ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ស្គី​ទឹកកក​កម្ពុជា​ចាប់ផ្ដើម​ពង្រីក​ឥទ្ធិពល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជាស្ទើរតែ​មិន​មាន​អ្នក​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ​ពី​កីឡា​ស្គី​ទឹកកក ដោយសារ​តែ​កម្ពុជា​មិនមែន​ជា​ប្រទេស​ធ្លាក់​ព្រឹល​ទឹកកក និង​មិនសូវ​​មាន​​ទីលាន​ទឹកកក​ដើម្បី​ឱ្យ​មហាជន​ផ្ដោត​ការ​ចាប់​អារម្មណ៍ ។ បើ​ទោះជា​នៅ​ទីតាំង​មួយ​ចំនួន​មានការ​សាងសង់​ទីលាន​ទឹកកក ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា ទីលាន​ទាំងនោះ​បង្កើត​​ឡើង​ដើម្បី​តែ​បម្រើ​ឱ្យ​អ្នក​ចង់​ជិះ​លេង​ប៉ុណ្ណោះ ដោយ​គេ​ចាត់​ទុក​ថា​ជា​ការ​កម្សាន្ត…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជាស្ទើរតែ​មិន​មាន​អ្នក​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ​ពី​កីឡា​ស្គី​ទឹកកក ដោយសារ​តែ​កម្ពុជា​មិនមែន​ជា​ប្រទេស​ធ្លាក់​ព្រឹល​ទឹកកក និង​មិនសូវ​​មាន​​ទីលាន​ទឹកកក​ដើម្បី​ឱ្យ​មហាជន​ផ្ដោត​ការ​ចាប់​អារម្មណ៍ ។ បើ​ទោះជា​នៅ​ទីតាំង​មួយ​ចំនួន​មានការ​សាងសង់​ទីលាន​ទឹកកក ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា ទីលាន​ទាំងនោះ​បង្កើត​​ឡើង​ដើម្បី​តែ​បម្រើ​ឱ្យ​អ្នក​ចង់​ជិះ​លេង​ប៉ុណ្ណោះ ដោយ​គេ​ចាត់​ទុក​ថា​ជា​ការ​កម្សាន្ត ហើយ​មិន​បាន​គិត​ថា​សកម្មភាព​ជិះ​ស្គី​ទឹកកក​ដែល​គិតលុយ​ជា​វិនាទី និង​ម៉ោង​ពេល​នោះ គឺជា​ប្រភេទ​កីឡា​ឡើយ​។

មិនមែន​ជា​ឆ្នាំ​ដំបូង​នោះ​ទេ ដែល​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បាន​បើក​ដំណើរការ ប៉ុន្តែ​បើ​និយាយ​ពី​ការ​ចាប់អារម្មណ៍​ស្ទើរ​មិន​មាន​តែ​ម្ដង ដោយសារ​តែ​កីឡា​ប្រភេទ​នេះ​មិនសូវ​ផុស​ផុល ហើយ​អាច​មក​ពី​មនុស្ស​ភាគច្រើន​យល់​ថា​កម្ពុជា​ជា​ប្រទេស​មិន​មាន​ទឹកកក និង​ទីលាន​ទឹកកក មិន​គួរ​នឹង​មាន​វត្តមាន​កីឡា​ប្រភេទ​នេះ​លេចឡើង​ឡើយ ។

បើ​ទោះជា​សហព័ន្ធ​ទាំងមូល បាន​ប្រឹងប្រែង​បណ្ដុះបណ្ដាល​កីឡាករ​កីឡាការិនី​ឱ្យ​ក្លាយ​ជា​អ្នកជំនាញ​ខាង​សម្ដែង និង​បញ្ចេញ​ក្បាច់​លើ​ទឹកកក ដែល​គេ​ហៅ​ថា​ជា​ទម្រង់​នៃ​វិញ្ញាសា​​កីឡា​ស្គី​ទឹកកក​យ៉ាងណា​ក៏​ដោយ ក៏​អ្នកជំនាញ​ទាំងនោះ​ស្ទើរ​មិន​មានការ​ចាប់​អារម្មណ៍ ឬ​មិន​មាន​អ្នក​ចង់​ដឹង ជា​ពិសេស​ក្នុង​ពេល​ដែល​សកម្មភាព​ទាំងមូល​មិន​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ផង ។ យុវវ័យ​ច្រើន​នាក់​ក៏​មិនសូវ​ផ្ដោត​ការ​ចាប់អារម្មណ៍​ទៅ​លើ​ការ​ហ្វឹកហាត់​កីឡា​នេះ​ដែរ ដោយសារ​តែ​ការ​លេង​ស្គី​គឺ​សម្រាប់​តែ​កូន​អ្នកមាន​ទ្រព្យធន ហើយ​អ្នកលេង​ទាំងនោះ​មិនមែន​ជា​អ្នក​ចង់​ក្លាយជា​កីឡាករ​ឬ​កីឡាការិនី​ដើម្បី​ប្រកួតប្រជែង​។

ស្របគ្នា​ដែល​កន្លែង​ជិះ​ស្គី​ទឹកកក​មិន​មាន​ច្រើន​ធ្វើ​ឱ្យ​អ្នក​ចង់​ហ្វឹកហាត់​ក៏​មិន​មាន​ច្រើន​ព្រោះ​តែ​ឆ្ងាយ និង​ចំណាយ​លុយ​ច្រើន ខណៈ​ដែល​កីឡា​មួយ​នេះ​ក៏​ត្រូវ​គេ​ចាត់ទុកជា​ល្បែង​កម្សាន្ត​ដ៏​គ្រោះថ្នាក់​សម្រាប់​ការ​ហាត់​សម​ដំបូង​ៗ ដែល​ត្រូវ​បាន​ឪពុក​ម្ដាយ​ភាគ​ច្រើន​មិន​លើកទឹកចិត្ត​ឱ្យ​ហ្វឹកហាត់ ។ យ៉ាងណាមិញ សហព័ន្ធ​កីឡា​ស្គី​ទឹកកក ដែល​នៅ​តែ​ត្រដាបត្រដួស​ខិតខំ​បង្វែរ​អារម្មណ៍​មហាជន​ឱ្យ​ចាប់អារម្មណ៍​នឹង​កីឡា​មួយ​នេះ ដោយ​​បាន​ទាំង​ប្រមូលផ្ដុំ​យុវវ័យ​ក្មេង​ៗ​ហ្វឹកហាត់​ឱ្យ​ក្លាយជា​កីឡាករ​កីឡាការិនី​កាន់តែ​ច្រើន​ធ្វើ​ឱ្យ​កីឡា​ស្គី​ទឹកកក​ក្លាយជា​ចំណាប់​អារម្មណ៍​កាន់តែ​ប្រសើរ​របស់​យុវវ័យ​ខ្មែរ​នា​ពេល​ចុង​ក្រោយ​ផង​ដែរ ។ ជាក់ស្ដែង មុន​នេះ​បន្តិច​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា បាន​ចំណាយ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​កីឡាករ​ល្អ​ៗ​ប្រចាំ​សហព័ន្ធ​ដើម្បី​បណ្តុះ​បណ្ដាល​ឱ្យ​ក្លាយ​ជា​ជើង​ខ្លាំង​ត្រៀម​ប្រកួត​នៅ​ក្រៅប្រទេស​។

មានការ​លើក​ឡើង​ថា កីឡា​​ស្គី​ទឹកកក​នឹង​មិន​មានជីវិត​រស់នៅ​កម្ពុជា​នោះ​ទេ​ប្រសិនបើ​កីឡាករ​ដែល​ជម្រើស​បាន​មិន​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស នៅ​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ក៏​មិនសូវ​មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​ជិះ​ស្គី​ទឹកកក ដោយ​សារ​វា​មិនមែន​ជា​កីឡា​ដែល​អំណោយផល​សម្រាប់​អ្នកក្រ ឬ​អ្នក​មធ្យម ព្រោះតែ​អ្នក​ចង់​ហ្វឹកហាត់​កីឡា​មួយ​នេះ​ត្រូវ​ចំណាយ​អស់​ច្រើន​ទម្រាំ​តែ​ថ្នឹក​នឹង​លំនឹង​ជិះ​ស្គី​ទឹកកក ។

តាម​ការ​រៀបរាប់​ពី​មន្ត្រី​ពាក់ព័ន្ធ កីឡាករ​កីឡាការិនី​ត្រូវ​បាន​ជម្រើស​ចេញ​ភាគច្រើន​ពី​អ្នក​ចូល​ចិត្ត​ជិះ​ស្គី​លេង​លើ​ទឹកកក ហើយ​មួយ​ចំនួន​ផ្សេង​ទៀត គឺ​កីឡាករ​កីឡាការិនី​ទាក់ទាញ​ឱ្យ​ចូល​មក​ប្រកួត​ទើប​ធ្វើ​ឱ្យ​សហព័ន្ធ​ទាំងមូល​សន្សំ​កីឡាករ​កីឡាការិនី​ជើង​ខ្លាំង​ៗ​បាន​ច្រើន ។ ប៉ុន្តែ​ក៏​មានការ​បារម្ភ​ជុំវិញ​កីឡាករ​មួយ​ចំនួន​ដែល​មិន​អាច​តស៊ូ​ជា​មួយ​សហព័ន្ធ​បាន​យូរ​ផង​ដែរ ជា​ពិសេស​កីឡាករ​កីឡាការិនី​ដែល​ត្រូវ​ជ្រើសរើស​ហើយ​មិន​មានឈ្មោះ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ឬ​មិន​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ហ្វឹក​ហាត់​ក្រៅប្រទេស​ព្រោះតែ​តម្រូវការ​ចេញ​ក្រៅ​មាន​កំណត់​។

កញ្ញា ឡុ​ង សុធា​រី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​​ប្រកួត​​ជ្រើសរើស​ជើងឯក​ស្គី​ទឹកកក​ប្រចាំឆ្នាំ​២០១៨​ដែល​ទើបតែ​បាន​បញ្ចប់​មុន​នេះ​មាន​អ្នកចូលរួម​ប្រកួត​រហូត​ដល់​៤០​នាក់ ដោយ​អ្នក​ដែល​បាន​បង្ហាញខ្លួន​ក៏​មាន​សមត្ថភាព​ចេះ​​ជិះ​ស្គី​ទឹកកក​បាន​ល្អ​ផង​ដែរ ដោយសារ​តែ​កីឡាករ​កីឡាការិនី​ទាំងនោះ​គាត់​មាន​លទ្ធ​ភាព​ហ្វឹកហាត់​ជិះ​លេង​តាំងពី​មិន​ទាន់​ត្រូវ​បាន​ជ្រើសរើស​ចូល​ប្រកួត និង​បន្ទាប់​ពី​យក​មក​បង្វឹក​បន្ថែម​ឱ្យ​ត្រូវការ​ចង់បាន​របស់​សហព័ន្ធ​ស្គី​ទឹកកក​អន្តរជាតិ​។

វិញ្ញាសា​ដែល​បាន​ដាក់​ឲ្យ​ប្រកួត​ស​សម្រាប់​ឆ្នាំ​នេះ​មាន​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ហើយ​ក៏​បាន​បន្ថែម​វិញ្ញាសា​អន្តរជាតិ​កម្រិត​ខ្ពស់​មួយ​ចំនួន​ផង​ដែរ​ដើម្បី​ឱ្យ​គណៈកម្មការ និង​ចៅក្រម​មក​ពី​ក្រៅប្រទេស​ងាយស្រួល​ក្នុង​ការ​កាត់ក្តី​ជ្រើសរើស​អ្នក​ប្រកួត​ឱ្យ​តំណាង​កម្ពុជា​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ។ កញ្ញា​ថា ការ​ប្រកួត​ឆ្នាំ​នេះ​អ្នក​ជាប់​លេខ​១ នឹង​ត្រូវ​បាន​​បញ្ជូន​ចេញ​ក្រៅ ហើយ​តម្រូវ​ឱ្យ​ចេញ​ទៅ​ហ្វឹកហាត់​ក្រៅប្រទេស ដែល​កញ្ញា​បាន​ហៅ​ឱកាស​នេះ​ថា​ជា​ការ​ជំរុញ​ឱ្យ​សហព័ន្ធ​កីឡា​ស្គី​ទឹកកក ឬ​កីឡា​ជិះ​ស្គី​ទឹកកក មាន​ការ​ផុសផុល​ឡើង និង​មានការ​ចាប់អារម្មណ៍​ជាង​មុន ។

កញ្ញា​និយាយ​ថា ដើម្បី​បញ្ជ្រាប​​ឱ្យ​អ្នកចូលរួម​ប្រកួត​បានដឹង​ពី​ទម្រង់​កីឡា​ស្គី​អន្តរជាតិ ការ​ប្រកួត​ឆ្នាំ​នេះ សហព័ន្ធ​បាន​ដាក់​បញ្ចូល​វិញ្ញាសា​អន្តរជាតិ​កម្រិត​ខ្ពស់​ដើម្បី​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រកួតប្រជែង​ពង្រឹង​គុណ​ភាព​ឆ្ពោះទៅ​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​នានា។ វិញ្ញាសា​អន្តរជាតិ​កម្រិត​ខ្ពស់​នេះ មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​១០​រូប​ដែល​ត្រូវ​​សម្រេច​​ជ្រើសរើស​ដោយ​ចៅក្រម​អាជ្ញាកណ្តាល​អន្តរជាតិ ហើយ​អ្នក​ប្រកួត​ត្រូវ​បាន​ផ្ដល់​ពិន្ទុ​ដោយ​អាជ្ញាកណ្ដាល និង​ចៅ​ក្រុម​ចំនួន​៦​នាក់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី ជប៉ុន កូរ៉េ​ខាងត្បូង និង​ថៃ ដែល​ឡូយ​ជាង​មុន ។ ក្រៅពី​ទទួល​បាន​លទ្ធផល​ទៅ​តាម
ប្រភេទ​​វិញ្ញាសា​នីមួយ​ៗ សហព័ន្ធ​រក​ឃើញ​យុវជន​២​នាក់​ដែល​លេចធ្លោ​ជាងគេ​នឹង​ចេញ​ទៅ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​ខាង​មុខ ។ អ្នក​ឈ្នះ​តំណែង​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​កីឡាករ​វ័យក្មេង ពន្លឺ សុទ្ធ និង​យុវតី ហេង សិរី​យ៉ា ដោយ​អ្នក​ទាំង​ពីរ​​នឹង​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី ចាប់ពី​ថ្ងៃ​ទី​១២-២០ ខែ​ឧសភា ឆ្នាំ​២០១៨ ខាង​មុខ ។

កញ្ញា​បាន​ហៅ​ការ​បោះ​ជំហាន​របស់​កីឡាករ​-​កីឡាការិនី​ទាំង​២​ថា ជា​ឱកាស​ជួយ​ឱ្យ​សហ​ព័ន្ធ​ទាំងមូល​មានការ​ចាប់អារម្មណ៍​ឡើង​វិញ​ពី​យុវវ័យ​ដែល​ចង់​ក្លាយជា​អ្នកជំនាញ​ជិះ​ស្គី​ទឹកកក បើ​ទោះជា​កីឡា​មួយ​នេះ​មិនសូវ​ត្រូវ​បរិបទ​នៅ​កម្ពុជា និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡា​ថ្មី​នៅ​កម្ពុជា ។ យ៉ាងណាមិញ កញ្ញា​ថា កីឡា​នេះ​នៅ​ក្រៅប្រទេស ពោល​គឺ​ប្រទេស​ដែល​មិន​មាន​ទីលាន​ទឹកកក​ធម្មជាតិ មិន​មាន​ទឹកកក​ធ្លាក់ ក៏​មានការ​រីក​ចម្រើន​​ផង​ដែរ ទើប​កញ្ញា​រំពឹង​ថា​មិន​ពិបាក​នោះ​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​ឈាន​ឡើង​ឱ្យ​តែ​មាន​សហព័ន្ធ​នៅ​អន្តរជាតិ​ជ្រោមជ្រែង​យក​កីឡាករ​ពី​កម្ពុជា​ចេញ​ប្រកួត​ឱ្យ​បាន​ច្រើន​ទៅ​គឺ​ជោគជ័យ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ