រាជធានីភ្នំពេញ៖ បុរសចំណាស់ដែលជាអ្នកលក់ទឹកត្នោតជូរម្នាក់ ខណៈចេញពីផ្ទះទៅឡើងត្នោត ស្រាប់តែបាត់ឈឹងមិនឃើញត្រឡប់មកវិញ ដោយសង្ស័យ ទើបប្រពន្ធបានទៅតាមរក ក៏ប្រទះឃើញដេកស្លាប់នៅក្រោមដើមត្នោតយ៉ាងអាណោចអាធ័ម ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៨ មេសា ក្នុងរបងដីឡូត៍ទំនេរមួយកន្លែង ស្ថិតក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះខាងលើឈ្មោះ កាក គីម អាយុ៥៥ឆ្នាំ មុខរបរជាអ្នកឡើងត្នោត ស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតក្នុងភូមិច្រកភ្នំ ឃុំគោគរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
តាមប្រភពពីសាច់ញាតិឲ្យដឹងថា បុរសរងគ្រោះរូបនោះមានប្រពន្ធ២នាក់ ដោយប្រពន្ធដើមមានកូន៤នាក់ តែបានស្លាប់ចោលទៅ បន្ទាប់មកគាត់រៀបការប្រពន្ធក្រោយម្នាក់ទៀតជាង៥ឆ្នាំមកហើយ ប៉ុន្តែអត់មានកូនឡើយ ក្រោយពីរៀបការរួចគាត់នាំប្រពន្ធមកស្នាក់នៅរកស៊ីឡើងត្នោតក្នុងភូមិត្រពាំងឈូក ដោយលក់ទឹកត្នោតជូរ។ គាត់បានឡើងដើមត្នោតជាច្រើនដើម ដោយក្នុងមួយថ្ងៃឡើង២ពេល គឺពេលព្រឹកម្ដង និងល្ងាចម្ដង ដោយឡែកនៅព្រឹកថ្ងៃកើតហេតុគាត់ជិះម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿងចេញពីរោងលក់ទឹកត្នោតជូរទៅឡើងត្នោតដូចសព្វដង ស្រាប់តែបាត់រហូតមិនឃើញត្រឡប់ទៅវិញ គឺខុសពីទម្លាប់រាល់ថ្ងៃ ដែលកន្លងមកនៅម៉ោងត្រឹម៩ព្រឹកគាត់តែងតែយកទឹកត្នោតត្រឡប់ទៅដល់រោងវិញ។
ប្រភពខាងលើបន្តទៀតថា លុះដល់ពេលកើតហេតុដោយមានការសង្ស័យ ព្រោះបាត់យូរពេក ប្រពន្ធបានដើររកតាមកន្លែងដែលគាត់ធ្លាប់ឡើងត្នោត ក៏ប្រទះឃើញគាត់ដេកស្លាប់នៅក្រោមត្នោត១ដើមកម្ពស់ប្រហែល១៥ម៉ែត្របាត់ទៅហើយ។ ពេលនោះប្រពន្ធបានហៅអ្នកស្រុកឲ្យជួយមើល និងបានផ្ដល់ព័ត៌មានដល់នគរបាលឲ្យទៅពិនិត្យមើល ហើយលទ្ធផលឃើញថា ជនរងគ្រោះបាក់ក និងប៉ះពាល់គ្រឿងក្នុង ព្រោះតែការធ្លាក់ពីលើទីខ្ពស់ពេក។ បន្ទាប់មកប្រពន្ធបានជួលរថយន្តដឹកសពទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណីដោយគ្មានការប្ដឹងប្តល់អ្វីឡើយ៕
ចែករំលែកព័តមាននេះ