ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូមួយគ្រឿងបានបើកទៅបុករថយន្តចំពាក់កណ្តាលរថយន្តខណៈពេលកំពុងបត់ បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៣ មីនា ឆ្នាំ២០១១ លើផ្លូវជាតិលេខ៦ ចម្ងាយ១០គីឡូម៉ែត្រ ពីផ្លូវចូលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិតារាងបាល់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ចំពោះរថយន្តដែលបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស-បៃតង ផ្ទុកទំនិញធុនធ្ងន់ បើកបរដោយឈ្មោះជឺង ប៊ុនដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែកម៉ូតូម៉ាកហុងដា ឌ្រីម ធុន C125 ពណ៌ខ្មៅ ស៊េរី២០១០ បើកបរដោយឈ្មោះវ៉ាន់ សល ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមការឱ្យដឹងពីសាក្សីនៅកន្លែងកើតហេតុនិយាយថា មុនពេលកើតហេតុ រថយន្តបង្កបានបើកបរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចខាងលើបានឈប់ចត បន្ទាប់មកក៏បើកបត់ក្បាលត្រឡប់មកក្រោយវិញ ទើបបានពាក់កណ្តាលថ្នល់ ស្របពេលនោះ អ្នកបើកបរម៉ូតូមកដល់ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តបណ្តាលឱ្យមនុស្ស និងម៉ូតូដួលនៅជាប់នឹងរថយន្តរងរបួសបែកក្បាលផ្នែកខាងក្រោយ សន្លប់ធំ ហើយត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋានដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ ។
តាមប្រភពពីមន្ត្រីប៉ូលិសចរាចរខេត្តបានឱ្យដឹងថា មូលហេតុដែលនាំឱ្យគ្រោះថ្នាក់នេះគឺ បណ្តាលមកពីអ្នកបើកបររថយន្តមុនពេលបត់មានការធ្វេសប្រហែស ឯអ្នកបើកបរម៉ូតូក៏បើកល្បឿនលឿនមិនមើលឧបសគ្គខាងមុខ ម្យ៉ាងទៀត មានមួកសុវត្ថិភាព ហើយបែរជាមិនពាក់ដាក់ទុកនៅនឹងកន្ត្រកម៉ូតូទៅវិញ នេះជាមេរៀនដល់ប្រជាពលរដ្ឋដែលមានមួកសុវត្ថិភាពហើយមិនពាក់។ បច្ចុប្បន្នវត្ថុតាងបង្កគ្រោះថ្នាក់សមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្តរង់ចាំការដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ