ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ចល័ត​​កាក់កប ខណៈ​អាជីវករ​ផ្សា​រទួល​ទំពូង​​ត្អូញ​ត្អែរ​គ្រប់​គ្នា (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ប្រទេស​កម្ពុជា​មាន​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​កាន់តែ​ច្រើន​ឡើង​ៗ​នោះ គេ​កត់សម្គាល់​ឃើញ​ថា មាន​បងប្អូន​មួយ​ចំនួន​បាន​នាំ​គ្នា​ប្រកប​របរ​លក់​​ខោអាវ​ថ្មី ឬ​ក៏​ជជុះ​ចល័ត​តាម​រ៉ឺ​ម៉ក​កង់​បី និង​រថយន្ត​កែ​ច្នៃ នៅ​គ្រប់​ទីកន្លែង​សាធា​រណៈ​​ទាំងអស់ ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង ។…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ប្រទេស​កម្ពុជា​មាន​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​កាន់តែ​ច្រើន​ឡើង​ៗ​នោះ គេ​កត់សម្គាល់​ឃើញ​ថា មាន​បងប្អូន​មួយ​ចំនួន​បាន​នាំ​គ្នា​ប្រកប​របរ​លក់​​ខោអាវ​ថ្មី ឬ​ក៏​ជជុះ​ចល័ត​តាម​រ៉ឺ​ម៉ក​កង់​បី និង​រថយន្ត​កែ​ច្នៃ នៅ​គ្រប់​ទីកន្លែង​សាធា​រណៈ​​ទាំងអស់ ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង ។ មុខរបរ​លក់​ខោអាវ​ចល័ត​នេះ កំពុង​​តែ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​កាន់តែ​ប្រសើរ​ឡើង និង​មាន​យីអ៊ុន​ខ្លាំង​ផង​ដែរ ខណៈ​ក្រុម​អាជីវករ​លក់​ខោអាវ​នៅ​តាម​ផ្សារ​មួយ​ចំនួន​ដូច​ជា ផ្សារ​ទួល​ទំពូង និង​ផ្សា​រ​បឹង​កេងកង ត្អូញត្អែរ​ថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លក់​មិនសូវ​ដាច់​ទេ ។

លោក ហ៊ី​ម សំណាង អាយុ​៤០​ឆ្នាំ ជា​អាជីវករ​លក់​ខោអាវ​ចល័ត​ម្នាក់​បាន​រៀបរាប់​ថា លោក និង​ភរិយា​បាន​ចាប់​យកមុខ​របរ​លក់​ខោអាវ​ចល័ត​នៅ​តាម​ដងផ្លូវ​វេ​ង​ស្រេង អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​មាន​សមាជិក​៥​នាក់ ។ លោក​ថា ៖« ចំនួន​អ្នកលក់​ចល័ត​ដូច​ជា​រូប​ខ្ញុំ គឺ​មាន​ចំនួន​កើនឡើង​ក្នុង​រយៈ​ពេល​​២ ឬ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​អតិថិជន​របស់​យើង​មាន​ច្រើន​ប្រភេទ ។ ខ្ញុំ​លក់​ដាច់​​ខ្លាំង​នៅ​តំបន់​រោងចក្រ និង​ទីប្រជុំជន​ជាយ​ៗ​ក្រុង ជា​ពិសេស អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន ក៏​ទិញ​ខោអាវ​ពី​ម៉ូតូ​ចល័ត​ដែរ » ។

លោក​បន្ត​ថា ពេល​ទើប​ចាប់ផ្តើម​លក់​ដំបូង គឺ​ចំណាយ​ដើមទុន​តិចតួច​ប៉ុណ្ណោះ ពោល​គឺ​តាំងពី​លក់​ក្រោម​ឆត្រ និង​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​រហូត ម្តង​ទៅ​នេះ ម្តង​ទៅ​នោះ សំខាន់​ឲ្យ​តែ​មាន​កន្លែង​ទំនេរ ។ មក​ដល់​ពេល​នេះ លោក​បាន​ធ្វើ​ជា​រោង​ធំ និង​ចំណាយ​ដើមទុន​ច្រើន​ជាង​មុន រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ទៅ​ហើយ ។ ក្នុង​រោង​របស់​លោក​មាន​ដាក់​តាំង​លក់​ទាំង​ខោអាវ​ថ្មី​ខ្លះ និង​ជជុះ​ខ្លះ​លាយ​គ្នា ក្នុង​នោះ​ខោអាវ​ជជុះមាន​តម្លៃ​ចាប់ពី​៧​ពាន់ ៨​ពាន់ និង​ដល់​១​ម៉ឺន​រៀល ចំណែក​ខោអាវ​ថ្មី​វិញ តម្លៃ​ចាប់ពី​១​ម៉ឺន​៥​ពាន់​រៀល ៥​ដុល្លារ រហូត​ដល់​១០​ដុល្លារ​ក៏​មាន ទៅ​តាម​ខោអាវ​ស្អាត ឬ​មិនសូវ​ស្អាត ។

លោក​បន្ថែម​ថា មុខរបរ​លក់​ខោអាវ​នេះ គឺ​បាន​ធ្វើ​ឲ្យ​ជីវភាព​ក្រុម​គ្រួសារ​របស់​លោក​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ លោក​អាច​លក់​បាន​ប្រាក់​ចាប់​ពី​២០​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល​ដែរ ។ អ្នក​មក​ទិញ​រាល់ថ្ងៃ ភាគច្រើន​ជា​អ្នកធ្វើការ​រោងចក្រ កម្មករ​សំណង់ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចម្រុះ ខ្លះ​ជិះ​ម៉ូតូ ជិះ​រថយន្ត ក៏​មក​រក​ទិញ​ដែរ ។ តាំងពី​លោក និង​ភរិយា នាំ​គ្នា​ចាប់​មុខរបរ​នេះ​មក​ឃើញ​ថា អាច​រក​ប្រាក់​ធ្វើ​ផ្ទះសម្បែង​បាន​ទៀត ។

លោក​បន្ថែម​ទៀត​ថា មាន​អ្នកខ្លះ​ធ្លាប់​ប្រកប​របរ​លក់​ខោអាវ​ចល័ត​នៅ​តាម​ចិញ្ចើម​ផ្លូវ​នេះ​​ដូច​លោក​ដែរ ហើយ​មក​ទល់​ពេល​នេះ គេ​មាន​សុទ្ធតែ​រថយន្ត​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​៤៧០​ជិះ​ទៅ​ហើយ មិនតែប៉ុណ្ណោះ ក៏​ក្លាយជា​ថៅកែ​រកស៊ី​ពុះ​ដី​ឡូត៍​លក់​ផង​ដែរ ។

លោក ភិន សុ​ផាត អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​ខោអាវ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​ទៀត​ឱ្យ​ដឹង​ថា លោក​​ប្រកប​មុខរបរ​លក់​អាវយឺត​គូស្នេហ៍ នៅ​តាម​រ៉ឺ​ម៉ក​ម៉ូតូ ប្រមាណ​ពី​២ ទៅ​៣​ឆ្នាំ​ហើយ ដោយ​ដើរ​លក់​ចល័ត​ទៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ។ ការ​លក់​អាវយឺត​គូស្នេហ៍​នេះ លោក​លក់​អាវយឺត​១ តម្លៃ​១​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​១​ថ្ងៃ លោក​លក់​អស់ពី​៣០ ទៅ​៤០​អាវ និង​បាន​ប្រាក់​ក្នុង​១​ថ្ងៃ ពី​៣០​ម៉ឺន ទៅ​៤០​ម៉ឺន​រៀល​ឯណោះ ។

លោក​បន្ត​ថា ៖« តាំងពី​ប្រកប​មុខរបរ​ដើរ​លក់​អាវយឺត​តាម​រ៉ឺ​ម៉ក​ម៉ូតូ​នេះ​មក​ឃើញ​ថា ក្រុម​គ្រួសារ​របស់ខ្ញុំ​បាន​ធូរស្រាល​ច្រើន និង​មាន​ជីវភាព​រស់នៅ​សមរម្យ​ដូច​គេឯង ។ អ្នក​មក​ទិញ​អាវ​ភាគច្រើន គឺជា​អ្នកដំណើរ​តាម​ផ្លូវ​នាំ​គ្នា​មក​ទិញ​យក​ទៅ​ពាក់​ជា​ហូរហែ ហើយ​ក៏​មិនមែន​ដាច់​ច្រើន​រាល់ថ្ងៃ​ទេ មាន​ថ្ងៃ​ខ្លះ​ក៏​ស្បើយ​អ្នកទិញ​ដែរ » ។

ចំណែក​យុវជន ស៊ន ប៉ូ​យ អាយុ​២១​ឆ្នាំ ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​មួយ បានឱ្យ​ដឹង​ថា គេ​តែងតែ​មក​រក​ទិញ​ខោអាវ ដែល​ដាក់​លក់​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​នេះ​ជា​ញឹកញាប់ ព្រោះថា វា​ស្អាត និង​មានគុណ​ភាពល្អ មិន​ចាញ់​ខោអាវ​នៅ​តាម​ហាង​លក់​សម្លៀក​បំពាក់ និង​ផ្សារ​ធំ​ៗ​ឡើយ ។ មិនតែប៉ុណ្ណោះ វា​មាន​តម្លៃ​ថោក​សមរម្យ គឺ​​ចំណាយ​​​លុយ​ត្រឹមតែ​៣​ម៉ឺន​៥​ពាន់​រៀល​ប៉ុណ្ណោះ អាច​ទិញ​បាន​ខោអាវ​១​កំ​ប្លេ ។

គេ​សង្កេត​ឃើញ​ថា នៅ​តាម​ទី​សាធារណៈ ឬ​នៅ​ដងផ្លូវ​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ដែល​ជា​តំបន់​មាន​រោងចក្រ​ច្រើន​នោះ គឺ​មានការ​ដាក់​តាំង​លក់​សម្លៀក​បំពាក់ និង​ស្បែកជើង​គ្រប់​ប្រភេទ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​កំណើន​អ្នកលក់​ខោអាវ​ចល័ត​នៅ​តាម​ផ្លូវ ឬ​ទី​សាធារណៈ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​អ្នកលក់​ខោអាវ​នៅ​តាម​ផ្សារ​មួយ​ចំនួន​ដូច​ជា ផ្សារ​ទួល​ទំពូង និង​ផ្សា​របឹង​កេងកង ជាដើម កំពុង​តែ​ធ្លាក់​ចុះ​នៃ​អ្នកទិញ​យ៉ាង​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ