ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជា ចាន់​តូ ​៖ ការ​ចរាចរ​ប្រាក់​រៀលកាន់តែ​កើនឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា បន្ទាប់​ពី​កម្ពុជា​មាន​កំណើន​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន​នោះ បាន​ធ្វើ​ឱ្យ​រូបិយ​វត្ថុ​ជាតិ​ចរាចរណ៍ និង​ដាក់​បញ្ញើ​ជា​ប្រាក់​រៀល កើនឡើង​ក្នុង​អត្រា​១៨% និង​២៧%​រៀង​គ្នា នៅ​ចន្លោះ​ឆ្នាំ​២០១៧ -២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា បន្ទាប់​ពី​កម្ពុជា​មាន​កំណើន​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន​នោះ បាន​ធ្វើ​ឱ្យ​រូបិយ​វត្ថុ​ជាតិ​ចរាចរណ៍ និង​ដាក់​បញ្ញើ​ជា​ប្រាក់​រៀល កើនឡើង​ក្នុង​អត្រា​១៨% និង​២៧%​រៀង​គ្នា នៅ​ចន្លោះ​ឆ្នាំ​២០១៧ -២០១៨​នេះ ។

លោក ជា ចាន់​តូ បាន​អះអាង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា សាខា​ខេត្ដព្រៃវែង កាលពី​ថ្ងៃ​ទី​៩ មេ​សា កន្លង​មក ។
លោក​បន្ដ​ថា ការ​ប្រើប្រាស់ និង​ការ​ចាយវាយ​ប្រាក់​រៀល​កាន់តែ​ច្រើន នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ដល់​ប្រទេស​ជាតិ ហើយ​ជួយ​ពង្រឹង​អត្តសញ្ញាណ​ជាតិ និង​បង្កើន​ទុនបម្រុង​របស់​កម្ពុជា​ផង​ដែរ ។
លោក​ថ្លែង​ថា ៖« ការ​ប្រើ​ប្រាក់​រៀល នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយ​វត្ថុ​, ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​, បង្កើន​ចំណូល​ពី​ការ​បោះពុម្ព​ក្រដាសប្រាក់ និង​ពង្រឹង​អធិបតេយ្យភាព​រូបិយ​វត្ថុ ជាដើម » ។
លោក​បន្ត​ទៀត​ថា ៖« រាជរដ្ឋាភិបាល ក៏​ដូច​ជា​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រាក់​រៀល និង​លើកកម្ពស់​ប្រាក់​រៀល តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដែល​ជំរុញ​ឱ្យ​មាន​កំណើន​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​មានការ​កើនឡើង » ។
លោក ជា ចាន់​តូ បាន​លើក​ឡើង​ថា កម្ពុជា​ក៏​បាន​ទទួលស្គាល់​ប្រាក់​ដុល្លារ​ផង​ដែរ ព្រោះតែ​វា​មាន​តួនាទី​សំខាន់​នៃ​ដំណាក់កាល​ដំបូង ដែល​កម្ពុជា​ចាប់ផ្តើម​អភិវឌ្ឍន៍ និង​ការ​បើក​ទូលាយ​សេដ្ឋកិច្ច ប៉ុន្ដែ​ទោះបី​យ៉ាងណា នៅ​ពេល​ដែល​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ធំ ដុល្លា​រូប​នី​យ​កម្ម ក៏​ងាយ​បង្ក​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រង​គ្រោះ​ផង​ដែរ ។
លោក​បន្ត​ថា បច្ចុប្បន្ន​នេះ បញ្ហា​ដុល្លា​រូប​នី​យ​កម្ម​នៅ​តែ​ជា​បញ្ហា​ប្រឈម​ក្នុង​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ហើយ​កន្លង​មក រាជរដ្ឋាភិបាល ក៏​ដូច​ជា​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់​ចេញ​នូវ​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ជា​បន្ដបន្ទាប់ ដែល​មានការ​ចូលរួម​ពី​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ និង​បាន​ធ្វើ​ឱ្យ​កំណើន​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។
លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​មីក្រូហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ធនាគារជាតិ​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​កន្លង​មក ប្រជាពលរដ្ឋ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​ច្រើន​ជាង​មុន ។
លោក​បញ្ជាក់​ថា ៖« សូ​ម្បី​តែ​ប្រាក់​សន្សំ​ដែល​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹ​ម​ខេ ក៏​មានការ​កើន​ឡើងជា​ប្រាក់​រៀល​ច្រើន​ដែរ ពិសេស​ប្រជាជន​ដែល​គាត់​មាន​ចំណូល​ទាប គាត់​ត្រូវការ​ប្រាក់​រៀល​ច្រើន​ជាង​ប្រាក់​ដុល្លារ » ។
ទោះជា​យ៉ាងនេះ​ក្ដី ការ​ចរាចរ​ប្រាក់​រៀល​បច្ចុប្បន្ន​នៅ​កម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម និង​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់​រូប ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ ។
បើ​តាម​លោក គា បូរាណ ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន​ឡើង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ព្យាយាម​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ ។ លើស​ពី​នេះ ចូលរួម​បង្កើត​ផលិតផល​ឬ​សេវាកម្ម ដែល​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់​នៅ​ពេល​មានការ​ដាក់​សន្សំ​ជា​លុយ​រៀល ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មើលឃើញ​ផល​ចំណេញ​ច្រើន​ជាង​ការ​ដាក់​សន្សំ​លុយ​ដុល្លារ​ពី​៣​ទៅ​៤% ក្នុង​ទំហំ​ទឹកប្រាក់​ដូច​គ្នា ។
ប្រធាន​ក្រុមប្រឹក្សាភិបាល​សិក្សាការ​អភិវឌ្ឍ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា ការ​ចរាចរ​ប្រាក់​រៀល​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ជា​សញ្ញា​វិជ្ជមាន​មួយ ប៉ុន្តែ​ដើម្បី​ឲ្យ​គេ​ទុកចិត្ត និង​ចាយវាយ​ប្រាក់​រៀល យើង​ត្រូវ​សួរ​ថា តើ​ប្រាក់​រៀល​ផ្តល់​អ្វី​ទៅ​ឲ្យ​ពួក​គេ ហើយ​តើ​ប្រាក់​រៀល​ផ្តល់​ទំនុកចិត្ត​យ៉ាងដូចម្តេច​នៅ​ក្នុង​ទីផ្សារ ។ លោក​បន្ត​ថា ហេតុនេះ ការ​ធ្វើ​ប​ដិ​ដុល្លារ​នី​យ​កម្ម ទាមទារ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ធ្វើ​មួយ​ជំហាន​ម្តង​ៗ មិន​អាច​បង្ខំ​បាន​ទេ ព្រោះ​វា​នឹង​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ។
លោក​បន្ត​ថា ៖« ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ និង​មោទនភាព​ជាតិ ការ​ប្រើប្រាស់​ប្រាក់​រៀល​ជា​រឿង​ត្រូវធ្វើ ហើយ​ដើម្បី​ចំណេញ​ដល់​សេដ្ឋកិច្ច​របស់​យើង​នា​ពេល​អនាគត ការ​ប្រើប្រាស់​ប្រាក់​រៀល ជា​រឿង​ដែល​ចាំបាច់​មិន​អាច​ខ្វះ​បាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ