ខេត្តព្រៃវែង ៖ ពន្ធនាគារខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១១ ខែមេសា ព្រឹកមិញនេះ បានរៀបចំធ្វើពិធីរាប់បាតព្រះសង្ឃ និមន្តព្រះសង្ឃសម្តែងធម៌ទេសនា និងស្រោចទឹកប្រោះព្រំលើករាសីដល់មន្ត្រីពន្ធនាគារ និងជនជាប់ឃុំក្នុងពន្ធនាគារសរុបជាង៧០០នាក់ ។
លោកឧត្តមសេនីយ៍ត្រី ជួម សារីម ប្រធានអគារនុរក្សពន្ធនាគារខេត្តព្រៃវែង បានថ្លែងឲ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវិរជនស្នេហាជាតិ ដែលបានពលីជីវិត ក្នុងស្មារតីការពារជាតិមាតុភូមិកម្ពុជា និងវិញ្ញាណក្ខន្ធជីដូនជីតាញាតិការទាំង៧សណ្ដាន ដែលចែកឋានទៅនៅកាន់លោកខាងមុខ និងដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ឆ្នាំច វេនព្រៈនាងមហោធរទេវី បុត្រីទី៧ ដែលត្រូវមកទទួលតំណែងថែរក្សាប្រជារាស្ត្រខ្មែរទាំងអស់ នាឱកាសឆ្នាំថ្មីនេះផងដែរ ។
លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍ផ្តាំផ្ញើទៅដល់ជនជាប់ឃុំទាំងអស់ថា ក្នុងពេលដែលបងប្អូនជាប់នៅក្នុងពន្ធនាគារនេះ សូមខិតខំហាត់ពត់លុតដំចិត្ត និងកែប្រែខ្លួនឲ្យល្អ ដើម្បីឆាប់បានត្រលប់ទៅផ្ទះវិញ ហើយពេលចេញពីពន្ធនាគារទៅ សូមកុំប្រព្រឹត្តទង្វើអ្វីដែលខុសច្បាប់ នាំឲ្យមានទោសត្រូវចាប់មកកាន់ទីនេះទៀត ផ្ទុយទៅវិញត្រូវធ្វើតែអំពើល្អ និងខិតខំប្រកបមុខរបរណាដែលសុចរិតទៀតត្រង់ ដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គម ដែលជាកិត្តិយសខ្លួនឯងផង និងក្រុមគ្រួសារផងដែរ ៕
ចែករំលែកព័តមាននេះ