ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​ព្រ​លាន​យន្ដហោះដាក់​ឱ្យ​ដំណើរការ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​-​ព្រ​លាន​យន្តហោះ​អន្តរជាតិ ប្រវែង​ប្រហែល​១០​គីឡូម៉ែត្រ ដែល​មហាជន​ទន្ទឹងរង់ចាំ​មើល​សមិទ្ធផល​ជា​ស្នាដៃ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ពេល​នេះ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន ដូច​បាន​សន្យា​កន្លង​មក​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា…

រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​-​ព្រ​លាន​យន្តហោះ​អន្តរជាតិ ប្រវែង​ប្រហែល​១០​គីឡូម៉ែត្រ ដែល​មហាជន​ទន្ទឹងរង់ចាំ​មើល​សមិទ្ធផល​ជា​ស្នាដៃ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ពេល​នេះ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន ដូច​បាន​សន្យា​កន្លង​មក​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ម្សិលមិញ ។

ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា ព្រឹក​នេះ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​រថភ្លើង​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។

លោក​ទេស​រដ្ឋមន្ត្រី លើក​ឡើងជា​សំណួរ​ថា ៖« ហេតុ​អ្វី​បានជា​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន គឺ​ដោយសារ​យើង​ប្រើប្រាស់​រថភ្លើង​ដែល​មាន​ស្រាប់ ប្រើ​រថភ្លើង​ចាស់​សាកល្បង​សិន នៅ​ពេល​ដំណើរការ​ស្រួលបួល យើង​នឹង​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​ពេល​នោះ យើង​មាន​រថភ្លើង​ថ្មី​៣​គ្រឿង​នឹង​មក​ដល់​កម្ពុជា​យើង ដែល​បាន​ដំឡើង​នៅ​ប្រទេស​ម៉ិ​ក​សុ​ិ​ក » ។
លោក​បន្ត​ថា ៖« ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ដែរ​ថា ឱ្យ​យក​មក​១​គ្រឿង​ឱ្យ​បាន​ដើម្បី​ដាក់​ដំណើរការ តែ​ដោយសារ​មាន​បញ្ហា​រញ្ជួយ​ផែនដី​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ទាំង​៣​គ្រឿង​នេះ​មានការ​ខូចខាត​ខ្លះ​ត្រូវធ្វើ​ឡើង​វិញ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភាព​យឺតយ៉ាវ តែ​អាច​មក​ដល់​កម្ពុជា​យើង​នៅ​ក្នុង​ខែឧសភា ឬ​មិថុនា​ខាង​មុខ នឹង​ដាក់​ឱ្យ​ដំណើរការ​រថភ្លើង​ទាំង​៣​នេះ » ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ទេស​រដ្ឋមន្ត្រី រថភ្លើង​ដឹក​អ្នកដំណើរ​អាច​ផ្ទុក​មនុស្ស​បាន​ទាំង​អង្គុយ និង​ឈរ​ប្រមាណ​១០០​នាក់ ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​១០ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ។

លោក ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​ថា ៖« រថភ្លើង​ដឹក​អ្នកដំណើរ​នេះ​ចំណាយពេល​ប្រមាណ​ពី​២២​ទៅ​៣០​នាទី ចេញដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ទៅ​ព្រ​លាន​យន្តហោះ និង​ប្រតិបត្តិការ​២៤​ម៉ោង​ក្នុង​១​ថ្ងៃ ៧​ថ្ងៃ​ក្នុង​១​ស​ប្ដា​ហ៍ ដោយ​ចន្លោះ​នៃ​ការ​ចេញដំណើរ​ទៅ​មក​ប្រហែល​២៥​ទៅ​៣០​នាទី​ម្ដង » ។
តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វេ ឱ្យ​ដឹង​ថា រថភ្លើង​ថ្មី​ល្បឿន​លឿន​របស់​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វេ នឹង​ត្រូវ​បញ្ជូន​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​កមក​ដល់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​២​ខែ​ទៀត ហើយនឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែមិថុនា ខាង​មុខ ។ រថភ្លើង​ដើរ​ដោយ​ថាមពល​ប្រេងម៉ាស៊ូត​ទាំង​៣​គ្រឿង​នេះ នឹង​ធ្វើ​ដំណើរ​ចេញពី​ស្ថានីយ​បច្ចុប្បន្ន ដែល​ជា​ស្ថានីយ​រថភ្លើង​មជ្ឈិម ហើយ​បន្តដំណើរ​តាម​ផ្លូវដែក​ចម្បង​មាន​ស្រាប់​ប្រវែង​៨,៤​គីឡូម៉ែត្រ រួច​បត់​តាម​ផ្លូវដែក​ដែល​ស្រប​តាម​ផ្លូវ​១០៥K មាន​ប្រវែង​១,៦​គីឡូម៉ែត្រ ។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា គិត​ជា​សរុប​ផ្លូវ​រថភ្លើង​ទាំង​៣​គ្រឿង​នេះ​ចំណាយពេល​២៥​នាទី​ប៉ុណ្ណោះ ដើម្បី​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវដែក ដែល​មាន​ប្រវែង​សរុប​១០​គីឡូម៉ែត្រ​ទៅ​មករ​វាង​រាជធានី​ភ្នំពេញ និង​ព្រ​លាន​យន្តហោះ​។ ប្រការ​ល្អ គឺ​រថភ្លើង​ថ្មី​ដែល​នឹង​ត្រូវ​បញ្ជូន​មក​ដល់​ស្រុក​យើង​ក្នុង​ខែមិថុនា​ខាង​មុខ ត្រូវ​បាន​ផលិត​ឡើង​តាម​ស្តង់ដា​បច្ចេកវិទ្យា​របស់​សមាគម​ផ្លូវដែក​អា​មេ​រិ​កាំ​ង ដែល​ពិភពលោក​ទាំងមូល​ទទួលស្គាល់ ពោល​គឺ​រថភ្លើង​នីមួយ​ៗ​មាន​ក្បាលម៉ាស៊ីន​២ មុខ​១​ក្រោយ​១ និង​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​ប្រកបដោយ​សុវត្ថិភាព​មាន​កៅអី​ដូច​នៅ​ក្នុង​យន្តហោះ ដែល​អាច​បត់បែន និង​កែតម្រូវ​ទៅ​តាម​ចិត្ត​ចង់​, មាន​បន្ទប់ទឹក​, មាន​ម៉ាស៊ីនត្រជាក់​ពេញលេញ​, ទ្វារ​ស្វ័យប្រវត្តិ​, កន្លែង​ដាក់​អីវ៉ាន់​នៅ​ខាងលើ​ក្បាល​អ្នកដំណើរ និង​នៅ​បាត​រថភ្លើង​, Wifi, ទូរទស្សន៍​, ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​តាម​វី​ដេ​អូ និង​អាច​បើក​ក្នុង​ល្បឿន​ជា​អតិបរិមា​៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ជាមួយនឹង​សមត្ថភាព​អាច​ដឹក​អ្នកដំណើរ​រហូត​ដល់​ទៅ​៥៦​នាក់ ។

បើ​តាម​លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម បាន​ថ្លែង​ថា ការ​មាន​ផ្លូវ​រថភ្លើង​នេះ ជា​ការ​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍ ដែល​កំពុង​កកស្ទះ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​វា​ជួយ​លើកកម្ពស់​សោភ័ណ​ភាព​ក្នុង​ទីក្រុង​ផង​ដែរ ។ លោក​បន្ត​ថា ការ​វិនិយោគ​បែប​នេះ មិន​ត្រឹមតែ​ផ្តល់​ផល​ចំណេញ​ដល់​បញ្ហា​ចរាចរណ៍​ទេ តែ​ក៏​រួមចំណែក​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ