ខេត្តព្រៃវែង ៖ នៅខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតខិតចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះបងប្អូនប្រជាពលរដ្ឋគ្រប់ភូមិស្រុកបានសម្រុកនាំគ្នាទៅកាន់ទីផ្សារដើម្បីរកទិញចំណីអាហារ និងសម្ភារផ្សេងៗទុកសម្រាប់ពិធីបុណ្យដ៏ធំមួយនេះ ។ ដើម្បីការពារសុខមាលភាពបងប្អូនប្រជាពលរដ្ឋ មន្ត្រីកាំកុងត្រូលសាខាខេត្តព្រៃវែង សហការជាមួយមន្ត្រីជំនាញឡាបូ នាយកដ្ឋានកាំកុងត្រូល បានចុះទៅធ្វើការត្រួតពិនិត្យទំនិញជាច្រើនប្រភេទ នៅក្នុងផ្សារក្រុងព្រៃវែង កាលពីព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០១៨ នេះហើយសកម្មភាពត្រួតពិនិត្យនេះក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្រុងព្រៃវែងទាំងមូល ។
លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែងបានឱ្យដឹងថា សកម្មភាពត្រួតពិនិត្យក្នុងផ្សារព្រៃវែងនេះ មន្ត្រីរបស់លោកបានធ្វើការត្រួតពិនិត្យទៅលើចំណីអាហារប្រភេទបន្លែ ផ្លែឈើ គ្រឿងសមុទ្រ ជ្រក់ត្រសក់ ជ្រក់ស្ពៃ សរសៃរគុយទាវ និងទំនិញជាច្រើនប្រភេទទៀតសរុបជាង៣០មុខ និងបានយកសំណាកទាំងនោះទៅពិសោធនៅក្នុងរថយន្តមន្ទីរពិសោធចល័តភ្លាមៗ ហើយជាលទ្ធផលបានរកឃើញថា ទាំងបន្លែផ្លែឈើ និងទំនិញជាច្រើនទៀត គឺពុំមានដាក់សារធាតុគីមីដែលច្បាប់ហាមឃាត់នោះទេ មានតែសរសៃរគុយទាវដែលផលិតនៅក្រុងព្រៃវែងមួយមុខគត់ ដែលរកឃើញមានដាក់សារធាតុ ប៊ុយរ៉ាក់ ជាសារធាតុដែលធ្វើឱ្យសរសៃរគុយទាវស្វិតតែប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។
លោក អ៊ុត សុភាព បានបញ្ជាក់ថា ក្រោយពីរកឃើញមានសារធាតុប៊ុយរ៉ាក់ នៅក្នុងសរសៃរគុយទាវ លោកក៏ធ្វើការដកហូតភ្លាមៗ បានសរសៃរគុយទាវចំនួន៨គីឡូក្រាម ទុកយកទៅបំផ្លាញចោល ជាមួយគ្នានោះក៏បានណែនាំដល់អាជីវករ និងអោយធ្វើកិច្ចសន្យាឈប់ដាក់លក់សរសៃរគុយទាវដែលមានជាតិគីមីបែបនេះតទៅទៀត ៕
ចែករំលែកព័តមាននេះ