ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ស្ដាប់​ប្រសាសន៍​ព្រ​ទ្ធា​ចា​រ្យ​ប្រដាល់​សាកល​​ដ៏​ល្បីឈ្មោះនិយាយ​អ្វីខ្លះ​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ព្រឹទ្ធាចារ្យ​ខាត់ ភិន អតីត​កីឡាករ​ប្រដាល់​សាកល​ដ៏​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៦០ បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​កីឡា​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ថា មានការ​រីក​ចម្រើន​ខ្លាំង ប៉ុន្តែ​លោក​បែរជា​មានការ​សោកស្ដាយ​ទៅ​វិញ ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កីឡាប្រដាល់​សាកល​។ ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​លោក​ព្រឹទ្ធាចារ្យ…

រាជធានី​ភ្នំពេញ ៖ លោក​ព្រឹទ្ធាចារ្យ​ខាត់ ភិន អតីត​កីឡាករ​ប្រដាល់​សាកល​ដ៏​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៦០ បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​កីឡា​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ថា មានការ​រីក​ចម្រើន​ខ្លាំង ប៉ុន្តែ​លោក​បែរជា​មានការ​សោកស្ដាយ​ទៅ​វិញ ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កីឡាប្រដាល់​សាកល​។
ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​លោក​ព្រឹទ្ធាចារ្យ ខាត់ ភិន ដែល​មាន​វ័យ​៧២​ឆ្នាំទៅ
ហើយ​នោះ​បាន​មាន​ប្រសាសន៍ លោក​បាន​ឈាន​ជើង​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡាប្រដាល់​សាកល​តាំងពី​ឆ្នាំ​១៩៦២​មក​ម៉្លេះ ។

អ្វី​ដែល​ធ្វើ​ឱ្យ​រូប​លោក​មិន​អាច​បំភ្លេច​បាន​នោះ គឺ​នៅ​ពេល​លោក​ប្រកួត​ដណ្ដើម​បាន​ពានរង្វាន់​ព្រះ​បិតា​កីឡា​ជាតិ​នៅ​ក្នុង​ឆ្នាំ​១៩៦៥​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះលោក​ចាប់ផ្ដើម​ល្បី​ខ្លាំង។ មិនតែប៉ុណ្ណោះ​លោក​ក៏​ធ្លាប់​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់​ទៀត​ផង ។

លោក​ថា នៅ​ក្នុង​ជំនាន់​របស់​លោក​សម្បូរ​ទៅ​ដោយ​កីឡាករ​ខ្លាំង​ៗ​ផ្នែក​ប្រដាល់​សាកល មិន​ដូច​សព្វ​ថ្ងៃនេះ​ទេ ប្រដាល់​សាកល​បែរជា​ធ្លាក់​ចុះ ហើយ​មានការ​រីក​ចម្រើន​ខ្លាំង​លើ​ផ្នែក​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទៅ​វិញ ។ លោក​ព្រឹទ្ធាចារ្យ​រំលឹក​ថា កាល​ជំនាន់​លោក​មាន​កីឡាករ​ប្រដាល់​សាកល​ល្បី​ៗ​ខ្លាំង​ៗ​សុទ្ធតែ​ជា​អ្នក​ដណ្ដើម​បាន​មេដាយមាស និង​មេដាយ​ប្រាក់​កម្រិត​អាស៊ី ក្នុង​នោះ​មាន​លោក​ព្រឹទ្ធាចារ្យ ខៀវ សឿ​ន ទូច ណុ​ល និង​យូ ជិន​ហុង ប៉ុន្តែ​សព្វថ្ងៃ​នៅ​តែ​លោក​ព្រឹទ្ធាចារ្យ​យូ ជិន​ហុង និង​រូប​លោក​ប៉ុណ្ណោះ​ដែល​នៅ​រស់ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រាលោក​នៅ​តែ​បន្ត​អាជីព​ជា​កីឡាករ​ប្រដាល់​ដដែល គឺ​នៅ​ឆ្នាំ​១៩៨០​ដល់​១៩៨៣​ក្រៅពី​ប្រកួត​ក្នុង​ប្រទេស លោក​ត្រូវ​បាន​រដ្ឋាភិបាល​សម័យ​នោះ​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​សូ​វៀត ប៉ុន្តែ​មុន​នឹង​បាន​ទៅ​ក៏​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុងស្រុក​ជា​មុន​សិន ។

គួរ​បញ្ជាក់​ថា លោក​ព្រឹទ្ធាចារ្យ​ខាត់ ភិន​រស់នៅ​ជាមួយ​ភរិយា​ដែល​មានកូន​៤​នាក់​ប្រុស​៣​នាក់​ស្រី​១​នាក់ ។ លោក​ក៏​ចង់ឱ្យ​កូន​បន្តវេន​ពី​លោក​ដែរ តែ​ដោយសារ​ពួក​គេ​មិនសូវ​ចាប់អារម្មណ៍​វិស័យ​កីឡា ពួក​គេ​បាន​ចូល​បម្រើ​ការងារ​ជា​កងទ័ព​និង​មន្ត្រីរាជការ​។​

លោក​មានស្រុក​កំណើត​នៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល ដោយសារ​លោក​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ មិន​អាច​ប្រកបការងារ​អ្វី​ក្រៅពី​ជួយ​ការងារ​កីឡា​នៅ​ក្នុង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​នោះ​ទេ ។ លោក​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ចាត់តាំង​ឱ្យធ្វើ​ជា​គណៈកម្មការ​វិនិច្ឆ័យ​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន ដើម្បី​ទទួល​បាន​កម្រៃ​ខ្លះ​យក​មក​ទ្រទ្រង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ ។

លោក​មិន​ភ្លេចគុណ​លោក​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ទេ ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​អតីត​កីឡាករ​ចាស់​ៗដូច​រូប​លោក​ជាដើម ។

ជា​ចុង​ក្រោយ​លោក​ព្រឹទ្ធាចារ្យ ខាត់ ភិន​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​ខ្មែរ​ជំនាន់​ក្រោយ​ទាំង​អស់​ត្រូវ​ខិតខំ​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំងក្លា​ដើម្បី​ជួយ​ដល់​វិស័យ​កីឡាប្រដាល់​ខ្មែរ​យើង​ទាំង​គុន​ខ្មែរ​ទាំង​ប្រដាល់​សាកល​ឱ្យ​មានការ​រីក​ចម្រើន​ដូច​គ្នា​ចាប់ពី​ពេល​នេះ​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ