ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្ត​ភ្នំ និង​សន្តិសុខ​នា​ថ្ងៃ​បុណ្យចូលឆ្នាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្ត​ភ្នំ នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​០៣​ថ្ងៃ​កន្លង​មកនេះ មានការ​ចូលរួម​ពី​មហាជន​យ៉ាងច្រើន​កុះករ គឺ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​ជា​ពិសេស​ជនបរទេស ដែល​បាន​ចូលរួម​កម្សាន្ត…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្ត​ភ្នំ នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​០៣​ថ្ងៃ​កន្លង​មកនេះ មានការ​ចូលរួម​ពី​មហាជន​យ៉ាងច្រើន​កុះករ គឺ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​ជា​ពិសេស​ជនបរទេស ដែល​បាន​ចូលរួម​កម្សាន្ត ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​មេ​សា​នេះ​ថា ឆ្នាំ​នេះ​២០១៨​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ បាន​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ទទួល​ទេវតា​ព្រះ​នាម មហា​ធ​រៈ​ទេវី ដែល​បាន​ផ្លាស់​សង្ក្រាន្ត​ចាស់​ចូល​មក​ឃុំគ្រង​ភព​ផែនដី​ក្នុង​សង្ក្រាន្ត​ថ្មី​ឆ្នាំច​នេះ វត្ត​ភ្នំ​បាន​ផ្តល់​ជាទី​កន្លែង​ជួបជុំ​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​បាន​ចូលរួម​កម្សាន្ត​សប្បាយ​ជាមួយនឹង​ពិព័រណ៍​ផ្ទះ​បុរាណ ផលិតផល​កសិផល​ខ្មែរ ល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ និង​ការ​សម្តែង​សិល្បៈ​ចម្រុះ​ប្រកបដោយ​បរិយាកាស​សប្បាយ​ក្រៃ​លែង​។

លោក​បន្ត​ថា សម្រាប់​មហាសង្ក្រាន្ត​វត្ត​ភ្នំ​ឆ្នាំ​នេះ មាន​មហាជន​ចូលរួម​កម្សាន្ត​យ៉ាងច្រើន​កុះករ​នឹង​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រកបដោយ​ស្នាមញញឹម និង​សម្រែក​សើច​ក្អាកក្អាយ របស់​ពុក​ម៉ែ ពូ​មីង បងប្អូន បាន​ធ្វើ​ឱ្យ​វត្ត​ភ្នំ មាន​មោទនភាព​យ៉ាង​ខ្លាំង​ឯ​ក្រុមការងារ​រៀបចំ​ក៏​បាត់​អស់​នូវ​ភាព​នឿយហត់​ព្រមទាំង​ទទួល​បាន​មក​វិញ​នូវ​កម្លាំងចិត្ត​ដែល​ពិបាក​នឹង​ពណ៌នា​។ លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះបី​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​លេង​ស្រុក​កំណើត ឬ​ទៅ​ក​ម្សា​ន​សប្បាយ​តៅ​តាម​រមណីយដ្ឋាន​តាម​បណ្តារ​ខេត្ត​នានា ប៉ុន្តែ​ពួក​គាត់​បាន​បន្សល់​ទុក​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​បន្ទុក​របស់​អាជ្ញាធរ​ក្នុង​ការ​រក្សា​ការពារ​ជូន​ពួក​គាត់​ឲ្យ​បាន​គង់វង្ស​។ ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​បាន​ទៅ​តាម​បណ្តាល​ខេត្ត ពួក​គាត់​បាន​ចូលរួម​កម្សាន្ត​សប្បាយ​រីករាយ ជាមួយ​សង្ក្រាន្ត​វត្ត​ភ្នំ​ពិតជា​មាន​ភាព​សប្បាយ​រីករាយ និង​មិន​មាន​បាតុភាព​អ្វី​កើតឡើង​នោះ​ឡើយ​។ ជា​ពិសេស​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ដូច​ជា ចោរលួច ចោរ​គាស់​ផ្ទះ ចោរប្លន់ និង​ករណី​លូក​ហោប៉ៅ ក៏​មិន​មាន​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។

លោក​បន្ត​ថា សង្ក្រាន្ត​វត្ត​ភ្នំ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​អាច​ខ្វះ​បាន​ពី​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​នៃ​សន្តិភាព ដែល​បាន​កើតឡើង និង​កំពុង​ថែរក្សា​ការពារ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​ការ​ចូលរួម​ពី គណៈ​អភិបាល​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មន្ត្រីរាជការ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ ដែល​បាន​ទទួល​ដឹកនាំ​សហការ និង​ចូលរួម រៀបចំ​កម្មវិធី​សង្ក្រាន្ត​វត្ត​ភ្នំ​នេះ បាន​ទទួល​ជោគជ័យ និង​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង​។ លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា សម្រាប់​ស​ង្ក្រា​ន​វត្ត​ភ្នំ​ឆ្នាំ​នេះ ស្រប​ពេល​ធាតុអាកាស​ក្តៅ និង​ធ្វើ​ពិធី​ស្រង់​ព្រះ​ផង​នោះ មានការ​បាញ់​ទឹក​លេង​កម្សាន្ត​រួម​ជាមួយ​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​ត្រជាក់ត្រជុំ​ផង​ដែរ​។ ចំណែកឯ​ស្ថានភាព​ចរាចរណ៍​វិញ នៅ​តាម​ផ្លូវជាតិ​ទាំង​៦​ដែល​ជា​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ មាន​ភាព​ប្រសើរ គឺ​មិន​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ខ្លាំង​នោះ​ទេ ជា​ពិសេស​ច្រក​ចេញចូល​ចំនួន​៥ ប៉ុន្តែ​សម្រាប់​ច្រក​ចេញចូល​ផ្លូវជាតិ​លេខ​៦ ទោះបី​ស្ពាន​ជ្រោយចង្វារ​មាន​តែ​ស្ពាន​មួយ។

ប៉ុន្តែ​មានការ​សម្របសម្រួល​ចរាចរណ៍​ពី​ក្រុម​សមត្ថកិច្ច​យ៉ាង​យកចិត្តទុកដាក់ ផង​នោះ គឺ​មានការ​កកស្ទះ​ខ្លះ​តែ​មិន​ជាប់​គាំង​យូរ​នោះ​ទេ អាច​ធ្វើ​ចរាចរណ៍​បាន​ដោយ​រលូន​។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សង្ក្រាន្ត​វត្ត​ភ្នំ​រយៈពេល​០៣​ថ្ងៃ រដ្ឋបាល​រាល​ជ​ធានី​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​សាសនា​ចំនួន ០៣​គឺ ការ​គោរព​អ្នកតា​ភូមិ ការ​ពូន​ភ្នំខ្សាច់ និង​ការ​ស្រង់​ព្រះ ក្រៅពី​នេះ បាន​រៀបចំ​លេងល្បែង​ប្រជាប្រិយ​ចំនួន​១៦​ប្រភេទ រួម​មាន​៖ បោះ​អ​ង្គុ​ញ ចោល​ឈូង ទាញ​ព្រ័ត វាយក្អម ដណ្តើម​ស្លឹកឈើ ចាប់កូនខ្លែង លាក់កន្សែង ខាំ​ប៉ិ​គួ ចំប៉ា​ចំប៉ី លោត​បាវ ពាំ​ពងមាន់ អូស​ស្រទបស្លា ទូល​ក្អម វាយ​ឆ្នាំង​ជាដើម បាន​រៀបចំ​ដាក់​តាំង​បង្ហាញ​នូវ​ប្រភេទ​ផ្ទះ​ខ្មែរ​ដូច​ជា ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោល និង​វត្ថុ​សិល្បៈ​ដូច​ជា ភ្លេងខ្មែរ សម្ភារ​ធ្វើ​ពី​ឥដ្ឋ និង​សិប្បកម្ម​ធ្វើ​ពី​ក្រមា និង​ផលិតផល កសិផល និង​នំ​ខ្មែរ ដើម្បី​ជូន​ប្រជាពលរដ្ឋ​ទស្សនា ទិញ​ទុកជា​អនុស្សាវរីយ៍ និង​ទទួលទាន រៀប​ចំការ​សម្តែង​ជូន​ទស្សនា នូវ​របាំ​ក​ន្ទ្រឹ​ម​សាគរ របាំ​ត្រុដិ និង​ការ​ប្រគំ​តន្ត្រី​សម្រាប់​ប្រជាពលរដ្ឋ​រាំ​លេង​កម្សាន្ត​សប្បាយ​។

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ​កន្លង​មកនេះ មានការ​សន្និដ្ឋាន និង​វាយតម្លៃ កោតសរសើរ​ពី​ប្រជាពលរដ្ឋ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀបចំ​បាន​ល្អ​ទាំង​សន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់​បាន​បទល្មើស​នានា​ពិសេស បាតុភាព​ដូច​ជា ដុត​ផាវ និង​គ្រឿងផ្ទុះ​ផ្សេង​ៗ​ឡើយ និង​បាន​រៀបចំ​កន្លែង​សប្បាយភាព កន្លែង​លេង​សិល្បៈ កន្លែង​លក់ដូរ និង​ទីតាំង​តាម​វត្ត​អារាម បាន​ល្អ​ប្រសើរ កាត់​បន្ថយ​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ ធានា​រក្សា​បាន​នូវ​សណ្តាប់​សាធារណៈ​បាន​ល្អ​ប្រសើរ ពិសេស​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុង​រាជធានី​ភ្នំពេញ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ធ្វើ​ឱ្យ​កាត់​បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ពិសេស​គ្រោះ​អគ្គិភ័យ មិន​ឱ្យ​កើត​មាន​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ