ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដឈ្នួល​នៅ​តែ​ឡើងថ្លៃ បើ​ទោះជា​រដ្ឋ​ត្រៀម​រថយន្ដ​ដឹក​ដោយ​ឥត​គិតថ្លៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ តម្លៃ​រថយន្ដឈ្នួល​ឯកជន​, តាក់ស៊ី និង​រថយន្ដ​ទួ​រី​ស នៅ​តែ​ឡើងថ្លៃ​ដដែល បើ​ទោះបីជា​សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្ដ​របស់​រដ្ឋ​ប្រមាណ​៦០​គ្រឿង​ជា​ស្រេច​សម្រាប់​ដឹក​បងប្អូន​ទៅ​លេង​ស្រុក​កំណើត​ដោយ​ឥត​គិតថ្លៃ​ក៏​ដោយ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ តម្លៃ​រថយន្ដឈ្នួល​ឯកជន​, តាក់ស៊ី និង​រថយន្ដ​ទួ​រី​ស នៅ​តែ​ឡើងថ្លៃ​ដដែល បើ​ទោះបីជា​សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្ដ​របស់​រដ្ឋ​ប្រមាណ​៦០​គ្រឿង​ជា​ស្រេច​សម្រាប់​ដឹក​បងប្អូន​ទៅ​លេង​ស្រុក​កំណើត​ដោយ​ឥត​គិតថ្លៃ​ក៏​ដោយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​បើករថយន្ដ​ឈ្នួល​ពី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត​នានា​កាលពី​ថ្ងៃ​ទី​៩ មេ​សា ម្សិលមិញ  ។

លោក ង៉ែត សម្បត្តិ អ្នក​រត់​តាក់ស៊ី​ភ្នំពេញ -​តាកែវ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ ថ្ងៃ​បុណ្យ​ទាន​ខុស​ពី​ថ្ងៃ​ធម្មតា ។ ពេល​បុណ្យ​ទាន​ធំ​ៗ​បែប​នេះ អ្នក​ធ្វើ​ដំណើរ​ភាគច្រើន ឬ​ស្ទើរតែ​ទាំងអស់ គឺ​សម្រុក​ចេញពី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត ហើយពី​បណ្ដា​ខេត្ត​មក​វិញ ស្ទើរតែ​អត់​មាន​អ្នក​ជិះ​ទេ ។ អីចឹង ទើប​រៀងរាល់ថ្ងៃ​បុណ្យ​ទាន អ្នក​រត់​តាក់ស៊ី និង​រថយន្តឈ្នួល​ផ្សេង​ៗ​ទៀត​បាន​ដំឡើង​ថ្លៃ តែ​ការ​ដំឡើង​នេះ​មិន​ហួសហេតុ​ពេក​ទេ ។

លោក​និយាយ​ថា ៖« ចំពោះ​ខ្ញុំ​ដែល​ជា​អ្នក​រត់​តាក់ស៊ី​ប្រភេទ​រថយន្ដ​តូច​នេះ ដំឡើង​មិន​ច្រើន​ទេ ពោល​គឺ​ខុស​ពី​ថ្ងៃ​ធម្មតា​ប្រមាណ​៥.០០០​រៀល​ប៉ុណ្ណោះ » ។

លោក​បន្ត​ថា បើ​ទោះបីជា​គម្រោង​របស់​សាលាក្រុង​បាន​ផ្ដល់​រថយន្តក្រុង​ជិះ​ដោយ​ឥត​គិតថ្លៃ​ក៏​ដោយ ក៏​មាន​អ្នកដំណើរ​ខ្លះមក​រក​ជិះ​រថយន្ត​តាក់ស៊ី​ដែរ ព្រោះ​ពួក​គាត់​ត្រូវការ​ប្រញាប់​ទៅ​ស្រុក​ឲ្យ​បាន​ឆាប់ ។ ម្យ៉ាងទៀត មនុស្ស​ភាគច្រើន​បាន​ស្គាល់​ចំណត​នៅ​ភ្នំពេញ​ច្បាស់លាស់​ទៅ​ហើយ ខុស​ពី​រថយន្ត​របស់​សាលាក្រុង ដែល​បាន​ផ្ដល់​ជូន ត្រូវ​ទៅ​រង់ចាំ​នៅ​កន្លែង​ចំណត​មួយ​ឆ្ងាយ​ពី​កន្លែង​ស្នាក់​នៅ​របស់​ភ្ញៀវ ។

លោក​ថា ៖« អ្នក​ជិះ​រថយន្ដក្រុង​របស់​រដ្ឋ អាច​ជា​អ្នក​មិនសូវ​មាន​លុយ ឬ​មាន​សមាជិក​ច្រើន ហើយ​ត្រូវ​ទៅ​ឆ្ងាយ ដូចនេះ ទើប​ពួក​គាត់​ត្រូវការ​សន្សំ​លុយ​ទុក​សម្រាប់​ជួបជុំ​បងប្អូន​នៅ​ស្រុក ។ សម្រាប់​អ្នក​ដែល​មាន​លុយ​ល្មម​ៗ គេ​អាច​ជិះ​រថយន្តឈ្នួល ឬ​តាក់ស៊ី ព្រោះ​ជិះ​ទៅ​ដល់​ផ្ទះ​តែ​ម្ដង » ។
ចំណែក​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ទួ​រី​ស ភ្នំពេញ​-​កំពត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ឡើងថ្លៃ​មិន​ខ្ពស់​ហួសហេតុ​ទេ ហើយ​ការ​ឡើងថ្លៃ​នេះ ក៏​ដើម្បី​ទប់ទល់​នឹង​ថ្លៃ​ប្រេង​ពេល​ត្រឡប់​មក​ភ្នំពេញ​វិញ ដោយ​រថយន្ដ​ទទេ​ដែរ ។

លោក​និយាយ​ថា ៖« ពេល​ចូល​ឆ្នាំ​អីចឹង​រថយន្ត​ពី​បណ្ដា​ខេត្ត​ឡើង​មក​ភ្នំពេញ អត់​សូវ​មាន​អ្នក​ជិះ​ទេ ព្រោះ​ភាគច្រើន​គេ​នៅ​ស្រុក​ចូល​ឆ្នាំ​ជាមួយ​បងប្អូន ។ អីចឹង ពេល​ចេញពី​ខេត្ត​មក​ភ្នំពេញ មាន​តែ​រថយន្ដ​ទទេ លុះត្រាតែ​ត្រឡប់​ពី​ភ្នំពេញ​ទៅ​ខេត្ត​វិញ ទើប​មាន​អ្នក​ជិះ អីចឹង​ហើយ​ទើបត្រូវ​ឡើងថ្លៃ​បន្តិច​ដើម្បី​ឲ្យ​រួចខ្លួន និង​អាច​ចំណេញ​ខ្លះ » ។

លោក ភឹង ច​ន្ថា បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខាង​មុខ​នេះ លោក​នឹង​ជ្រើសរើស​យក​រថយន្តឈ្នួល​ឯកជន​សម្រាប់​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក ហើយ​ទុក​ឱកាស​ឲ្យ​អ្នក​មិនសូវ​មាន​លទ្ធភាព​ជា​អ្នក​ជិះ​រថយន្ត​របស់​សាលាក្រុង​វិញ ។
លោក​បន្ត​ថា ៖« សម្រាប់​ខ្ញុំ​អាច​មាន​លទ្ធភាព​ជិះ​រថយន្តឈ្នួល​ឯកជន​បាន ព្រោះ​រថយន្ត​ឯកជន​លឿន និង​មិន​ពិបាកទៅ​រក​កន្លែង​ជិះ​ដូច​រថយន្ត​ដែល​សាលាក្រុង​ផ្ដល់​ជូន​ដោយ​ឥត​គិតថ្លៃ នោះ​ទេ ។ ម្យ៉ាងទៀត ការ​ជិះ​រថយន្តឈ្នួល​ឯកជន គឺ​អាច​ចេញ​ទៅ​ពេល​ណា​ក៏​បាន​ដែរ ព្រោះ​គេ​មាន​ម៉ោង​ចេញដំណើរ​ច្រើន​ដង ។ ខ្ញុំ​ចង់​ទុក​ឲ្យ​អ្នក​ដែល​មិន​មាន​លទ្ធភាព ជា​អ្នក​ជិះ​រថយន្តក្រុង​របស់​រដ្ឋ​ទៅ​ចុះ ព្រោះ​អាច​ឲ្យ​ពួក​គេ​សន្សំ​ថវិកា​បាន​មួយ​ចំនួន​ផង​ដែរ » ។

ចំណែក​បងប្អូន​កម្មករ​-​កម្មការិនី​រោងចក្រ​មួយ​ចំនួន​ក៏​បាន​បញ្ជាក់​ស្រ​ដៀង​គ្នា​ថា ពួក​គាត់​នឹង​ជ្រើសរើស​យក​សេវាកម្ម​រថយន្តឈ្នួល​ដដែល ពីព្រោះ​រថយន្តឈ្នួល ជា​ពិសេស​ទួ​រី​ស អ្នកបើកបរ​ជា​អ្នក​នៅ​ក្នុង​ស្រុកភូមិ ដូចនេះ ពួក​គាត់​នឹង​មក​យក​ដល់​កន្លែង​ស្នាក់​នៅ ហើយ​ពេល​ទៅ​ដល់​ស្រុក ក៏​ពួក​គាត់​ជូន​ដល់​ផ្ទះ​ដែរ ។ ចំណែក​រថយន្តក្រុង​វិញ ត្រូវធ្វើ​ដំណើរ​ទៅ​កន្លែង​ជួបជុំ​ម្ដង ហើយ​ពេល​ដល់​ខេត្ត ក៏​ត្រូវ​ជិះ​បន្ត​ទៅ​ផ្ទះ ដូចនេះ ត្រូវ​អស់​លុយ​ថ្លៃ​ជិះ​ទៅ​ផ្ទះ ឬ​ពិបាក​បងប្អូន​មក​ទទួល​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ