ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្របច្បាប់និងខុសច្បាប់ កំពុង​សម្រុកចេញពីថៃមកលេងស្រុកថ្ងៃចូល​ឆ្នាំ​ខ្មែរ​​

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​២​ទៅ៣​ថ្ងៃ​កន្លង​មក​ហើយ ដែល​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ឯ​ប្រទេស​ថៃ ​បាន​សម្រុកចូល​មក​កម្ពុជា​ក្នុង១​ថ្ងៃ​ៗ​ពី​៤០០​ទៅ​៥០០​នាក់ ចំណែក​ពលករ​ចូលទៅ​ប្រទេស​ថៃ​ខុសច្បាប់​ ក៏​ត្រូវ​បាន​ចាប់​បញ្ជូន​មក​វិញ​ពី​១០០​ ទៅ​១៥០​នាក់​ដែរ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​២​ទៅ៣​ថ្ងៃ​កន្លង​មក​ហើយ ដែល​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ឯ​ប្រទេស​ថៃ ​បាន​សម្រុកចូល​មក​កម្ពុជា​ក្នុង១​ថ្ងៃ​ៗ​ពី​៤០០​ទៅ​៥០០​នាក់ ចំណែក​ពលករ​ចូលទៅ​ប្រទេស​ថៃ​ខុសច្បាប់​ ក៏​ត្រូវ​បាន​ចាប់​បញ្ជូន​មក​វិញ​ពី​១០០​ ទៅ​១៥០​នាក់​ដែរ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី ស៊ឹ​ម សំអាត នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​៩ ខែមេសា ថា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រយៈពេល​២​ទៅ​៣​ថ្ងៃនេះ ពលករ​ខ្មែរ​ដែល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​ក្នុង​១​ថ្ងៃ​ៗ​ប្រមាណ​ជា​៤០០​ទៅ​៥០០​នាក់ គឺ​ច្រើន​ជាង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ដែល​ក្នុង​១​ថ្ងៃ​ៗ​មាន​ប្រមាណ​ជា​៣០០​ទៅ​៤០០​នាក់​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា ចំណែក​ពលករ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​រយៈពេល២​ទៅ​៣​នេះ ក្នុង​១​ថ្ងៃ​ៗ​មាន​ប្រមាណ​ជា​១០០ទៅ​១៥០​នាក់ បើ​ប្រៀបធៀប​នឹង​ស​ប្តា​ហ៍​មុន១​ថ្ងៃ​ៗ​មាន​ប្រមាណ​ជិត​១០០​នាក់ ។ ភាគច្រើន ពួក​គាត់​ជា​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​តាម​រយៈ​មេខ្យល់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​វិញ ។ លោក​ឧត្តមសេនីយ៍ត្រី ស៊ឹ​ម សំអាត ថ្លែង​ទៀត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់ ហើយ​ត្រឡប់​មកស្រុក​កំណើត​វិញ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី គឺ​កើតមាន​រាល់ថ្ងៃ​រហូត​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ទើប​ស្ងាត់ ។

លោក​បាន​សំណូមពរ កុំ​ឲ្យ​រថយន្តឈ្នួល​ឡើងថ្លៃ ព្រោះ​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ប្រជា​ពលរដ្ឋ​ខ្មែរ​សម្រុកចូល​មក​ស្រុក​កំណើត​វិញ រថយន្តឈ្នួល​ឡើងថ្លៃ​ណាស់ ។ស្រប​ពេល​ដែល​ភាគី​ទាំង​២ កម្ពុជា​-​ថៃ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចំពោះ​ពលករ​ស្នាក់​នៅ និង​ធ្វើការ​នៅ​ទឹកដី​ថៃ ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​វិល​ត្រឡប់​មក​ស្រុក​កំណើត ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ​ដោយ​​មិន​យក​ប្រាក់ គេ​ឃើញ​ពលករ​នាំ​គ្នា​សម្រុក​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ច្រើន​ខុស​សព្វមួយដង សម្រាប់​ថ្ងៃ​ទី​៨ ខែមេសា និង​ថ្ងៃ​៩ ខែមេសា ។ ខណៈ​ក្រុម​ពលករ​ត្រឡប់​ពី​ថៃ​ច្រើន តាម​ដងផ្លូវ​ជាតិ​លេខ​៥​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ពិសេស​តាម​មុខ​សាខា​លក់​សំបុត្រ​រថយន្តក្រុង មានការ​កកស្ទះ​ស្ទើរ​ធ្វើ​ដំណើរ​មិន​ចង់ទៅ​មុខ ព្រោះតែ​រទេះ​ធំ​ៗ​និង​ម៉ូតូ​កង់​បី ចត​លើកដាក់​អីវ៉ាន់ និង​មានការ​លក់​នំចំណី ផ្លែ​ឈើ​ច្រើន ធ្វើ​ឱ្យ​សមត្ថកិច្ច​ឈឺក្បាល មិន​តិច​ឡើយ ព្រោះ​ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ ។

រីឯ​រថយន្ត​ក៏​មាន​ចំនួន​កើនឡើង​ដែរ ដែល​មួយ​ចំនួន​ធំ​ជា​រថយន្ត​តាក់ស៊ី តែ​មួយ​ចំនួន​ទៀត​មក​ពី​តាម​បណ្តា​ខេត្ត​ជា​រថយន្ត​គ្រួសារ​រង់ចាំ​ដឹក​សាច់ញាតិ​វិល​ត្រឡប់​ពី​ថៃ ។ សំបុត្រ​រថយន្ត​តូច​ធំ​តាម​ទីតាំង​សាខា​លក់​សំបុត្រ​មួយ​ចំនួន បាន​ឡើងថ្លៃ​ខុស​ពី​មុន កន្លែង​ខ្លះ​រហូត​ម្នាក់​៤០០​បាត (​ប្រាក់​ថៃ​) និង​កន្លែង​ខ្លះ​រហូត​ដល់​ទៅ​៥០០​បាត ប៉ុន្តែ​កន្លែង​ខ្លះ​ក៏​លក់​ក្នុង​តម្លៃ​ធម្មតា​ព្រោះ​ជា​ម៉ូយ​ប្រចាំ​របស់​ពួក​គេ​ទាំង​ទៅ​ទាំង​មក ។ ពល​ករ​ឆ្លង​ព្រំដែន​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិខាងលើ សម្រាប់​ថ្ងៃ​៩ ខែមេសា ហាក់​គគ្រឹកគគ្រេង​ណាស់​ចំពោះ​អ្នក​មក​ពី​ធ្វើការ​រោងចក្រពិសេស​អ្នក​ប្រើប្រាស់​ប័ណ្ណ​ស៊ី​ជម្ពូ​/​លិខិតឆ្លងដែន​ការងារ​ក្នុង​លក្ខណៈ​ជើង​ដំណើរ​ធម្មតា ។ ដោយឡែក ពលករ​ដែល​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន Border Pass ធ្វើការ​តាម​ស្រុក​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ដូច​ជា ស៊ីឈ្នួល​ធ្វើ​ចម្ការ​កាប់​អំពៅ ក៏​វិល​ត្រឡប់​ជា​លក្ខណៈ​គ្រួសារ មាន​កូនចៅ​តូច​ៗ មក​ជាមួយ និង​សម្ភារ​ឆ្នាំង​ចាន​របស់របរ​ដឹក​ពេញ​ៗ​រទេះ​តែ​ម្តង ។

គេ​កត់សម្គាល់​ឃើញ​ថា ការ​ឆ្លង​ព្រំដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឆ្នាំ​នេះ​ងាយស្រួល​ជាង​ឆ្នាំ​មុន​ៗ ។ នេះ​បើ​យោង​តាម​ការ​សាកសួរ​ផ្ទាល់​ជាមួយ​ក្រុម​ពលករ គឺ​អ្នកមាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ អាជ្ញាធរ​និង​សមត្ថកិច្ច​ប្រចាំ​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​២ មិន​យក​ប្រាក់​លើ​សេវា​ណាមួយ​ឡើយ លើកលែងតែ​ពលករ​ដែល​វិល​ត្រឡប់​ដោយ​ខុសច្បាប់ គឺ​ត្រូវចំណាយ​ប្រាក់​ម្នាក់​៥០០​ទៅ​៦០០​បាត ឱ្យ​មេខ្យល់​ដែល​គេ​សង្ស័យ​ថា អាច​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ថៃ​ទើប​ឆ្លង​ដែន​បាន ។ជុំវិញ​ករណី​យក​លុយ​ពី​ពលករ​នេះ សមត្ថ​កិច្ច​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បដិសេធ​ថា​មិន​បានដឹង​ទេ ព្រោះ​ខាង​កម្ពុជា​បាន​បើកចំហ​មិន​មានការ​ត្រួតពិនិត្យ​អ្វី​នោះ​ឡើយ សូ​ម្បី​តែ​សេវា​ឯកសារ​ផ្សេង​ៗ​ក៏​មិន​យក​ប្រាក់​ពី​ពលករ​ដែរ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ