ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រង​គ្រោះ ៖ «​មុន​ចូល​ធ្វើការ​នាង​ខ្ញុំ​ទុក​ត្រង់​ហ្នឹង​ច្បាស់​ណាស់​…»

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​នារី​ឈ្មោះ ស​.​ស អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា…

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​នារី​ឈ្មោះ ស​.​ស អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ខ្លួន​បាន​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ ដែល​បាន​ចាក់សោរ​.​ក​ទុក​នៅ​កន្លែងធ្វើការ​លុះ​រសៀល​ខ្លួន​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ ហើយ​ក៏​បាន​ឲ្យ​ក្រុមហ៊ុន​ជួយ​ឆែក​កា​ម៉ា​រ៉ា​សុវត្ថិភាព​ឃើញ​មនុស្ស​ម្នាក់​ឈរ​ក្បែរ​ម៉ូតូ​ហើយ​ជិះ​ម៉ូតូ​ចេញ ។

បន្ទាប់​ពី​ទទួល​បណ្តឹង​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ​និង​បាន​បញ្ជាក់​រូបភាព​ពី​កា​ម៉ា​រ៉ា​សុវត្ថិភាព​ទើប​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ូ ខ​រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​មិន​ពិតប្រាកដ និង​ឈ្មោះ ប៊ិ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​សលាយ​ទឹកក្រូច ស៊េរី​ឆ្នាំ​២០១១ ហើយ​ធ្វើការ​សាកសួរ​ទើប​បន្ត​ទៅ​ដកហូត​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ ពី​ឈ្មោះ ចៅ ដា​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​ខារ៉ាអូខេ ដែល​ឈ្មោះ ស៊ូ ខ​រី បញ្ចាំ​ច្រៀង​ខារ៉ាអូខេ ។ ជាមួយ​គ្នា​នោះ​ដែរ​សមត្ថកិច្ច​បាន​បន្ត​ធ្វើការ​ឆែកឆេរ​នៅផ្ទះ​របស់​ឈ្មោះ ប៊ិ​ន វុ​ទ្ធី និង​រក​ឃើញ​ព្រមទាំង​បាន​ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង​ដែល​ទទួល​បញ្ចាំ​ពី​អ្នក​ផ្សេង​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ខែ​ម សោភ័ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ស៊ូ ខិ​រន បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​លួច​ម៉ូតូ​ម៉ាក​ឃ្លី​ក​នោះ​មែន ។

ចំណែក​ឈ្មោះ ប៊ិ​ន វុ​ទ្ធី ដែល​ទទួល​ប្រកប​របរ​ទទួល​បញ្ចាំ​គ្មាន​ច្បាប់​នេះ​បាន​សារភាព​ថា នៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ មានឈ្មោះ ម៉ាត់ អា​រ៉ា​ហ្វិ​ន និង​ឈ្មោះ ស៊ូ ខ​រី ទាំង​២​នាក់​នឹង​គេ​ធ្លាប់​ស្គាល់​រយៈពេល​៦​ខែ​មក​ហើយ បាន​យក​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​សលាយ​ទឹកក្រូច​ពាក់​ផ្លា​ក​លេខ ប​.​មាន​ជ័យ​.IP0603 ស៊េរី​ឆ្នាំ​២០១១ មក​លក់​ឲ្យ​តម្លៃ​៦​ពាន់​បាត​(​លុយ​ថៃ​) ។

កាលពី​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ ខ្លួន​ក៏​បាន​ទទួល​បញ្ចាំ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គុ​ប​ពី ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ទឹកប្រាក់​ផង​ដែរ ចំណែក​ម៉ូតូ​៣​គ្រឿង​ដែល​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​នឹង​ផ្ទះ​នោះ គឺ​គេ​ទទួល​បញ្ចាំ​ពី​អ្នក​ផ្សេង ។

ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ជា​អ្នក​លួច និង​អ្នក​ទទួល​បញ្ចាំ​នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ