ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋបានសម្ដែងនូវការមិនសប្បាយចិត្ត ចំពោះផ្លូវ២ខ្សែរងការបំផ្លិចបំផ្លាញ ស្ទើរទាំងស្រុងដោយសាររថយន្តដឹកដី និងដឹកអីវ៉ាន់ធ្ងន់ ដែលខាងមន្ត្រីអាជ្ញាធរអប្សរាជាអ្នកទទួលបន្ទុក មិនព្រមធ្វើការជួសជុលឡើងវិញសោះឡើយ។ បើតាមប្រភពពីប្រជាពលរដ្ឋថា ផ្លូវក្រវាត់ក្រុង ទាំង២ខ្សែនោះឈ្មោះថា ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ១ខ្សែ ចាប់ពីចំណុចស្វាយធំ សង្កាត់អំពិល ឆ្ពោះទៅដល់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងផ្លូវខាងជើងអង្គរវត្ត ចំណុចជញ្ជីងថ្លឹងឡាន ឆ្ពោះទៅពាក់ស្នែង ស្ថិតក្នុងឃុំភ្លង់លាងដៃ ស្រុកអង្គរធំ កំពុងរងការខូចខាតស្ទើរទាំងស្រុងទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរបែរជាមើលរំលងទៅវិញ។ ពាក់ព័ន្ធទៅនឹងករណីនេះដែរ មន្ត្រីសាធារណការ និងដឹកជញ្ជួនខេត្តសៀមរាប បានច្រានចោលនូវបញ្ហាប្រឈមនេះថា ផ្លូវទាំង២ខ្សែនេះ ស្ថិតនៅក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មិនពាក់ព័ន្ធនឹងមន្ទីរសាធារណៈការ និងដឹកជញ្ជួនខេត្តនោះទេ ដោយឡែកជញ្ជីងនៅចំណុចជាប់កែងផ្លូវទៅពាក់ស្នែង គឺជាជញ្ជីង របស់អាជ្ញាធរជាតិអប្សរាដែរ។
បើតាមប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវមួយនេះថា កន្លងមកមានការ ជួសជុលដែរ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃទេ ក៏ខូចទៅវិញដដែល មិនដឹងមកពីមូលហេតុអ្វីនោះទេ។ ការខូចបែបនេះដោយសារថយន្តធំៗដឹកដី ដឹកខ្សាច់ បើកបរឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ចំណែកជញ្ជីងថ្លឹងរថយន្តទាំងនោះអាចជាការដាក់ដើម្បីប្រមូលលុយដាក់ចូលហោប៉ៅ ដើម្បីចែកគ្នាតែប៉ុណ្ណោះ។ ជុំវិញមជ្ឈដ្ឋាននានាក្នុងខេត្ត បានលើកឡើងថាផ្លូវទាំង២ខ្សែនេះ ឆាប់ខូចមកពីអាជ្ញាធរធ្វើផ្លូវ មិនត្រូវស្តង់ដាបច្ចេកទេស ទើបធ្វើពីមុខខូចពីក្រោយយ៉ាងដូច្នេះ។ ចំណែក លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់អ្នកយកព័ត៌មានថា ផ្លូវទាំង២ខ្សែខាងលើ នេះ អាជ្ញាធរជាតិអប្សរាមិនទុកចោលនោះទេ ព្រោះការអភិរក្ស និងការអភិវឌ្ឍន៍ របស់អាជ្ញាធរជាតិអប្សរា វាដើរទន្ទឹមគ្នា ចំពោះការអភិវឌ្ឍន៍វិញអាជ្ញាធរត្រូវតែធ្វើ គ្រាន់តែមានការយឺតយ៉ាវបន្តិចប៉ុណ្ណោះ ដោយសាតែកំពុងរង់ចាំថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រហែលជា៣ ខែទៀតទើបធ្វើការ ជួសជុល។
សូមបញ្ជាក់ផងដែរថា ផ្លូវចាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចស្វាយធំបត់ចូល ទៅដល់រង្វង់មូលព្រៃគុយ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង វាខូចខាតខ្លាំងជាងគេ ហើយពីរង្វង់មូលព្រៃគុយ ស្រុកប្រាសាទបាគង ដល់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប វា ខូចខាតល្មម ដោយសារថយន្តដឹកដីធ្ងន់ៗ ដូច្នេះខាងអាជ្ញាធរជាតិអប្សរា បានរាយការណ៍ទៅអាជ្ញាធរ ខេត្តរួចរាល់ហើយដែរ។ លោកបានបញ្ជាក់ថា ផ្លូវទាំង២ខ្សែនេះគឺជាផ្លូវបញ្ចៀសការកកស្ទះចរាចរណ៍ នៅអង្គរវត្ត និងជាផ្លូវសម្រាប់បញ្ចៀសរថយន្តធំៗដឹកទំនិញ និងដឹកដីធ្ងន់ៗផងដែរ៕
https://youtu.be/LWPqo5ZYVqU
ចែករំលែកព័តមាននេះ