ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ចរា​ចរ​សហ​ការ​ជា​​មួយ​​យុវ​ជន​​​កាក​បាទ​​ក្រហម​​​ស្ម័គ្រ​​ចិត្ត​​ផ្សព្វ​​ផ្សាយ​​ច្បាប់​​ចរា​ចរណ៍

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្រោយ​ពី​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ធរ​មាន​ហើយ​នោះ​ នៅ​មាន​បុគ្គ​ល​មួយ​ចំនួន​​ពុំ​ទាន់​គោរព​ច្បាប់​ចរា​ចរណ៍នេះ​នៅ​ឡើយ​ទេ ដូច​ជា​​អ្នក​បើក​​បរ​ម៉ូតូ​ខ្លះ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ម៉ូតូ​គ្មាន​​កញ្ចក់​​មើល​ក្រោយ និង​គ្មាន​ស្លាក​លេខ​ ​ហើយ​អ្នក​បើក​បរ​រថយន្ត​ខ្លះ​បាន​បើក​ហួស​ល្បឿន​កំណត់​ ក្នុង​ច្បាប់​ឱ្យ​បើក​តែ​៤០​គីឡូ​​​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ​នៅ​ក្នុង​ទី​ប្រជុំ​ជន និង​ក្រៅ​ទី​ប្រជុំ​ឱ្យ​​បើក​បរ​ត្រឹម​តែ​៦០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ។

​ទន្ទឹម​នឹង​​នោះ​ផង​ដែរ អ្នក​បើក​បរ​​យាន​យន្ត ឬ​ទោ​ចក្រ​យាន​យន្ត​មួយ​ចំនួន​ បាន​ផ្ទុក​ទំនិញ​​ហួស​កំណត់​​ដឹក​សំពីង​សំពោង​ធ្វើ​ឱ្យ​បាត់​បង់​​​សណ្តាប់​ធ្នាប់​​ដែល​ក្នុង​នោះ​ក៏​មាន​​រថយន្ត​ផ្ទុក​ទំនិញ​ធំៗ ​បាន​កែ​ច្នៃ​​​ត​កន្ទុយ​​ខុស​លក្ខណៈ​បច្ចេក​ទេស​ ហើយ​​ក៏​មាន​បុគ្គ​ល​ខ្លះ​បើក​បរ​មាន​ជាតិ​ស្រវឹង​ដែល​​កត្តា​ទាំង​អស់​នេះ​ហើយ បង្ក​ឱ្យ​កើត​​មាន​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ជា​ញឹក​ញាប់​ បណ្តាល​ឱ្យ​​មនុស្ស​​រង​របួស​ក្លាយ​ជា​ជន​ពិការ​ និង​ស្លាប់​គួរ​​ឱ្យ​រន្ធត់​ ក្នុង​នោះ​ធ្វើ​​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ និង​ទ្រព្យ​សម្បត្តិ​​សាធា​រណៈ​ជា​ច្រើន​​ផង​ដែរ។ ​ដូច្នេះ ដើម្បី​ឱ្យ​ការ​គោរព​ច្បាប់​ចរា​ចរណ៍​​ផ្លូវ​គោក​​នេះ​មាន​ប្រសិទ្ធ​ភាព​ និង​តម្លា​ភាព​​នោះ​​នៅ​ព្រឹក​​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១១ ​កម្លាំង​​ជំនាញ​​ចរា​ចរ​ខេត្ត​​បន្ទាយ​មាន​ជ័យ ចំនួន​១៥​នាក់ បាន​សហ​ការ​ជា​មួយ​ក្រុម​យុវ​ជន​កាក​បាទ​ក្រហម​កម្ពុជា​ស្ម័គ្រ​ចិត្ត​ចំនួន​១៥​នាក់ បាន​ចុះ​ពង្រឹង​ និង​ផ្សព្វ​ផ្សាយ​​នូវ​ច្បាប់​​ចរា​ចរណ៍​​ផ្លូវ​គោក​ និង​ចែក​នូវ​ខិត្ត​ប័ណ្ណ​ជូន​ដល់​មហា​ជន ប្រជា​ពល​រដ្ឋ និង​អ្នក​បើក​បរ​​​​ទោ​ចក្រ​យាន​យន្ត​ ​និង​យាន​យន្ត​គ្រប់​ប្រភេទ​ ​ឱ្យ​បាន​យល់​ជ្រួត​ជ្រាប​ផង​ដែរ ហើយ​នឹង​ចូល​រួម​អនុ​វត្ត​​​ច្បាប់​ចរា​ចរណ៍​ ដើម្បី​កាត់​បន្ថយ​​​អត្រា​នៃ​ការ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។

លោក​វរ​សេនីយ៍​ត្រី គី មករា និង​លោក​វរ​សេនីយ៍​ត្រី សន គឹម​សួគ៌​ ​នាយ​រង​ការិយា​ល័យ​​ចរា​ចរ​ជើង​គោក​ខេត្ត​បាន​ឱ្យ​ដឹង​ថា ដោយ​អនុ​វត្ត​តាម​បទ​បញ្ជា​​របស់​លោក​ឧត្តម​សេនីយ៍​​ស្នង​ការ និង​ការ​​បញ្ជា​​ផ្ទាល់​​ពី​​លោក​នាយ​ការិយា​ល័យ​​ចរា​ចរណ៍​ខេត្ត​ លោក​បាន​ដឹក​នាំ​កម្លាំង​ជំនាញ​​ដោយ​សហ​ការ​ជា​មួយ​យុវ​ជន​​ស្ម័គ្រ​ចិត្ត​កាក​បាទ​ក្រហម​​កម្ពុជា ចុះ​​ផ្សព្វ​ផ្សាយ​​ និង​ចែក​ខិត្ត​ប័ណ្ណ​​ច្បាប់​​ចរាចរណ៍​តាម​ទី​ប្រជុំ​ជន និង​ភ្លើង​ស្តប់ ។ ក្នុង​ខិត្ត​ប័ណ្ណ​ដែល​ផ្សព្វ​ផ្សាយ​នោះ គឺ​ ណែ​នាំ​ឱ្យ​អ្នក​​បើក​បរ​ទោ​ចក្រ​យាន​យន្ត​ និង​យាន​យន្ត​គ្រប់​ប្រភេទ​​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ ហាម​បើក​បរ​​​ហួស​ល្បឿន​កំណត់ ឬ​​ក្រោម​ឥទ្ធិ​ពល​នៃ​ជាតិ​ស្រវឹង​ដែល​ប្រឈម​មុខ​នឹង​ការ​គ្រោះ​ថ្នាក់​ទទួល​ការ​ផាក​ពិន័យ​ ឬ​ផ្តន្ទាទោស​​តាម​ច្បាប់​​ ហាម​ផ្ទុក​លើស​ចំណុះ ឬ​សំពីង​សំពោង​​ជា​ហេតុ​បណ្តា​ឱ្យ​​កើត​មាន​គ្រោះ​ថ្នាក់​ជាយ​ថា​ហេតុ ៕