ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​លែង​ខ្លាច​ខ្មោច ស្រប​ពេល​វិស័យ​សំណង់​កំពុង​មាន​សន្ទុះ​ខ្លាំង (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​ពុំ​ទាន់​សមាមាត្រ​នឹង​តម្រូវការ​នៅឡើយ ស្រប​ពេល​កំណើន​ប្រជាសាស្ត្រ និង​អ្នក​ចំណូល​មធ្យម​កើនឡើង​ឥត​ឈប់​ឈរ​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា សកម្មភាព​សាងសង់​បុរី និង​ការ​ពុះ​ជ្រៀក​ដី​ឡូត៍​លក់​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​គ្រប់​ទីកន្លែង…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​ពុំ​ទាន់​សមាមាត្រ​នឹង​តម្រូវការ​នៅឡើយ ស្រប​ពេល​កំណើន​ប្រជាសាស្ត្រ និង​អ្នក​ចំណូល​មធ្យម​កើនឡើង​ឥត​ឈប់​ឈរ​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា សកម្មភាព​សាងសង់​បុរី និង​ការ​ពុះ​ជ្រៀក​ដី​ឡូត៍​លក់​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​គ្រប់​ទីកន្លែង ពិសេស​នៅ​ជាយ​រាជធានី​ភ្នំពេញ សូ​ម្បី​តែ​កន្លែង​បញ្ចុះសព​ដែល​មាន​សុទ្ធតែ​ផ្នូរ​គួរ​ឲ្យ​ខ្លាច​នោះ បច្ចុប្បន្ន​នេះ​ក្លាយ​ជា​បុរី និង​ដី​ឡូត៍​អស់ហើយ​ដែរ​។ ចំណែក​ប្រជាពលរដ្ឋ​កំពុង​តែ​រក​ទទួលទាន​យ៉ាង​រលូន លែង​ខ្លាច​ខ្មោច​ដូច​កាលពី​ជំនាន់​ដើម​ទៀត​ហើយ ។

បើ​តាម​ទំនៀមទម្លាប់​ខ្មែរ​កាលពី​បុរាណ បាន​ប្រកាន់​យក​នូវ​អបិយ​ជំនឿ​ខ្លាំង​ណាស់​ទៅ​លើ​ការ​សាងសង់​លំនៅ​ឋាន​សម្រាប់​រស់នៅ ហើយ​មុន​នឹង​សាងសង់ បានរ​ត់រក​គ្រូ​ទស្សន៍​​ទាយ​គន់គូរ​មើល​ពី​ទីតាំង​ដែល​ត្រូវ​សង់​នោះ​យ៉ាង​ល្អិតល្អន់​បំផុត ។ និយាយ​រួម ពុំ​មែន​ចេះ​តែ​ហ៊ាន​សាងសង់​ផ្តេសផ្ដាស​ដោយ​ចិត្ត​ឯង​ទេ ជា​ពិសេស ទីតាំង​ស្ថិត​នៅ​ជិត​ផ្នូរ​ឬ​ម៉ុង​ខ្មោច និង​ជិត​ខ្ទម​អ្នកតា ជាដើម ។ ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​សម័យ​ទំនើប​បច្ចុ​ប្បន្ន​វិញ ដីធ្លី​មាន​តម្លៃ​ថ្លៃ​កប់​ពពក ពិសេស​នៅ​តំបន់​សក្ដានុពល​សេដ្ឋកិច្ច មិន​ថា​ជាទី​វាល​ស្មសាន​ដែល​ជាទី​កន្លែង​បញ្ចុះសព​ទេ បាន​ប្រែ​ក្លាយជា​ទីប្រជុំជន មានការ​សាង​សង់​​ផ្ទះសម្បែង​រស់នៅ​យ៉ាង​ត្រជាក់ត្រជុំ​សុខដុមរមនា​យ៉ាង​កក់ក្តៅ​ក្រោម​ដំបូល​សន្ដិ​ភាព និង​ការ​អភិវឌ្ឍ​ដែល​មាន​ថ្នាក់ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត ។

ជាក់ស្ដែង នៅ​ជិត​ទីលាន​បញ្ចុះសព​ដ៏​ធំ​មួយ​នៅ​មុខ​វត្ត​តា​ភេ​ម ដែល​មួយ​ផ្នែក​ស្ថិត​ក្នុង​សង្កា​ត់​កំ​បូល និង​មួយ​ផ្នែក​ទៀត​ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​មាន​ម៉ុង​ខ្មោច​រាប់​ម៉ឺន ដែល​តាំងពី​ដើម​មក គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​សង់ផ្ទះ​រស់នៅ​ទេ តែ​មក​ដល់​សម័យនេះ មាន​អ្នក​ទៅ​រស់នៅ​ជិត​ៗ​នោះ​បណ្ដើរ​ៗ​ហើយ​។ មិនតែប៉ុណ្ណោះ ក៏​មាន​ទាំង​ការ​ពុះ​ដី​ឡូត៍​លក់ និង​បង្កើត​បុរី​សាងសង់​ផ្ទះល្វែង​លក់​ថែម​ទៀត ។ កន្លែង​ខ្លះ​គ្រាន់តែ​សង់​របង​ខណ្ឌ ដើម្បី​បិទ​បាំង​មិន​ឲ្យ​មើលឃើញ​ម៉ុង​ខ្មោច​នៅ​ក្បែរ​ផ្ទះ​ប៉ុណ្ណោះ រីឯ​កន្លែង​ខ្លះ​ទៀត មិន​ទាំង​បាន​សាងសង់​របង​ផង ក៏​នៅ​តែ​លក់ដាច់​យ៉ាង​គគ្រឹកគគ្រេង ហើយ​អ្នក​រកស៊ី​ពុះ​ដី​ឡូត៍​លក់​នៅ​ទីនោះ ក៏​កំពុង​ត្រូវប៉ាន់​ដែរ ។

អ្នក​ពុះ​ដី​ឡូត៍​លក់​ដែល​សុំ​អត្ថាធិប្បាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ៖« ខ្ញុំ​បាន​ពុះ​ដី​ឡូត៍​លក់​នៅ​ម្ដុំ​ក្បែរ​ទីលាន​បញ្ចុះសព​ជិត​វត្ត​តា​ភេ​ម សង្កាត់​ត្រពាំង​ក្រសាំង គឺ​លក់​ដាច់​បាន​គួរសម ។ ដី​នៅ​ទីនោះ​ក្នុង​១​ឡូត៍ មាន​តម្លៃ​ចាប់ពី​៧​ពាន់​ទៅ​១៥.០០០​ដុល្លារ ហើយ​មាន​អតិថិជន​ទៅ​ទិញ​ជា​បន្តបន្ទាប់ ក្រោយ​ពុះ​ជា​ឡូត៍​រួច គឺ​លក់​អស់ មិន​ដែល​សល់​ឡើយ » ។

លោក​បន្ត​ថា កាលពីមុន លោក​នឹក​ស្មានថា ការ​ទិញ​ដី​ជិត​ម៉ុង​ខ្មោច ហើយ​ពុះ​ជា​ឡូត៍​លក់​មិន​ដាច់​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គ្រាន់តែ​ចាប់ផ្ដើម​ចាក់​ដី​មិន​ទាន់​បាន​ពុះ​ជា​ឡូត៍​ស្រួល​បួល​ផង មាន​អតិថិជន​ទៅ​កក់​លុយ​មុន​បាត់​ទៅ​ហើយ ។

តា​អាចារ្យ​បុណ្យសព និង​ពិធីបុណ្យ​ផ្សេង​ៗ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​រំដួល​ខាងត្បូង សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែនជ័យ មាន​ប្រសាសន៍​ថា តាម​ទំនៀមទម្លាប់ និង​អបិយ​ជំនឿ​តាំងពី​ដូនតា​មក គឺ​តែង​ប្រកាន់​មិន​ហ៊ាន​សង់ផ្ទះ​នៅ​ជិត​ផ្នូរ ឬ​ម៉ុង​ខ្មោច​មែន ដោយ​ខ្លាច​រស់នៅ​ពុំ​បាន​សុខ និង​មាន​ឧបទ្រពចង្រៃ ជាដើម ប៉ុន្តែ​ទាំងនោះ​គ្រាន់តែ​ជា​អបិយ​ជំនឿ​ត​ៗ​គ្នា​ប៉ុណ្ណោះ ។

លោកតា ហ៊ី ស៊ន ថែម​ទាំង​បាន​ពន្យល់​ថា ៖« បើ​តាម​ព្រះពុទ្ធ​សាសនា គ្មាន​ជំនឿ​បែប​នេះ​ទេ ការ​សាងសង់​នៅ​ជិត​ផ្នូរ ឬ​ម៉ុង​ខ្មោច គ្មាន​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​មុន​នឹង​សាងសង់ យើង​​ត្រូវធ្វើ​ពិធី​ក្រុង​ពលី​បួងសួង​ឧបកិច្ច​សុំ​សេចក្ដីសុខ​ពី​ម្ចាស់​ទឹក ម្ចាស់​ដី ព្រៃ​ព្រឹក្សា និង​ព្រលឹង​ខ្មោច​ព្រាយ​បិសាច​នៅ​ទីនោះ​ជា​មុន​សិន ទើបបាន​សេចក្ដីសុខ ចម្រុងចម្រើន ។ ជាក់ស្ដែង នៅ​ក្នុងភូមិ​រំដួល កាលពីដើម​ឡើយ មាន​ទីតាំង​មួយ​ចំនួន​ជា​កន្លែង​បូជា ឬ​បញ្ចុះសព​ដែរ ប៉ុន្តែ​បច្ចុប្បន្ន បាន​ក្លាយទៅជា​កន្លែង​សាងសង់​លំនៅ​ឋាន​អស់ហើយ ដូច្នេះ គ្មាន​បញ្ហា​ទេ » ។

ដោយឡែក ព្រះ​តេជគុណ វណ្ណ គង់នៅ​វត្ត​ពោធិ៍​វ័ន សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មាន​ថេរ​ដីកា​ដូច​គ្នា​នឹង​លោក​អាចារ្យ​ដែរ ដោយ​ព្រះ​អង្គ​បាន​លើក​ឡើង​ពី​អបិយ​ជំនឿ​ដែល​កើតឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​តាំងពី​បុរាណ​មក ។ ពេល​សាងសង់​ផ្ទះ​សម័យ​មុន គេ​មិន​ហ៊ាន​សង់​នៅ​ជិត​ផ្នូរខ្មោច​ឡើយ ព្រោះ​ខ្លាច​មិន​បាន​សេចក្តីសុខ និង​មានរឿង​រកាំរកូស​ផ្សេង​ៗ ប៉ុន្តែ​ការ​ពិត គ្មាន​បញ្ហា​ទេ ឲ្យ​តែ​មុន​ពេល​សាងសង់ យើង​ធ្វើ​ពិធី​ក្រុង​ពលី​បួងសួង​ឧបកិច្ច​សុំ​សេចក្ដីសុខ​ពី​ម្ចាស់​ទឹក ម្ចាស់​ដី ព្រៃ​ព្រឹក្សា និង​ព្រលឹង​ខ្មោច​ព្រាយ​បិសាច​ជា​មុន​សិន គឺ​រស់នៅ​បាន​សុខ​ហើយ ។

ចំណែក​ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សុំ​ឲ្យ​ហៅ​គាត់​ថា ម៉ាក់​សា​យ័ន្ត ជា​អ្នក​រស់នៅ​ជិត​ម៉ុង​ខ្មោច ស្ថិត​នៅ​ខាងលិច​សាលាសង្កាត់​ត្រពាំង​ក្រសាំង និយាយ​ថា អ្នកស្រី​មាន​ដើម​កំណើត​នៅ​ខេត្តព្រៃវែង និង​បាន​មក​រស់នៅ​ទី​នេះ​ជិត​១០​ឆ្នាំ​មក​ហើយ ។

អ្នកស្រី​ថា ៖« ខ្ញុំ​រស់នៅ​ទី​នេះ បាន​សុខ​សប្បាយ មិន​ដែល​ឃើញ​ខ្មោចលង ឬ​មានទុក្ខ​កង្វល់​អ្វី​ទេ មិន​ថា​តែ​ខ្ញុំ​ទេ អ្នក​ជិតខាង​ក៏​ដូច​គ្នា​ដែរ គឺ​គ្មាន​បញ្ហា​អ្វី​ផង » ។

អ្នកស្រី​លើក​ឡើង​ថា កាលពី​ទើប​មក​រស់នៅ​ប៉ុន្មាន​ឆ្នាំ​មុន ដី​នៅ​ទី​នេះ​ក្នុង​១​ឡូត៍ ទំហំ​៥​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ មាន​តម្លៃ​ត្រឹមតែ​ជាង​១​ពាន់​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ ឡើង​ដល់​ជាង​១​ម៉ឺន ឬ​២​ម៉ឺន​ដុល្លារ​ហើយ ។

អ្នកស្រី​ថា ៖« កាលពី​ជំនាន់​ដើម មនុស្ស​មិន​ហ៊ាន​រស់នៅ​ជិត​ខ្មោច​ទេ ប៉ុន្តែ​បច្ចុប្បន្ន​មិន​ដូច្នោះ​ឡើយ គឺ​រកតែ​ដី​នៅ​មិន​បាន​ផង បើ​គ្មាន​លុយ​ទិញ​ដី​ទេ ប្រាកដជា​យ៉ាប់​ហើយ ព្រោះ​ដី​កំពុង​ឡើងថ្លៃ​កប់​ពពក មិន​ថា​ដី​នៅ​ក្បែរ​ផ្នូរខ្មោច ឬ​ឆ្ងាយ​ពី​ផ្នូរខ្មោច​ទេ សុទ្ធតែ​រស់នៅ​បាន និង​មាន​តម្លៃ​ទាំងអស់ » ។

ទាក់ទង​នឹង​ទី​ស្មសាន​ក្លាយជា​បុរី និង​ដី​ឡូត៍​នេះ អ្នកជំនាញ​មើលឃើញ​ថា ដោយសារ​តម្រូវការ​លំនៅ​ឋាន​ចេះ​តែ​កើនឡើង ស្រប​ពេល​ដែល​តំបន់​នោះ​សម្បូរ​ដោយ​រោងចក្រ និង​ការងារ ទន្ទឹម​នឹង​ការ​ផ្គត់ផ្គង់​នៅ​មិន​គ្រប់គ្រាន់ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៦ មេ​សា ម្សិលមិញ​ថា នៅ​ពេល​តម្រូវការ​លំនៅ​ឋាន​បន្ត​កើនឡើង​នៅ​ក្នុង​តំបន់​នោះ នឹង​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ បង្ខំ​ប្រជ្រៀត​គ្នា​កាន់តែ​ច្រើន​ទៅ​ៗ ធ្វើ​ឱ្យ​មនុស្ស​លែង​ខ្លាច​ខ្មោច​ទៀត​ហើយ ។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖«​វា​ទាក់ទង​នឹង​តម្រូវការ​នៃ​ការ​រស់នៅ ព្រោះ​មនុស្ស​ចេះ​តែ​កើនឡើង តែ​ការ​ផ្គត់ផ្គង់​ថយ​ចុះ (​ដី​តូច​) ធ្វើ​ឲ្យ​មនុស្ស​ចេះ​តែ​ប្រជ្រៀត​គ្នា​រស់នៅ​។ ម្យ៉ាងទៀត នៅ​ក្បែរ​តំបន់​ទាំងនោះ​វា​សម្បូរ​រោងចក្រ និង​ការងារ » ។

លោក​បន្ត​ថា ៖« ការ​ផ្គត់ផ្គង់​ដី​ថយ​ទៅ​ៗ ហើយ​តម្រូវការ​លំនៅ​ឋាន​ចេះ​តែ​រីក​ឡើង​ពី
មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​តំបន់​ដែល​សម្បូរ រោងចក្រ​និង​ការងារ​នេះ នឹង​ធ្វើ​ឱ្យ​មនុស្ស​ចេះ​តែ​ប្រមូលផ្ដុំ​គ្នា​ទៅ​រស់នៅ​ទីនោះ​កាន់តែ ច្រើន​ឡើង​ៗ​។ អីចឹង មាន​អ្វី​ត្រូវ​ខ្លាច​ខ្មោច មាន​តែ ខ្មោច​ខ្លាច​មនុស្ស​វិញ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ