ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​វី​ដេ​អូ​របស់​អង្គការ IOM X ដើម្បី​អប់រំ​ដល់​ស្ត្រី​កម្ពុជា​អំពី​ការ​រៀប​ការ​ដោយ​បង្ខំ​ទៅ​ប្រទេស​ចិន​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​វ័យក្មេង​មក​ពី​ជនបទ​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ជួញដូរ​ដើម្បី​រៀប​​ការ​ដោយ​បង្ខំ នៅ​ប្រទេស​ចិន​។ អង្គការ IOM X បាន​ចាក់​បញ្ចាំង​ខ្សែ​វី​ដេ​អូ​លើក​ដំបូង​​មួយ​កាលពី​ថ្ងៃ​ទី ៤…

​រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​វ័យក្មេង​មក​ពី​ជនបទ​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ជួញដូរ​ដើម្បី​រៀប​​ការ​ដោយ​បង្ខំ នៅ​ប្រទេស​ចិន​។ អង្គការ IOM X បាន​ចាក់​បញ្ចាំង​ខ្សែ​វី​ដេ​អូ​លើក​ដំបូង​​មួយ​កាលពី​ថ្ងៃ​ទី ៤ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​លើកកម្ពស់​ការ​អនុវត្ត និង​លើក​ទឹក​ចិត្ត​ស្ត្រី​កម្ពុជា​វ័យក្មេង​ឲ្យ​ធ្វើការ​ស្វែងរក​ព័ត៌មាន​មុន​ពេល​សម្រេច​​​ចិត្ត​រៀប​ការ​ដើម្បី​ទៅ​រស់នៅ​ក្រៅប្រទេស​។​

​អង្គការ IOM X គឺជា​យុទ្ធនាការ​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក ​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​។​

​ការ​រៀប​ការ​ដែល​គេ​រៀបចំ​ឲ្យ​នៅ​ប្រទេស​កម្ពុជា គឺជា​ការ​អនុវត្ត​ដែល​មានការ​ទទួល​ស្គាល់​​ដោយ​សង្គម ជា​ពិសេស​នៅ​តាម​ទី​ជនបទ ដូច្នេះ​ហើយ​ការ​រៀប​ការ​ទៅ​ប្រទេស​ចិន រៀបចំ​ដោយ​មេខ្យល់ គឺ​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​។ មាន​ស្ត្រី​ជា​ច្រើន​ទៅ​ប្រទេស​ចិន​​ដោយ​ស្ម័គ្រចិត្ត ដោយសារ​តែ​ការ​លួងលោម​ថា នឹង​មានឱកាស​រក​លុយ​ផ្ញើ​ត្រឡប់​មក​ផ្ទះ​វិញ​។​

​ជា​រឿយ​ៗ ស្ត្រី​ទាំងនោះ ជឿជាក់​ថា ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​គូស្រករ និង​បដិ​សេធ​អាពាហ៍ពិពាហ៍ ប្រសិនបើ​ពួក​គេ​មិន​ពេញចិត្ត​។ មេខ្យល់ នឹង​ប្រាប់​ដល់​ស្ត្រី​ទាំង​នោះ​​ថា ពួក​គេ​នឹង​អាច​ផ្ញើ​ប្រាក់​មក​ផ្ទះ ដោយសារ​ការ​រៀប​ការ​ជាមួយ​បុរស​អ្នកមាន ឬ​អាច​​ធ្វើការ​នៅ​ប្រទេស​ចិន​បាន​។ បើ​ទោះបីជា​មាន​ស្ត្រី​ជា​ច្រើន​ចំណាកស្រុក​ទៅ​ចិន​ដើម្បី​​រៀប​ការ ហើយ​រីករាយ​នឹង​ជីវិត​របស់​ពួក​គេ​នៅ​ទីនោះ​ក៏​ដោយ ប៉ុន្តែ​ស្ត្រី​មួយ​ចំនួន ត្រូវ​​បាន​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​បុរស​ដែល​ពួក​គេ​មិន​ពេញចិត្ត​។ ស្ត្រី​ជា​ច្រើន ក៏​មិន​បាន​ដឹង​ដែរ​ថា ដើម្បី​អាច​ធ្វើការ​ស្របច្បាប់​នៅ​ប្រទេស​ចិន​បាន ពួក​គេ​ត្រូវ​ចុះបញ្ជី​អាពាហ៍​ពិពាហ៍​​ស្របច្បាប់​របស់​ពួក​គេ ហើយ​រស់នៅ​ប្រទេស​ចិន​បាន​រយៈពេល​៥​ឆ្នាំ​ជា​មុន​សិន។​

​ការ​ពិត​គឺ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ណាស់ ទៅ​នឹង​អ្វី​ដែល​គេ​សន្យា​ជាមួយ​ស្ត្រី​វ័យក្មេង​ទាំង​នោះ​។ ពួក​គេ​ជា​រឿយ​ៗ មិន​មាន​ជម្រើស​ថា ត្រូវ​រៀប​ការ​ជាមួយ​អ្នក​ណា​ឡើយ ហើយ​ជា​ទូទៅ​ត្រូវ​បាន​គេ​លក់​។ ថ្វីបើ​អ្នក​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​ចិន បាន​បន្ត​កិច្ច​ប្រឹងប្រែង​ក្នុង​​បំបាត់​ការ​អនុវត្ត​បែប​នេះ​ក៏​ដោយ ក៏​នៅ​មាន​របាយការណ៍​ជា​ច្រើន​អំពី​ស្ត្រី​ដែល​បាន​រៀប​​ការ​ទៅ​ចិន​នោះ ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ ការ​រំលោភ​បំពាន ត្រូវ​បាន​គេ​បង្ខំ​​ឲ្យ​ធ្វើ​ការងារ ត្រូវ​បាន​គេ​ដកហូត​យក​ឯកសារ​អត្តសញ្ញាណ និង​មិន​ទទួល​បាន​សិទ្ធិ​ជា​​មូលដ្ឋាន​មួយ​ចំនួន​របស់​ពួក​គេ​ផង​ដែរ​។​

​អង្គការ IOM X ចាប់​ដៃគូ​ជាមួយ​មណ្ឌល​ព័ត៌មាន​ស្ត្រី (WMC) ផលិត​ខ្សែភាពយន្ត​មួយ​ឈ្មោះ «​ការ​ចំណាក​​ស្រុក​ដោយ​ជោគជ័យ​»​។ WMC គឺជា​អង្គការក្រៅរដ្ឋាភិបាល​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយ​ដែល​មិន​រក​ប្រាក់​ចំណេញ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​មធ្យោ​បាយ ​ដើម្បី​សម្រេច​បាន​នូវ​សមធម៌​យេ​ន​ឌ័​រ​នៅ​ក្នុង​ប្រទេស​​កម្ពុជា ដោយ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​សង្គម សេដ្ឋកិច្ច នយោបាយ និង​ផ្លូវច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី​។​

​អង្គការ IOM ប្រចាំ​នៅ​កម្ពុជា​រួម​ជាមួយនឹង WMC គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​​ជួញដូរ​មនុស្ស (NCCT) ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (MoFAIC) អង្គការ UN-ACT អង្គការ Winrock អង្គការ​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី និង​កុមារ LSCW និង​អង្គការ​CCPCR នឹង​រៀបចំ​កម្មវិធី​វិទ្យុ ជា​​ឈុត​ចំនួន​បួន​លើក ដើម្បី​លើកកម្ពស់​ចំណេះដឹង​អំពី​ហានិភ័យ​នៃ​ការ​ចំណាកស្រុក​តាម​រយៈ​ការ​រៀប​ការ​ទៅ​ប្រទេស​ចិន ចំណាកស្រុក​ដោយ​ភាព​វៃឆ្លាត របៀប​នៃ​ការ​រៀបចំ​ឯកសារ ដើម្បី​ធ្វើ​​ចំណាក​ស្រុក និង​បញ្ហា​ប្រឈម​ដែល​ស្ត្រី អាច​ជួប​ប្រទះ​នៅ​ពេល​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​។​

​កម្មវិធី​វិទ្យុ​ទាំង​បួន​លើក​នេះ នឹង​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​ព្រ​ហ​ស្បត៍ ចាប់ពី​ម៉ោង 2:10-3:00​រសៀល នៅ​វិទ្យុ​ស្ត្រី​កម្ពុជា FM102 ចាប់ពី​ថ្ងៃ​ទី 5 ដល់​ថ្ងៃ​ទី 26​ខែមេសា​ទៅ​។ កម្មវិធី​វិទ្យុ​នេះ នឹង​ចាក់​ផ្សាយ​ឡើង​វិញ​រៀងរាល់ថ្ងៃ​ច័ន្ទ​ ចាប់ពី​ម៉ោង 4:10 ដល់ 4:35​នាទី​រសៀល ចាប់​ពី​ថ្ងៃ​ទី​9 មេ​សា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី 30 មេ​សា​។​

​វិទ្យុ វាយោ VAYO FM នឹង​ធ្វើការ​ចាក់​ផ្សាយ​នូវ​ការ​ចម្លង​កម្មវិធី​ផ្សាយ​ផង​ដែរ ​នេះ​នៅ​ថ្ងៃ​ទី 17, 18, 20, 21, 22 ​និង​ថ្ងៃ​ទី30 ​ចាប់ពី​ម៉ោង 4:10​នាទី រសៀល​។​

​ខ្សែ​វី​ដេ​អូ​នឹង​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍ PNN នៅ​ថ្ងៃ​ទី5 ដល់ 6​មេ​សា ចាប់ពី​ម៉ោង 7:50 ដល់​8:00 យប់ និង​នៅ​ទូរទស្សន៍​ MyTV​ នៅ​ថ្ងៃ​ទី 7 ដល់​8​ មេ​សា ចាប់ពី​ម៉ោង 9:10 ដល់​9:20 នាទី​ព្រឹក​។​

​លើស​ពី​នេះ​ទៅ​ទៀត ក្រុមការងារ​របស់ ​WMC នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​ភូមិ​តា​អុង ឃុំ​អុង ស្រុក​​ចំការលើ ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃ​ទី 23 ដល់​26 ​ខែមេសា ដើម្បី​ចាក់​បញ្ចាំង​ខ្សែ​វីដេ​អូ​នេះ​ទៅ​ដល់​សហគមន៍​ក្នុងភូមិ​នោះ​។​

​ដើម្បី​ទស្សនា​ខ្សែភាពយន្ត​នេះ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ ៖ https://youtu.be/P7C7fBGmk_Q

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ