ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ និង​មន្ត្រី​២​នាក់​ពាក់ព័ន្ធ​ការ​ចោទប្រកាន់​បទ​ក្លែង​ដោយ​អ្នកជំនាញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ូ ស៊ី​វុ​ត្ថា ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ លោក ស៊ូ ស៊ី​វុ​ត្ថា ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៨ បាន​ចូលខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ដំណើររឿង​ក្លែង​ដោយ​អ្នកជំនាញ​ដែល​ចោទប្រកាន់​ដោយ​ព្រះរាជអាជ្ញា​អម​តុលាការ​។ មាន​មន្ត្រី​ជំនាញ​ផ្នែក​សូ​រិ​យោ​ដី​៣​នាក់ ផ្សេង​ទៀត​ក៏​បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​តុលាការ​ផង​ដែរ​ក្នុង​នាម​ជា​សាក្សីដោះបន្ទុក​ឲ្យ​ជន​ត្រូវ​ចោទ​ស៊ូ ស៊ី​វុ​ត្ថា​។ នៅ​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ទាំង​ជន​ត្រូវ​ចោទ ទាំង​សាក្សី​បំភ្លឺ​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ ត្រលប់​ទៅ​ផ្ទះ​វិញ​។ សូម​រំលឹក​ថា​សំណុំរឿង​លោក ស៊ូ ស៊ី​វុ​ត្ថា កាន់តែ​ក្តៅ​ហើយ​ទោះបីជា​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​រូប​នេះ​កំពុង​ស្ថិត​ក្រៅ​សំណាញ់​ច្បាប់​ក៏​ដោយ​។ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​អំពី​ការ​ចោទប្រកាន់​នេះ ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​មាន​ចំណាត់ការ​បន្ត​ទៀត​។

លោក ស៊ូ ស៊ី​វុ​ត្ថា ត្រូវ​បាន​លោក ស៊ិ​ន វី​រៈ ព្រះរាជអាជ្ញា​រង​ចោទប្រកាន់​ពី​បទ​ក្លែង​ដោយ​អ្នកជំនាញ តាម​មាត្រា​៥៥១​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​។ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​ទៅ លោក យ៉េ​ត ចរិយា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អំពី​ការ​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ ស៊ូ ស៊ី​វុ​ត្ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ប្រធាន​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ ដោយ​យោង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៧៣៥ ចុះ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​មាត្រា​៥១​ថ្មី នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រក​ឃើញ​ថា លោក ស៊ូ ស៊ី​វុ​ត្ថា មាន​តម្រុយ​សន្មត់​ថា បាន​ប្រព្រឹត្ត​បទល្មើស​ក្លែង​ដោយ​អ្នកជំនាញ​ប្រាកដ​មែន​។ ហេតុ​ដូច្នេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ ស៊ូ ស៊ី​វុ​ត្ថា តាម​មាត្រា​៥៥១​នៃ​ក្រមព្រហ្មទណ្ឌ​។

យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​បង្ហាញ​ថា លោក ស៊ូ ស៊ី​វុ​ត្ថា ដែល​ជា​អ្នកជំនាញ​ខាង​រដ្ឋបាល​បាន​ធ្វើ​សេចក្ដី​បញ្ជាក់​មួយ​តាម​រយៈ​លិខិត​លេខ​០៧៧​របក ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ផ្ញើ​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រង់​ទំព័រ​ទី​២ បន្ទាត់​ទី​៧ ដែល​មាន​ខ្លឹមសារ​ថា ឈ្មោះ នុ​ត រស្មី បាន​មាន​ប្រសាសន៍​ថា បើ​មាន​បណ្តឹង​ពី​បុគ្គល​ណាមួយ សូម​ឲ្យ​ទៅ​ដោះស្រាយ​នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ ហើយ​ពួក​ខ្លួន ពុំ​អាច​ផ្អាក​សកម្មភាព​បាន​ទេ លុះត្រាតែ​សាលា​ខណ្ឌ​មក​ផ្អាក​ទើប​ខ្លួន​ផ្អាក​សកម្មភាព​បាន​។ ព្រះរាជអាជ្ញា​ចាត់​ទុក​ថា​ខ្លឹមសារ​នៃ​លិខិតបញ្ជាក់​នេះ គឺជា​ការ​ក្លែង​ទិន្នន័យ​នៃ​របាយការណ៍ ជា​លាយលក្ខណ៍អក្សរ​របស់​ខ្លួន ដែល​ត្រូវ​អាជ្ញាធរ​ចាត់​ទុក​ថា​ជា​ការ​ពិត ហើយ​ត្រូវ​កងរាជអាវុធហត្ថ​ជឿជាក់ ហើយ​បាន​ដាក់បន្ទុក​លើ​ឈ្មោះ នុ​ត រស្មី ហើយ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង នៅ​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ដែល​មាន​តម្លៃ​ច្រើន​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ