ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឲ្យ​ដំណើរការ​បណ្ដោះអាសន្ន​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​-​ព្រ​លាន​យន្តហោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ថា នៅ​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​ទី​១​ទេ ដែល​មាន​ផ្លូវ​រថភ្លើង​រត់​លើ​ផ្លូវថ្នល់​នេះ គឺ​នៅ​ប្រទេស​គេ​លើ​ពិភពលោក​មាន​ជា​យូរ​មក​ហើយ ហើយ​ប្រទេស​កម្ពុជា​យើង​ទើបតែ​មាន​ជា​លើក​ដំបូង ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ថា នៅ​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​ទី​១​ទេ ដែល​មាន​ផ្លូវ​រថភ្លើង​រត់​លើ​ផ្លូវថ្នល់​នេះ គឺ​នៅ​ប្រទេស​គេ​លើ​ពិភពលោក​មាន​ជា​យូរ​មក​ហើយ ហើយ​ប្រទេស​កម្ពុជា​យើង​ទើបតែ​មាន​ជា​លើក​ដំបូង ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ថ្លែង​ថា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភាន់ច្រឡំ​នោះ ក្រុមហ៊ុន​បាន​លាបថ្នាំ​ពណ៌​លឿង និង​ពណ៌​ខ្មៅ​សងខាង និង​កណ្ដាល​ពណ៌​ខៀវ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ស្រួល​ចំណាំ​ថា មាន​ផ្លូវ​រថភ្លើង​រត់​លើ​ផ្លូវថ្នល់ ដោយសារ​ផ្លូវ​រថភ្លើង​នេះ​ជា​ផ្លូវ​អាទិភាព ហើយ​បើ​គ្មាន​រថភ្លើង​រត់​នោះ បងប្អូន​ប្រជាពលរដ្ឋ​អាច​បើក​យានយន្ត​លើ​ផ្លូវ​រថភ្លើង​បាន​តាម​សម្រួល ។

លោក​បន្ត​ថា ការ​លាប​ពណ៌​ថ្នាំ​នៅ​លើ​ផ្លូវ​រថភ្លើង​នេះ អត់​មាន​ទេ នៅ​លើ​ពិភពលោក មាន​តែ​កម្ពុ​ជាមួយ​នេះឯង ហើយ​ហេតុ​អ្វី​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​លាបថ្នាំ គឺ​ដើម្បី​ឲ្យ​បងប្អូន​របស់​យើង​បានដឹង ។ នៅ​ប្រទេស​គេ គេ​ឃើញ​ហើយ​រថភ្លើង​រត់​លើ​ផ្លូវថ្នល់​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​កម្ពុជា​យើង​មិន​ដែល​ឃើញ​នោះ​ទេ ដូច្នេះ​ខ្ញុំ​បាន​ស្នើ​ដល់​ក្រុមហ៊ុន​លាបថ្នាំ​ពណ៌​លឿង ពណ៌​ខ្មៅ​នៅ​សងខាង និង​ពណ៌​ខៀវ​នៅ​ចំ​កណ្ដាល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ឃើញ​ថា នេះ​ជា​ផ្លូវ​រថភ្លើង ដូច្នេះ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​សូម​មេត្តា​ប្រុង​ប្រយ័ត្ន រថភ្លើង​បើក​កណ្តាល រថភ្លើង​មិន​អាច​ឈប់​ភ្លាម​ៗ​បាន​ទេ សូម​ប្រុង​ប្រយ័ត្ន ។

ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមការងារ​បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់ សព្វបែបយ៉ាង​លើ​សេវា​រថភ្លើង​សាធារណៈ​នេះ ដើម្បី​បម្រើ​ភាព​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កិច្ចការ​នេះ គឺជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ជូន​ប្រជាពលរដ្ឋ ហើយ​ការ​ធ្វើ​កិច្ច​ការងារ​នេះ​បាន ដោយសារ​តែ​ប្រទេស​មាន​សុខ​សន្តិភាព ប៉ុន្តែ​បើ​ប្រទេស​កម្ពុជា​គ្មាន​សុខ​សន្តិភាព​នោះ យើង​មិន​អាច​កសាង​ប្រទេស​យើង​បាន​ទេ ។

លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សាមគ្គី​គ្នា ដើម្បី​ថែរក្សា​សុខ​សន្តិភាព​ទុក​ឱកាស​ឲ្យ​រាជរដ្ឋាភិបាល បាន​កសាង​ប្រទេស​ជាតិ​មាតុភូមិ​របស់​យើង ទុក​ឱកាស​ឲ្យ​រាជរដ្ឋាភិបាល​ទាក់ទាញ​អ្នក​វិនិយោគ មក​បណ្ដាក់ទុន​នៅ​កម្ពុជា ទាក់ទាញ​ភ្ញៀវ​ទេសចរ នាំ​កសិផល​របស់​កម្ពុជា​ចេញ​ទៅ​ប្រទេស ដើម្បី​បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការងារ ។ សម្រាប់​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នេះ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​១០ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ។ រថភ្លើង​ដឹក​អ្នកដំណើរ​នេះ ចំណាយពេល​ប្រមាណ​៣០​នាទី ក្នុង​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ និង​អាច​ផ្ទុក​អ្នកដំណើរ​រួម​ទាំង​អ្នក​អង្គុយ និង​អ្នក​ឈរ​ប្រមាណ​១០០​នាក់ ។

នៅ​ក្នុង​រថភ្លើង​មាន​ដាក់​ម៉ាស៊ីនត្រជាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រ​លាន​យន្តហោះ ហើយ​ចង់​ឡើង​មក​រាជធានី​ភ្នំពេញ ក៏​អាច​ប្រើប្រាស់​រថភ្លើង​នេះ​បាន​ដែរ ។ ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ឲ្យ​ដំណើរ​ផ្លូវដែក​ថ្មី ចូល​ព្រ​លាន​យន្តហោះ​នេះ គឺ​ដាក់​ឲ្យ​ប្រើប្រាស់​រថភ្លើង​ចំនួន​៣​គ្រឿង ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ិក ។ ជាមួយនឹង​ការ​ដឹក​ជញ្ជូន​ថ្មី​តាម​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់​អ្នកដំណើរ​ទៅ​ព្រ​លាន​យន្តហោះ មិន​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរ​ឡើយ ។ ក្បាលរថភ្លើង​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ិក ក៏​អាច​បើក​ទៅ​ខេត្ត​ព្រះ​សីហ​នុ នៅ​ប៉ោយ​ប៉ែ​ត បាន​ផង​ដែរ ដោយ​ប្រើ​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ការ​ដាក់​ឲ្យ​ដំណើរ​រថភ្លើង​នេះ មិន​ត្រឹមតែ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ត្រូវ​ឡើង​យន្តហោះ​ប៉ុណ្ណោះ​ទេ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ អ្នក​ដែល​ធ្វើ​ដំណើរ​ទាំងអស់​ត្រូវ បាន​ត្រួតពិនិត្យ​ទំនិញ​នៅ​ស្ថានីយ​រថភ្លើង​ជា​មុន ហើយ​មិនបាច់​ទៅ​ត្រួតពិនិត្យ​នៅ​អាកាសយានដ្ឋាន​ទៀត​នោះ​ឡើយ ។

លោក​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​សហ​ការណ៍​ជាមួយ​អាកាសចរណ៍​ស៊ី​វិល រៀបចំ​ឲ្យ​មាន​បញ្ជរ​សម្រាប់​ត្រួតពិនិត្យ​ទំនិញ​របស់​អ្នកដំណើរ​ដែល​ត្រូវ​ឡើង​យន្តហោះ ឬ Check In នៅ​ស្ថានីយ​រថភ្លើង​តែ​ម្តង ពោល​រាល់​អ្នកដំណើរ​មិនបាច់​ចំណាយពេល​ទៅ​ត្រួតពិនិត្យ ឬ Check In នៅ​ព្រ​លាន​យន្តហោះ​ទៀត​នោះ​ឡើយ ។ ប្រការ​នេះ នឹង​ធ្វើ​ឲ្យ​អ្នកដំណើរ​កាន់តែ​ងាយស្រួល​មួយ​កម្រិត​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ