ខេត្តបន្ទាយមានជ័យ ៖ ហ្វូងក្រៀល និងកុកជាច្រើនក្បាល ត្រូវអ្នកស្រុកឃើញចុះស៊ីចំណីក្នុងបឹងតូចមួយក្បែរផ្លូវជាតិលេខ៦ ក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ និងបានទាក់ទាញការចាប់អារម្មណ៍សម្រាប់អ្នកដំណើរទូទៅ ។
នៅពេលឃើញសត្វក្រៀលនិងកុករាប់សិបក្បាលចុះស៊ីចំណីក្នុងបឹងនេះ អ្នកដំណើរទាំងឡាយបានសំណូមពរសុំឱ្យប្រជាពលរដ្ឋនៅក្បែរតំបន់នោះចូលរួមថែរក្សា និងអភិរក្ស សម្រាប់ទាក់ទាញភ្ញៀវដែលធ្វើដំណើរឆ្លងកាត់ខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាបបានឃើញ ព្រោះនេះជាសម្បត្តិធម្មជាតិដ៏ល្អមួយ ។
អ្នកភូមិទឹកជោរនិយាយថា ការពិតហ្វូងសត្វក្រៀលនិងកុកនេះ នៅរដូវប្រាំងតែងតែមករកស៊ីចំណីនៅតាមបឹង ឯរដូវវស្សានរកស៊ីនៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ។ សត្វស្លាបប្រភេទនេះ ត្រូវបានការពារដោយមន្ត្រីអភិរក្សសត្វស្រុកភ្នំស្រុក ដោយមានការចូលរួមការពារឃ្លាំមើលពីសំណាក់ប្រជាពលរដ្ឋ ។
ហេតុដូច្នេះហើយ ទើបបានជាហ្វូងសត្វស្លាបទាំងនេះហ៊ានចុះស៊ីចំណីតាមបឹងក្បែរដងផ្លូវជាតិលេខ៦ ។ ម្យ៉ាងទៀត ដោយសារហ្វូងសត្វក្រៀលនិងកុកនេះ នៅរដូវប្រាំងមានបឹងសម្រាប់ចុះស៊ីចំណីជាប្រចាំបែបនេះហើយ ទើបចំនួនសត្វស្លាបប្រភេទនេះនឹងកើនឡើងច្រើន ៕
ចែករំលែកព័តមាននេះ