ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ធម្មជាតិ ត្រី​ចិញ្ចឹម​ក្នុង​ប៊ែ​រងាប់​​ដោយសារ​ទឹក​ទន្លេបាសាក់​មាន​ជាតិពុល(មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ប្រជា​នេសាទ និង​អ្នក​ចិញ្ចឹម​ត្រី​តាម​ប៊ែ​រ​ក្នុង​ទន្លេបាសាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា មួយ​រយៈ​ចាប់ពី​ដើម​ខែមេសា​រហូត​មក​ដល់​ថ្ងៃ​ទី​១០ មេ​សា​នេះ ត្រី​ធម្មជាតិ និង​ត្រី​ចិញ្ចឹម​ក្នុង​ប៊ែ​របា​ន​ពុល​ងាប់ ជា​បន្តបន្ទាប់​ច្រើន​ណាស់​សង្ស័យ​ទឹក​ទន្លេបាសាក់​មាន​ជាតិ​គីមី​ពុល​ដែល​គេ​បង្ហូរ​ចេញពី​ក្នុង​រោងចក្រ ។…

ខេត្តកណ្ដាល ៖ ប្រជា​នេសាទ និង​អ្នក​ចិញ្ចឹម​ត្រី​តាម​ប៊ែ​រ​ក្នុង​ទន្លេបាសាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា មួយ​រយៈ​ចាប់ពី​ដើម​ខែមេសា​រហូត​មក​ដល់​ថ្ងៃ​ទី​១០ មេ​សា​នេះ ត្រី​ធម្មជាតិ និង​ត្រី​ចិញ្ចឹម​ក្នុង​ប៊ែ​របា​ន​ពុល​ងាប់ ជា​បន្តបន្ទាប់​ច្រើន​ណាស់​សង្ស័យ​ទឹក​ទន្លេបាសាក់​មាន​ជាតិ​គីមី​ពុល​ដែល​គេ​បង្ហូរ​ចេញពី​ក្នុង​រោងចក្រ ។

ពលរដ្ឋ​សំណូមពរ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ខណៈ​ទឹក​នៅ​ក្បែរ​រោងចក្រ​មាន​ក្លិនស្អុយរ​ម៉ាស់ ប្រើ​លែង​កើត ហើយ​ត្រី​ធម្មជាតិ និង​ចិញ្ចឹម​ជា​ច្រើន​តោន​បាន​ងាប់​ជា​បន្តបន្ទាប់​ផង​ដែរ ។

លោក ឆាយ សែ នៅ​ភូមិ​កំពង់​ព្រីង ឃុំ​សិ​ត្បូ៍ ស្រុក​ស្អាង ខេត្តកណ្តាល​ដែល​នៅ​ក្បែរ​រោងចក្រ​មួយ​កន្លែង បាន​ប្រាប់​ថា រយៈពេល​បី​បួន​ខែ​មក​ហើយ បន្ទាប់​ពី​រោងចក្រ​នេះ​បង្ហូរទឹក​ស្អុយ​ចូល​ទន្លេ​មក ទឹក​នៅ​ម្តុំ​នេះ ប្រើ​មិនកើត​នោះ​ទេ គឺ​ក្លាយទៅជា​ពណ៌​ខ្មៅ​ស្អុយ និងរ​ម៉ាស់​ទៀត​ផង ហើយ​រោងចក្រ​នេះ​បង្ហូរទឹក​ចំនួន​២​កន្លែង គឺ​ខាងក្រោយ​រោងចក្រ និង​តាម​ប្រឡាយ​៦៤ ។ ចំណែកឯ​លោក​ចាន់ ម្ចាស់​ប៊ែ​ត្រី​ម្នាក់​ក្នុងភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង បាន​និយាយ​ថា គាត់​បាន​ចិញ្ចឹម​ត្រី​ជាង​១០​ឆ្នាំ​មក​ហើយ និង​មាន​ចំនួន​១៦​ប៊ែ​រ មិន​ដែល​ជួប​ប្រទះ​បញ្ហា​ត្រី​ងាប់​ដូច្នេះ​ទេ បើ​ងាប់ គឺ​ងាប់​កាល​ត្រី​នៅ​តូច​ៗ និង​តិចតួច​បំផុត ។ ប៉ុន្តែ​ឆ្នាំ​នេះ គឺ​ងាប់​គ្មាន​សល់​តែ​ម្តង​ទាំង​អាធំ​ទាំង​អាតូច ហើយ​ការ​ងាប់​នេះ​តាំងពី​ដើម​ខែមេសា មក​ដល់​បច្ចុប្បន្ន​នេះ គឺ​ងាប់​ជា​បន្តបន្ទាប់​គ្មាន​សល់​ឡើយ ពោល​ក្នុង​មួយ​ប៊ែ​រ​ប្រមាណ​២​តោន ហើយ​បើ​តាម​បទ​ពិសោធន៍ គឺ​អាច​បណ្តាល​មក​ពី​ទឹក​មាន​សារធាតុពុល ទើប​បានជា​ងាប់​ដូច្នេះ​។

ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ និង​លោក​កាយ យូ ជនជាតិ​ខ្មែរឥស្លាម នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល​បាន​ត្អូញត្អែរ​ថា ពួក​គាត់​ចិញ្ចឹម​ត្រី​ជាង​៣០​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​ត្រី​ងាប់​ដូច្នេះ​ទេ ហើយ​មិនមែន​តែ​ងាប់​តែ​ត្រី​ចិញ្ចឹម​របស​ពួក​គាត់​នោះ​ទេ សូ​ម្បី​តែ​ត្រី​ធម្មជាតិ​ក្នុង​ទន្លេ​ក៏​ពុល​ងាប់​ដែរ ហើយ​ត្រី​ដែល​ងាប់​នោះ មិន​អាច​យក​ទៅ​កែ​ឆ្នៃ​ធ្វើ​ប្រហុក ផ្អក បាន​នោះ​ទេ គឺ​ងាប់​ឆាប់​រលួយ​សាច់​តែ​ម្តង ។

ដូច្នេះ​សូម​មន្ត្រី​ជំនាញ​មេត្តា​ជួយ​ចុះ​មក​ពិនិត្យ​ផង ចំពោះ​ការ​បង្ហូរទឹក​ស្អុយ​ពី​រោងចក្រ​ចូល​ទន្លេ បណ្តាល​ឱ្យ​ងាប់​ត្រី​របស់​ពួក​គាត់ និង​សូម​ឱ្យ​រោងចក្រ​ទាំងនោះ ផ្តល់​នូវ​សំណង​ដល់​ពួក​គាត់​ដែល​បាន​ខូចខាត ។

លោក អ៊ំ ឡេ​ង មេឃុំ​សិ​ត្បូ៍ បាន​ទទួលស្គាល់​ថា ពិតជា​មាន​បង្ហូរទឹក​ស្អុយ​ពី​រោងចក្រ​ចូល​ទន្លេ​ប្រាកដ​មែន និង​មាន​ប្រមាណ​៤​ទៅ​៥​រោងចក្រ ហើយ​លោក​ក៏​ធ្លាប់​ធ្វើការ​កោះហៅ​ដំណាង​រោងចក្រ​ជា​ច្រើន​លើក​ដែរ ប៉ុន្តែ ខាង​រោងចក្រ គឺ​មិន​បាន​ចូលរួម​នោះ​ទេ ។

លោក​ចាប សឿ​ន មេឃុំ​ស្វាយ​ប្រទាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា តាំងពី​២-៣​ថ្ងៃមុន​មាន​ប្រជាពលរដ្ឋ​រាយ​ការ មក​ថា មាន​ត្រី​ធម្មជាតិ និង​ត្រី​ចិញ្ចឹម​ក្នុង​ប៊ែ​រ​របស់​ពលរដ្ឋ​បាន​ងាប់​បន្តបន្ទាប់​ច្រើន មិនដឹង​មូលហេតុ​ច្បាស់លាស់ សង្ស័យ​ទឹក ទន្លេ​មាន​ជាតិពុល ។ លោក​ខឹ​ម ពេញ នាយ​ផ្នែក​រដ្ឋបាល​ជលផល​បា​សាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ត្រី​ធម្មជាតិ​ក្នុង​ទន្លេ និង​ត្រី​ចិញ្ចឹម​របស់​ប្រជា​កសិករ​ពិតជា​បាន​ងាប់​ច្រើន​មែន រួម​មាន​ឃុំ​រកា​ខ្ពស់ ឃុំ ស្វាយ​ប្រទាល និង​ខុំ​ត្រើយ​ស្លា ហើយ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ត្រី​ចិញ្ចឹម​ងាប់ មាន​ប្រមាណ​២០​គ្រួសារ និង​ប្រមាណ​ត្រី​ងាប់​ច្រើន​តោន​ឯណោះ ។ ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​ដងទឹក​ទន្លេ​ទុក​ផង​ដែរ និង​រង់ចាំ​មើល​ខាង​បរិស្ថាន​ពិនិត្យ​សិន ទើប​យក​ទឹក​ដែល​យើង​ដង​ពី​ទន្លេ​ទុក​នោះ​ទៅ​ធ្វើការ​វិភាគ ហើយ​តាម​ការ​ពិនិត្យ​ឃើញ​មាន​លូ​បង្ហូរ​ចូល​ទន្លេ​ចំនួន​៥​កន្លែង​នៅ​ក្នុង​ឃុំ​សិ​ត្បូ៍ ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកណ្តាល លោក អូ​ម ផាត់ មិន​អាច​ទំនាក់ទំនង​សុំ​ការ​ពន្យល់​បាន​នោះ​ទេ ខណៈ​ដែល​ទូរ​សព្ទ័​របស់​លោក​មិន​អាច​ទាក់ទង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ