ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី ស្ងាត់​ដំណឹង​មង្គលការ ​ស្រប​ពេល​លាឈប់​​កាន់តែ​ច្បាស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាំងពី​ពេល​ចេញ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​កាលពី​ជិត​២​ឆ្នាំ​មុន​ម្ល៉េះ ដែល កីឡាការិនី​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​មាន​គម្រោង​លាឈប់​ពី​អាជីព​របស់​ខ្លួន​ទាំងស្រុង ពោល​គឺ​ក្រោយ​ពី​បង្ហាញមុខ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ជា​ថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ ៖ តាំងពី​ពេល​ចេញ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​កាលពី​ជិត​២​ឆ្នាំ​មុន​ម្ល៉េះ ដែល កីឡាការិនី​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​មាន​គម្រោង​លាឈប់​ពី​អាជីព​របស់​ខ្លួន​ទាំងស្រុង ពោល​គឺ​ក្រោយ​ពី​បង្ហាញមុខ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ជា​ថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំ​២០២០ ។ ជាមួយ​គ្នា​នោះ នាង​ក៏​ប្រកាស​ឱ្យ​ដឹង​ពី​គម្រោង​រៀប​ការ​ដើម្បី​កសាង​សុភមង្គល​ផ្ទាល់ខ្លួន ស្របគ្នា​នឹង​ការ​ប្រកាស​លាឈប់​ពីតេ​ក្វា​ន់​ដូ​ផង​ដែរ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះដំណឹង​មង្គលការ​របស់​នាង​ហាក់​ស្ងាត់បាត់​ឈឹងសូ​ម្បី​តែ​នាង​ក៏​លែង​ចង់​និយាយ​ស្ដី​ពី​រឿង​នេះដែរ​។

ស៊ន សៀវ​ម៉ី បាន​អះអាង​នា​ពេល​នោះ​ថា ប្រហែលជា​៤​ឆ្នាំ​ក្រោយ​អំឡុង​ឆ្នាំ​២០២០​ខាង​មុខ​នេះឯង គឺ​បន្ទាប់​ពី​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ជា​ថ្មី​ម្ដងទៀត នាង​នឹង​សម្រេច​ចិត្ត​មាន​ប្ដី​មានកូន​មិន​ខុស​ពី​នារី​ភាគច្រើន​ដើម្បី​កសាង​គ្រួសារ ។ នាង​ថា គូ​ស្នេហ៍​របស់​ខ្លួន​នឹង​កំណត់​ឱ្យ​រង់ចាំ​នាង​បញ្ចប់​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​៤​ឆ្នាំ​បន្ទាប់ ហើយ​នៅ​ក្នុង​ពេល​នោះ​គឺ​នាង​នឹង​ឈប់​ឱ្យ​ដាច់​តែ​ម្ដង​ពី​អាជីព​ជា​កីឡាការិនី​ផ្នែក​តេ​ក្វា​ន់​ដូ ។ នាង​ថា ខ្លួន​មិន​ចូល​ចិត្ត​ធ្វើ​ជា​អ្នក​បង្វឹក ឬ​បង្ហាត់​សិស្ស​នោះ​ទេ ទើប​នាង​គិត​ថា បើ​នាង​ឈប់​ធ្វើ​ជម្រើសជាតិ គឺ​ឈប់​តែ​ម្ដង​ពី​អាជីព​កីឡា​មួយ​នេះ ។ នាង​លើក​ហេតុផល​ជា​ច្រើន​មក​បញ្ជាក់​ថា វ័យ​នាង​ទម្រាំ​ដល់​៤​ឆ្នាំ​ទៀត ក៏​សម​ល្មម​នឹង​ផ្អាក​ការ​តស៊ូ​ហើយ​ក្នុង​ពេល​ដែល​នាង​មាន​ស្វាមី​ទៅ​ហើយ​នាង​ក៏​មិន​ចង់​ប្រកួត ឬ​ប្រឹង​បង្ហាត់​សិស្ស​អី​ដែរ ។

កីឡាការិនី​វ័យ​២៣​រូប​នេះ​បន្ត​ថា​៖«​សម្រាប់​ខ្ញុំ​បើ​មាន​ប្ដី​គឺ​ខ្ញុំ​អត់​ចង់​នៅ​ពាក់ព័ន្ធ​អី​នឹង​តេ​ក្វា​ន់​ដូ​ទេ​ព្រោះ​ខ្ញុំ​អត់​ចូល​ចិត្ត​បង្ហាត់​សិស្ស​ដូច​បង​ៗ​ខ្ញុំ ។ ឱ្យ​តែ​ការ​ហើយ​គឺ​ចប់​ហ្មង​អាជីព​កីឡា ត្រង់​នឹង​ហើយ​ដែល​ខ្ញុំ​សុំ​ឱ្យ​ចាស់ទុំ​លើក​គម្រោង​ភ្ជាប់ពាក្យ និង​រៀប​ការ​នៅ​៤​ឆ្នាំ​ទៀត ព្រោះ​ខ្ញុំ​អត់​ចង់​មាន​ប្ដី​ហើយ​នៅ​ប្រកួត​អី​ទេ តែ​មាន​ប្ដី​គឺ​ឈប់​ហើយ​!» ។ នេះ​ជា​ការ​លើក​ឡើង​មួយ​ថ្មី​ដែល​ធ្វើ​ឱ្យ​គេ​ដឹង​ថា រវាង​សុភមង្គល​គ្រួសារ និង​តេ​ក្វា​ន់​ដូ គឺ​ស្ថិត​នៅ​ម្ខាង​ម្នាក់​សម្រាប់​កីឡាការិនី​រូប​នេះ ។

ស៊ន សៀវ​ម៉ី បញ្ជាក់​ថា ក្រោយ​បញ្ហា​របួស​ជើង​បាន​ធូរ​ជាង​មុន នាង​នៅ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត ប៉ុន្តែ​នាង​គ្មាន​សង្ឃឹម​ថានឹង​បានជា​ដូច​ដើម​ទេ​ទោះបី​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ក្ដី ។ ជាមួយនឹង​ស្ថានភាព​របួស​ដែល​មិន​អាច​ឱ្យ​នាង​ប្រឹងប្រែង​ហាត់​ខ្លាំង​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​នាង​ត្រូវ​បង្ខំចិត្ត​ប្រកាស​ជំហរ​លាឈប់ ដោយ​​គ្មាន​ការ​ប្រែប្រួល លើកលែងតែ​មាន​លក្ខខណ្ឌ​ណាមួយ​ដែល​ធ្វើ​ឱ្យ​នាង​កែប្រែ​ខុស​ពី​នោះ​កើតឡើង ។

ផ្ទុយ​ទៅ​វិញ សម្រាប់​គម្រោង​មង្គលការ នាង​បែរជា​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​លាត​ត្រដាង ដោយ​នាង​បញ្ជាក់​យ៉ាង​ខ្លី​ថា​មិន​ទាន់​ចង់​និយាយ និង​ចង់ឱ្យ​មហាជន​ចាំ​អ៊ុត​ទៅ​វិញ​ថា​នាង​ចូល​រោងការ​ជាមួយ​អ្នក​ណា ហើយ​នៅ​ពេល​ណា។ នាង​ថា ជីវិត​ស្នេហា​គឺ​នាង​​ត្រូវ​តែ​មាន ប៉ុន្តែ​នាង​ហាក់​មិន​ទាន់​កំណត់​ដោយ​ខ្លួនឯង​បាន​ទេ គឺ​មាន​តែ​រង់ចាំ​ពេល​វេលា និង​កាលៈទេសៈ​តែ​ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​គឺ​អាច​បណ្ដាល​មក​ពី​នាង​ស្រឡាញ់​កីឡា​ខ្លាំងក្លា ហើយគូស្នេហ៍​របស់​នាង​មិន​ចង់ឱ្យ​នាង​វាយ​ស៊ប់​នឹងអាជីព​មួយ​នេះ ។ ស៊ន សៀវ​ម៉ី បញ្ជាក់​ថា មានការ​តែ​ការ​លាឈប់​ប៉ុណ្ណោះ ទើប​អាច​ឱ្យ​នាង​សម្រេចចិត្ត​រៀប​ការ និង​មានគ្រួសារ​ដោយ​ពេញចិត្ត ទើប​នាង​ស្នើ​ឱ្យ​រង់ចាំ​រហូត​ដល់​ពេល​ដែល​នាង​បញ្ចប់​ការ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០​ទើប​នាង​ប្រកាស​ថា នឹង​រៀប​ការ​បាន​ពេល​ណា ហើយ​ជាមួយ​អ្នក​ណា​។

មក​ទល់​ពេល​នេះ នាង​ក៏​កាន់តែ​ស្រស់​ស្អាត​ប្លែក​ជាង​មុន​ដោយពេល​បង្ហាញខ្លួន​នៅ​ក្នុង ពិធី​មង្គលការ​មិត្ត​ភ​កិ្ត​ម្ដង​ៗ​ក៏​ធ្វើ​ឱ្យ​ទាក់ភ្នែក​អ្នក​ដែល​បានឃើញ​នាង​ផង​ដែរ ។ នាង​កម្រ​ឃើញ​បណ្ដើរ​គូស្នេហ៍​ដែល​បាន​ប្រកាស​ថា​ស្រឡាញ់ និង​ត្រៀមរៀប​ការ​ជាមួយ​គ្នា​ម្នាក់​នោះ​ខ្លាំង​ណាស់ ទើប​ធ្វើ​ឱ្យ​គេ​ពិបាក​ប៉ាន់ស្មាន​ពី​ទំនាក់ទំនង ក្នុង​ពេល​ដែល​នាង​ក៏​លែង​ចង់​និយាយ ហើយ​មិន​បញ្ជាក់​ឱ្យ​ដឹង​ពី​គម្រោង​ភ្ជាប់ពាក្យ និង​រៀប​ការ ។ បើ​ទោះជា​នាង​ជានា​រី​រាង​ខ្ពស់ស្រឡះ ហើយ​ល្បីឈ្មោះ ប៉ុន្តែ​គេ​នៅ​តែ​កត់​សម្គាល់ថា​នាង​ជានា​រី​សំបូរ​ស្នេហ៍​មិនធម្មតា​នោះ​ឡើយ ដោយ​បុរស​ជា​សង្សារ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​ធ្វើការ​ក្នុង​ក្រសួង​មួយ​ផង ក៏​សម​នឹង​នាង​ផង​ដែរ ដ្បិតថា​លោក​មាន​កម្ពស់​ទាប​ជាង​នាង​បន្តិច​ក្ដី ។

អ្នកគាំទ្រ​មានការ​អន្ទះសារ​ចង់​ឃើញ​តារា​ស្រី​ល្បីឈ្មោះ​ក្នុង​ពិភព​តេ​ក្វា​ន់​ដូ​រូប​នេះ ក្លាយជា​នារីដែល​បាន​រៀប​ការ និង​មាន​សុភមង្គល​ខ្លាំង​ណាស់ ទើប​ដំណឹង​រៀប​ការ​របស់​នាង​នៅ​តែ​មានការ​ចាប់អារម្មណ៍​តាមដាន ជា​ពិសេស​ក្នុង​ពេល​ដែល​នាង​ប្រកាស​ថា​នៅ​ឆ្នាំ​២០២០ នឹង​មានការ​បញ្ជាក់​កាន់តែ​ច្បាស់​ជាង​នេះ ។ ស៊ន សៀវ​ម៉ី បញ្ជាក់​ថា មង្គលការ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ បើ​នាង​រៀប​ការ​ត្រូវ​តែ​មាន​គម្រោង​ឱ្យ​ច្បាស់ ហើយ​នាង​មិន​អាច​ចាប់​យក​កីឡា​ផង និង​ស្វាមី​ផង​ក្នុង​ពេល​តែ​មួយ​បាន​ទេ ក្នុង​ពេល​ដែល​ការ​ប្រឡូក​អាជីព​តេ​ក្វា​ន់​ដូ​រាល់ថ្ងៃ នាង​ថា​ស្ទើរ​មិន​មាន​ពេល​សម្រាក ជា​ពិសេស​​ក្នុង​ពេល​ការ​ប្រកួត​រមែង​ចាប់ផ្ដើម​ម្ដង​ៗ ដែល​តម្រូវ​ឱ្យ​នាង​ត្រូវ​ចេញ​ក្រៅ​ប្រទេស ឬ​ចេញ​ទៅ​ហាត់​ឆ្ងាយ​គ្រួសារ ដែល​មិន​អាច​បំពេញ​តួនាទី​ជា​មេផ្ទះ​បាន ។

បើ​ទោះជា​នាង​មាន​ចំណូលចិត្ត​ផ្នែក​កីឡា​ខុស​ពី​ស្ត្រី​ភាគច្រើន ប៉ុន្តែ​នាង​ប្រាប់​ថា បើ​ខ្លួន​មាន​ស្វាមី គឺ​ត្រូវ​តែ​បោះបង់​ឱ្យ​អស់ ក្នុង​នោះ​មិន​ត្រឹមតែ​កីឡា​នោះ​ទេ គឺ​សូ​ម្បី​តែ​កិច្ចការ​ផ្ទះ និង​ការងារ​ជា​ស្ត្រី​មេផ្ទះ​ផ្សេង​ទៀត​ក៏​ត្រូវ​តែ​មាន​នោះ​ដែរ ។ នាង​សម្រេចចិត្ត​ថា ទាល់​តែ​នាង​លាឈប់​ពី​តេ​ក្វា​ន់​ដូ​ទើប​រៀប​ការ ហើយ​បាន​ប្រកាស​ថា បើ​គូស្នេហ៍​របស់​នាង​អាច​ចាំ​បាន គឺ​គូព្រេង តែបើ​ចាំ​មិន​បាន​ក៏​ចាត់​ទុក​ថា​ជា​រឿង​និស្ស័យ ដែល​ជា​មូលហេតុ​នាំ​ឱ្យ​នាង​មិន​ទាន់​ចង់​និយាយ​អ្វី​នៅ​ក្នុង​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ