បងប្អូនពិតជាកម្រឃើញណាស់ របាំបែបនេះ
- សៀមរាប
ខេត្តសៀមរាប ៖ នៅក្នុងឱកាសចូលឆ្នាំថ្មីមានភ្លេងត្រុដិ លេងត្រុដិ ជាដើម នេះបើយោងតាមវចនានុក្រមសម្តេចសង្ឃរាជ «ជួន ណាត » ។…
ខេត្តសៀមរាប ៖ នៅក្នុងឱកាសចូលឆ្នាំថ្មីមានភ្លេងត្រុដិ លេងត្រុដិ ជាដើម នេះបើយោងតាមវចនានុក្រមសម្តេចសង្ឃរាជ «ជួន ណាត » ។…
ខេត្តសៀមរាប ៖ នៅក្នុងឱកាសចូលឆ្នាំថ្មីមានភ្លេងត្រុដិ លេងត្រុដិ ជាដើម នេះបើយោងតាមវចនានុក្រមសម្តេចសង្ឃរាជ «ជួន ណាត » ។ ទាក់ទងនឹងប្រវត្តិនៃរបាំត្រុដិនេះដែ ជារបាំជនជាតិសំរ៉ែ ដែលជាជនជាតិដើមមួយ រស់នៅតាំងពីបុរាណកាលមក ។ សិក្សាស្វែងយល់ពីពាក្យថា «ត្រុដិ» ជាពាក្យ (សំស្ត្រឹត) មានន័យថា ដំណើរកាត់ ការផ្តាច់ ជាឈ្មោះភ្លេង ចម្រៀងមួយប្រភេទសម្រាប់បណ្តាជននៅខេត្តសៀមរាប ។
ជនជាតិសំរ៉ែសព្វថ្ងៃភាគច្រើនរស់នៅតំបន់ ភូមិភាគខាងជើងបឹងទន្លេសាប ។ ជារៀងរាល់ពេលចូលឆ្នាំជនជាតិសំរ៉ែតែងតែយករបាំត្រុដិនេះ ទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ប្រជាប្រិយមួយបែបដែលគេនិយមមកលេងពេលចូលឆ្នាំថ្មី ដើម្បីប្រសិទ្ធិពរដល់អ្នកស្រុក ។
ម្យ៉ាងទៀតរបាំត្រុដិនេះក៏នាំផ្សាភ្ជាប់ និងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួត ។ ក្នុងរបាំនេះគេនិយមប្រើកន្ទុយក្ងោកដោយគេយល់ថា ក្ងោកជាតំណាងព្រះអាទិត្យ ។ មនុស្សបន់ស្រន់អង្វរព្រះអាទិត្យ សុំឲ្យព្រះអាទិត្យផ្តល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ ដើម្បីស្រែចម្ការ ។ របាំត្រុដិជាកេរ្តិ៍ដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិខ្មែរព្រៃភ្នំ ដូចជាពួកសម្រែ សួយ និងព័រជាដើម ។ ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋមួយចំនួនទៀត នៅខេត្តផ្សេងៗពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើនតែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម ។
តាមការពិតរបាំត្រុដិនេះគេច្រើនលេងក្នុងពិធីបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មីពីភាពឧបទ្រពចង្រៃទៅភាពសម្បូរណ៍សប្បាយផង ។ ក៏មានការពន្យល់ពាក្យម្យ៉ាងទៀតដែរថា ត្រុដិ សំដៅដល់ពេលដែលឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ។
តាមអត្ថន័យនេះ របាំត្រុដិ ដែលត្រូវបានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំ នីមួយៗ ក្នុងទស្សនៈរបស់ជនជាតិខ្មែរដែលបានរស់នៅខ្ពង់រាប និងវាលទំនាប ។ ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មីដែលចូលមកដល់ ដោយសេចក្តីសប្បាយរីករាយ ។ បើយោងតាមជំនឿក្រៅតម្រាដែលហៅថា អបិយជំនឿនោះ ក្នុងន័យដដែលនេះ ការដែលគេមិនបានប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវ របាំនេះ ដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខ សោកពុំខាននេះជាអត្ថន័យទី១ នៃរបាំត្រុដិ ។ រីឯអត្ថន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែល នឹងនេះដែរពោល គឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃដូចជា ត្រកួត ប្រើស ឈ្លួស ពស់ ចូលក្នុងភូមិ តាមពិតគេធ្វើឡើង ក៏ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិ នូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធី នេះ មានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ ។
និមិត្តរូបដ៏សំខាន់ នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឲ្យកាន់តែស៊ីជម្រៅក្រៅពីវត្តមាន របស់ពួក អ្នករាំកាន់សញ្ញាសម្រាប់ កំណត់ ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយ ធ្វើរបៀបផ្សេងដូចតំណាង ដងនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ ទៀត រាំត្រាប់តាមសត្វទន្សោង ដែលចែចង់គ្នា ដោយមានពាក់ស្នែង ទន្សោងលើក្បាលរបស់ គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើស ដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើស ដែលត្រូវ គេបរ បាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខ លាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើ ជារុក្ខទេវតាថែរក្សាព្រៃភ្នំ ដែលជួយពួកព្រាន ព្រៃក្នុងការបរបាញ់។ ដូចនេះតាមរយៈវត្តមានរបស់តួអង្គគឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាងនូវសភាវៈល្អ ឬ អាក្រក់ យើងអាចសម្គាល់នូវលក្ខណៈ ពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យ ឆ្លងផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរ យើងដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះ ទៅទៀត នោះគឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការ ផ្តល់នូវផលប្រយោជន៍ សុភមង្គល របស់មនុស្ស ក្នុងសង្គមដោយរួមរិតសម្ព័ន្ធភាព សាមគ្គី ភាព របស់ពួកគេឡើងវិញ ។
ទស្សនៈបែបនេះពិតជាពុំមែន កេរ្តិ៍មត៌កវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្តែជាមត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើន ពាន់ឆ្នាំ មកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ។ គឺក្នុងពិធីរបាំឆ្លងនេះ សាមគ្គីរបស់មនុស្សខ្មែរគ្រប់ឋានៈវណ្ណៈក្នុងសង្គមត្រូវពង្រឹងសាជាថ្មីឡើងវិញ ដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គល ដោយក្តីសង្ឃឹម ។ លក្ខណៈពិសេសមួយទៀត របស់របាំត្រុដិ គឺជំនឿលើបុព្វការីជនក្រោមរូបភាព សត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវ រូបភាពឯកភាព ផ្នែកជំនឿនៃលទ្ធិសាសនាដទៃក្រៅពីព្រះពុទ្ធសាសនា ។
សូមជម្រាបថា ការដែលជនជាតិភាគតិច (ខ្មែរលើ) និងជនជាតិខ្មែរប្រារព្ធរបាំនេះពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿន វប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និងខ្មែរតែប៉ុណ្ណោះ ព្រមទាំងចំណាស់របស់ប្រពៃណីដ៏ល្អនេះផងដែរ ។ សូមរំម្លឹកថា ការស្រាវជ្រាវមកនេះយើងមិនបានឃើញឯកសារណាមួយ ឬអ្នកប្រាជ្ញណាម្នាក់ បញ្ជាក់ពីកាលបរិច្ឆេទ៕
ចែករំលែកព័តមាននេះ