នុងដីខ្មែរយកទៅលក់នៅដីសៀម ។ ឪពុកនារីរងគ្រោះបន្តថា ប្អូនស្រីគាត់ឈ្មោះ ខឿត សុភាព បានប្តីជាជនជាតិសៀម ឈ្មោះណាយ ប៊ុនលាង ធាងឡាយ ហើយទៅរស់នៅក្នុងទឹកដីសៀម ក្នុងភូមិខាងលើជាច្រើនឆ្នាំមកហើយ ។ មុនពេលគាត់នាំកូនមកប្តឹងប៉ូលិសប៉ុស្តិ៍ នៅទីនេះ គឺពួកគាត់បានទៅផ្ទះកើតហេតុក្នុងភូមិសៀមដែរ ប៉ុន្តែមិនឃើញប្អូនថ្លៃអប្រិយនោះនៅផ្ទះទេ ។
តាមឪពុកម្តាយនាងក្រមុំរងគ្រោះបានឱ្យដឹងទៀតថា មកដល់ព្រឹកថ្ងៃទី១៣ មីនា ប្អូនស្រីគាត់ខឿត សុភាព ក៏ពុំទាន់វិលត្រឡប់ពីដើរទិញស្រូវនៅឯខេត្តបាត់ដំបងនៅឡើយដែរ ។ ចំណែកនាងរងគ្រោះប្រាប់ថា ក្រោយពីត្រូវឪពុកមាជាជនជាតិសៀមនោះចាប់រំលោភ នាងក៏បានដើរកាត់ពីភូមិណង់ចាន់ ចេញតាមច្រករបៀងទំនប់ដាច់ ស្ថិតក្នុងភូមិទំនប់ដាច់រហូតដល់ម៉ោង៧ព្រឹកទើបមកដល់ដីខ្មែរ ។ លោកខាំ យ៉ាន នាយរងប៉ុសិ៍្តអូរបីជាន់បានប្រាប់កោះសន្តិភាពថា ជាគោលការណ៍របស់ថ្នាក់លើ គឺក្រោយពីធ្វើកំណត់ហេតុរួច ត្រូវឱ្យលោកកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីមានវិធានការបន្ត ព្រោះអ្នកប្រព្រឹត្តជាជនជាតិសៀម ៕
ចែករំលែកព័តមាននេះ