ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ដឹកឈើ​តាម​រថយន្ដ​ធំ​លំដាប់​យក្ស​ចាប់​កំរើក​ឡើង​វិញ​ហើយ

13 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​បទបញ្ជាយ៉ាង​ ក្ដៅ​គគុក​បង្ក្រាប​ទៅ​លើ​បទល្មើស​ព្រៃឈើ​នៅ​ទូ​ទាំង​ប្រទេស ធ្វើ​ឱ្យ​សកម្មភាព​រត់ពន្ធ​ឈើ​ខុសច្បាប់ ក៏​ដូច​ជា​ឈើ​ដែល​មានប្រភព​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​បញ្ឈប់​សកម្មភាព​ ស្ទើរ​ទាំងស្រុង ។ ក៏​ប៉ុ​ន្ដេ​សំរាប់​តំបន់​ដែនដី​ប្រវត្ដិសាស្ដ្រ​ខេត្ដសៀមរាប នា​ពេល​ថ្មី​ៗ ចុង​ក្រោយ​នេះ​មាន​សកម្មភាព​ដឹក​ជញ្ជូនឈើ​ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​ត្រូវ​ បាន​គេ​មើលឃើញ​ថា ចាប់​កំរើក

ខេត្ដសៀមរាប ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​បទបញ្ជាយ៉ាង​ក្ដៅ​គគុក​បង្ក្រាប​ទៅ​លើ​បទល្មើស​ព្រៃឈើ​នៅ​ទូ​ទាំង​ប្រទេស ធ្វើ​ឱ្យ​សកម្មភាព​រត់ពន្ធ​ឈើ​ខុសច្បាប់ ក៏​ដូច​ជា​ឈើ​ដែល​មានប្រភព​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​បញ្ឈប់​សកម្មភាព​ស្ទើរ​ទាំងស្រុង ។ ក៏​ប៉ុ​ន្ដេ​សំរាប់​តំបន់​ដែនដី​ប្រវត្ដិសាស្ដ្រ​ខេត្ដសៀមរាប នា​ពេល​ថ្មី​ៗ ចុង​ក្រោយ​នេះ​មាន​សកម្មភាព​ដឹក​ជញ្ជូនឈើ​ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​ត្រូវ​បាន​គេ​មើលឃើញ​ថា ចាប់​កំរើក​ឡើង​វិញ​ហើយ​។យោង​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១០ មាន​រថយន្ដ​លំដាប់​យក្ស​ចំនួន​ពីរ​គ្រឿង​ផ្ទុកទៅ​ដោយ​ឈើ​ពេញ​ចូល​មក​លក់​នៅ​ដេប៉ូ​ឈើ​ចំនួន​ពីរ​ក្នុង​ក្រុង​សៀមរាប ទាំង​ព្រលឹម​អុល ដោយ​ក្រុម​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​បាន​អះអាង​ថា ជា​ឈើ​មានច្បាប់​ត្រឹមត្រូវទាំងអស់ ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដសៀមរាប លោក​ទា គឹ​ម​សុទ្ធ បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​៧ កក្កដា ថា ឈើ​ដែល​គេ​ដឹកដាក់​ដេប៉ូ​ទាំង​ពីរ​នៅ​សង្កាត់​សាលា​កំរើក​នោះ ជា​ឈើ​ដែល​មាន​លិខិត​ដឹក​ជញ្ជូន​ត្រឹមត្រូវ តាម​ច្បាប់​ពុំ​មាន​អ្វី​ខុស​ប្រក្រតី​នោះ​ទេ​។លោក​ទា គឹ​ម​សុទ្ធ បាន​បញ្ជាក់​ទៀត​ថា ឈើ​ដែល​ដឹក​តាម​រថយន្ដ​ទាំង​ពីរ​គ្រឿង​នោះ​ជា​ឈើ​របស់​ក្រុមហ៊ុន​រតនៈ ខេ​ម​អា​ហ្គ្រោ អ៊ិ​នដាស​ស្ទ្រី អិ​ល​ធី​ឌី ដែល​មាន​ប្រភព​ចេញពី​ស្រុក​សណ្ដាន់ ខេត្ដកំពង់ធំ ។ លោក​អះអាង​ដូច​ជា​ច្បាស់លាស់​ថា គ្មានអ្នក​ណា​ហ៊ាន​ដឹក​ជញ្ជូន​ឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ដោយ​គ្មាន​លិខិតអនុញ្ញាតនោះ​ទេ ក្នុង​ស្ថានការណ៍​កំពុង​តែ​ក្ដៅ​គគុកបែប​នេះ​ឡើយ ហើយ​ក៏​គ្មាន​ការ​បន្លំ​ដាក់ លើស​ចំនួន​ដែល​ច្បាប់​អនុញ្ញាត​ឱ្យ​ដែរ ។

លោក​ហេង ដេ​ត ជា​អ្នក​រត់ការ​ផ្លូវ​ក្នុងការ​ដឹក​ជញ្ជូន​ឈើ​ទាំង​រថយន្ដ​ធំ​លំដាប់​យក្ស របស់​ក្រុមហ៊ុន​រតនៈ​ខេ​ម​អា​ហ្គ្រោ អ៊ិ​ន​ដាសស្ទ្រី អិ​ល​ធី​ឌី ពី​ខេត្ដកំពង់ធំ មក​កាន់​ខេត្ដសៀមរាប​នោះ កាលពី​វេលា​ម៉ោង​១១​និង ៤៥​នាទី ថ្ងៃ​ទី​៨ កក្កដា នេះបាន​ប្រាប់​តាមទូរស័ព្ទ​ថា រូប​លោក​បាន​ចំណាយ​លុយ​មួយចំនួន​តាម​បែប​មនោសញ្ចេតនា​ទៅ​ឱ្យ​ក្រុមសមត្ថកិច្ច​ចំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន ដែល​ឈរជើង​លើ​ដងផ្លូវ​នៅ​ពេល​ដែល​រថយន្ដ​គាត់​ដឹកឈើ​ឆ្លងកាត់​ ។ អ្វី​ដែល​លោក​ហេង ដេ​ត បាន​លើក​ឡើង អំពី​ការ​ចំណាយ​លុយ​ទៅ​ឱ្យ​ក្រុម​សមត្ថកិច្ចនោះ ធ្វើ​ឱ្យ​គេ​មានការ​សង្ស័យ​ថា ចំនួន​ឈើពិតប្រាកដ​អាច​ត្រូវ​បាន​គេ​រួម​គ្នា​កំណត់​លាក់​បំពួន​នៅ​ពេល​មានការ​ត្រួតពិនិត្យនូវ​ឈើ ដែល​មាន​ចំនួន​ច្រើន​លើសលប់​ពី​ចំនួន​ដែលកំណត់​ក្នុង​លិខិតអនុញ្ញាត​ក៏​ថា​បាន ព្រោះឈ្មួញ​ទំនងជា​បាន​ទិញ​ទឹកចិត្ដ​ក្រុម​មន្ដ្រី ជំនាញ​អស់​បាត់​ទៅ​ហើយ​តាម​រយៈ​ការ​ផ្ដល់លុយ​នៅ​ពេល​រត់ការ​ផ្លូវ​នោះ ។

លោក​សូ ហៃ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បន្ទាយស្រី នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា នេះ ពុំ​បានធ្វើការ​ពន្យល់​ណាមួយ​ជុំវិញ​ការ​ត្រួតពិនិត្យ ទៅ​លើ​ចំនួន​ឈើ​របស់​ក្រុមហ៊ុន​រតនៈ ខេ​មអា​ហ្គ្រោ អ៊ិ​ន​ដាស​ស្ទ្រី អី​ល​ធី​ឌី នោះ​ទេ ដោយ​លោក​ប្រាប់​ដោយ​ផ្ទាល់​ថា​ជាប់រវល់ រៀបចំ​ពិធី​រុក្ខទិវា​នៅ​ថ្ងៃស្អែក​គ្មាន​ពេលទំនេរ​បកស្រាយ​ឡើយ ។ចំណែក​លោក​យឹ​ម ស៊ី​វ៉​ន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បាគង បាន​ប្រាប់​ថា ឈើ​ដែលដឹក​ទំលាក់​នៅ​ក្នុង​ដេប៉ូ​ទាំង​ពីរ​នោះ មាន​ជា ប្រភេទ​ឈើ​លេខ​ពីរ សំរាប់​បំរើ​ឱ្យ​ការ​សាងសង់ ហើយ​មាន​លិខិតអនុញាត​ចំនួន​ជាង​៦០ម៉ែត្រគូប ដែល​ពេល​នេះ​ខាង​ជំនាញ​បាន​ចាបិទ​លើ​ក្រដាស​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​នោះ រួច​ហើយ​ដែរ ដើម្បី​កុំឱ្យ​យក​ទៅ​ដឹក​សា​ជា​ថ្មី ទៀត​។

ក្រុម​អ្នក​តាមដាន​ទៅ​លើ​វិស័យ​ព្រៃឈើ បាន​លើក​ឡើង​ថា ការ​ដឹក​ជញ្ជូន​ឈើ​ដែល មាន​លក្ខណៈ​ទ្រុងទ្រាយ​ធំ​របស់​ក្រុមហ៊ុន​ខាង លើ​ចូល​មក​កាន់​ខេត្ដសៀមរាប​កាលពី​ព្រឹក ថ្ងៃ​ទី​៧ កក្កដា នេះ​ជាស​ញាណ​ថ្មី​មួយ​ក្នុង ការ​កំរើក​ឡើង​វិញ​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ ឈើ​ក្នុង​តំបន់បន្ទាប់​ពី​មានការ​បង្ក្រាប​យ៉ាង ចាស់ដៃ​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល កម្ពុជា កាលពី​ពេល​ថ្មី​ៗ ។ក្រុម​អ្នក​តាមដាន​បាន​បន្ដ​ទៀត​ថា កន្លងមក​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ហើយ​យក ឱកាស​នោះ​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ដើម្បី​ធ្វើអាជីវកម្ម ក្រោម​ឡេះ​ប្រមូល​ផល​-​អនុ​ផល ព្រៃឈើ​បាន​មក​ពី​ការ​ឈូស​ឆាយដី ដាំ​ដំណាំ ក​សិ​-​ឧស្សាហកម្ម​ផ្សេង​ៗ ហើយ​ឆ្លៀត ឱកាស​កាប់​ឈើ​ក្រៅ​តំបន់​អនុញាត​ធ្វើ​ឱ្យ​ធនធាន​សម្បត្ដិ​ធម្មជាតិ​រង​នូវ​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​បំផុត ៕