ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវា​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក ដាក់​ឱ្យ​ដំណើរការ​ជា​ប្រវត្តិសាស្ត្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​មួយ​ហើយ​នៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​របស់​រដ្ឋ ដោយ​ចាប់ពី​ព្រែក​ព្នៅ ដល់​ក្រុង​តា​ខ្មៅ ។ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល…

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​មួយ​ហើយ​នៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​របស់​រដ្ឋ ដោយ​ចាប់ពី​ព្រែក​ព្នៅ ដល់​ក្រុង​តា​ខ្មៅ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា ការ​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​ពី​ព្រែក​ព្នៅ​-​តា​ខ្មៅ នៅ​ថ្ងៃនេះ (​ថ្ងៃ​ទី​៦ មេ​សា ឆ្នាំ​២០១៨) គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ ដែល​ពី​មុន​មិន​ធ្លាប់​មាន​ទេ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ការ​ឆ្លើយ​តប​តាម​ការ​សន្យា​ជាមួយ​ប្រជា​ពល​រដ្ឋ​នា​ពេល​កន្លង​មក​ដែរ ។

ថ្លែង​ក្នុង​ពិធី​ដាក់​ដំណើរការ​កាណូត​ដឹក​អ្នកដំណើរ​សាកល្បង​ពី​ព្រែក​ព្នៅ​-​តា​ខ្មៅ កាលពី​ម្សិលមិញ លោក​ទេស​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ៖« ប្រវត្តិសាស្ត្រ​ជាតិ​យើង​ពី​មុន​មិន​ដែល​​ធ្លាប់​មាន​ទេ ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​កាណូត​បែប​នេះ ។ លើស​ពី​នេះ ក៏​ជា​ថ្ងៃ​ឆ្លើយ​តប​តាម​ការ​សន្យា​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជាមួយ​ប្រជាពលរដ្ឋ យើង​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​ឱ្យ​បាន​មុន​ចូល​ឆ្នាំ​ខ្មែរ » ។

លោក​បន្ដ​ថា ៖« ម្យ៉ាងវិញទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥត​គិតថ្លៃ​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ដាច់​ខែកក្កដា​ខាង​មុខ ជា​មួយ​​កាណូត​៣​គ្រឿង ដោយ​ក្នុង​១​គ្រឿង​អាច​ផ្ទុក​មនុស្ស​បាន​ពី​ចាប់ពី​៥៤​ដល់​៦០​នាក់ ។

ស្ថានីយ​ដែល​អាច​ដឹក​អ្នកដំណើរ​បាន​ពេល​នេះ​មាន​ចំនួន​៤​កន្លែង ក្នុង​ចំណោម​ស្ថានីយ​ទាំង​៦ ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច និង​ពី​ស្ថានីយ​មួយ​ទៅ​ស្ថានីយ​មួយទៀត​អាច​ប្រើ​ពេល​១០​នាទី និង​ឈប់​ចត​ឲ្យ​អ្នកដំណើរ​ចេញ​-​ចូល​នៅ​ស្ថានីយ​តិច​ជាង​១០​នាទី ដោយ​លើ​ទូក​នីមួយ​ៗ​មាន​អាវ​ពោង​សុវត្ថិភាព​សម្រាប់​ការពារ​អាយុជីវិត​បងប្អូន​ថែម​ទៀត » ។

លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ស្ថានីយ​ទាំងអស់​មាន​ចំនួន​៦​កន្លែង ក្នុង​នោះ​មាន ស្ថានីយ​ព្រែក​ព្នៅ​, ឫស្សី​កែវ​, ផ្សារ​ចាស់​,​ចតុមុខ​, ច្បារ​អំពៅ និង​តា​ខ្មៅ ប៉ុន្តែ​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ពេល​នេះ យើង​ទើបតែ​ដាក់​៤​ស្ថានីយ​ទេ (​លើកលែងតែ​ស្ថានីយ​ព្រែក​ព្នៅ និង​ស្ថានីយ​ច្បារ​អំពៅ​) ដោយសារ​ការ​សាងសង់​ពុំ​ទាន់​ចប់​សព្វគ្រប់​១០០%​នៅឡើយ » ។

លោក​លើក​ឡើង​ថា ៖« ក្រៅពី​នេះ យើងខ្ញុំ​កំពុង​តែ​គិតគូរ​ពង្រីក​ខ្សែ​រត់​បន្ថែម​ទៀត ដូច​ជា ទន្លេមេគង្គ​លើ ទៅ​ដល់​ស្ពាន​ព្រែក​តា​មា​ក់​, មេគង្គ​ក្រោម អាច​ទៅ​ដល់​កំពង់​ផែ​ស្វយ័ត​​ភ្នំពេញ និង​តាម​ទន្លេបាសាក់ យើង​អាច​បន្ត​ពី​តា​ខ្មៅ​ទៅ​ស្អាង និង​កោះធំ​បាន ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​នេះ ។

ម្យ៉ាងវិញទៀត យើង​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ឲ្យ​មាន​សេវា​ដឹក​ទំនិញ​តាម​ផ្លូវទឹក​ផង​ដែរ ទៅ​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​មានការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ទាំង​មនុស្ស និង​ទំនិញ ព្រោះ​ប្រទេស​ជាតិ​យើង​សម្បូរ​ផ្លូវទឹក​ច្រើន​ណាស់​ដែល​ពុំ​ទាន់​ប្រើ​អស់​សក្ដានុពល​នោះ​ទេ » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា គម្រោង​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​នេះ វា​នឹង​ផ្តល់​ជា​ជម្រើស​ថ្មី​មួយទៀត​សម្រាប់​អ្នកដំណើរ ហើយ​ជា​ជម្រើស​ល្អ ។

លោក​ថ្លែង​ថា ៖« នៅ​ពេល​ខាង​មុខ បើ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​កាន់តែ​ពិបាក និង​ចំណាយពេល​ច្រើន​នោះ ប្រជាពលរដ្ឋ​នឹង​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​មក​ទទួល​សេវា​តាម​ផ្លូវទឹក​វិញ ព្រោះ​អ្នក​ធ្វើ​ដំណើរ​តែងតែ​ចង់បាន​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល​គ្រប់ពេល » ។

លោក​ទេស​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ៖«​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​នេះ វា​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ និង​កាត់​បន្ថយ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ ។ យើង​អាច​ជិះ​ពី​ស្ថានីយ​ឫស្សី​កែវ ទៅ​តា​ខ្មៅ ប្រសិនបើ​យើង​ជិះ​រថយន្ដ រ៉ឺ​ម៉ក​កង់​បី ឬ​ម៉ូតូ អាច​ប្រើ​រយៈពេល​ជាង​១​ម៉ោង​កន្លះ ទៅ​តាម​ការ​កកស្ទះ​ចរាចរ​ជាក់ស្តែង ប៉ុន្តែ​នៅ​លើ​ផ្លូវទឹក​របស់​យើង​នេះ​អត់​មានការ​កក​ស្ទះ​អ្វី​ទាំងអស់ យើង​ទៅ​បាន​លឿន​ជាង ចំណាយពេល​មិន​ដល់​១​ម៉ោង គឺ​យើង​ទៅ​ដល់​តា​ខ្មៅ ហើយ​ចំណាយ​តិច​ទៀត » ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ដ​ថា ៖« ការ​ធ្វើ​ដំណើរ​តាម​កាណូត​នេះ​វា​លឿន​ជាង​រថយន្ត ប៉ុន្ដែ​យើង​មិន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ជិះ​កាណូត​ទេ តែ​ចង់ឱ្យ​ប្រជាពលរដ្ឋ​ជិះ​សាកល្បង​មើលទៅ តើ​ការ​ជិះ​តាម​ប្រភេទ​ណា​មាន​សុវត្ថិភាព​ជាង ចំណាយ​តិច​ជាង និង​លឿន​ជាង ទុក​ឱ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស » ។

តាម​ការ​បញ្ជាក់​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បន្ទាប់​ពី​បញ្ចប់​ការ​សាកល្បង​រយៈពេល​៤​ខែ​នេះ​ទៅ នឹង​ចាប់ផ្ដើម​គិតថ្លៃ​សេវា​ដោយ​ចាប់ពី​ព្រែក​ព្នៅ​ដល់​ក្រុង​តា​ខ្មៅ មាន​តម្លៃ​ត្រឹមតែ​៥.៥០០​រៀល​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ