ខេត្តកំពង់ធំ ៖ ស្រវឹងស្រាជិះម៉ូតូបុកគូថរថយន្តឈប់ចតរបួសធ្ងន់ពីរនាក់ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង០០នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ភូមិសាលា ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ត្រី សន តាល់ អធិការរងនគរបាលស្រុកបារាយណ៍ទទួលខាងសណ្តាប់ធ្នាប់ និងចរាចរណ៍បានឲ្យដឹងថា បើយោងតាមការបញ្ជាក់ពីសាក្សីដែលបានឃើញនៅកន្លែងកើតហេតុប្រាប់ថា ករណីចរាចរណ៍ខាងលើនេះដំបូងគេឃើញរថយន្តហ៊ីយាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម ៣A-៦៨១២ ដឹកស្រូវពេញបើកបរដោយឈ្មោះ ខុញ ថាញ់ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឈប់ចតនៅលើចញ្ចើមថ្នល់នៅក្នុងទិសដៅស្របគ្នាពីជើងទៅជាមួយម៉ូតូ លុះម៉ូតូម៉ាកយាម៉ាហាពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ នគរបាល ១-៦៤៧៧ បើកបរដោយឈ្មោះ ប្រាក់ វ៉ឹង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយណ៍ មកបុកបណ្តាលឲ្យរងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយឈ្មោះ ភន សុផល ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នារងរបួសធ្ងន់បានឌុបគ្នានៅក្នុងស្ថានភាពស្រវឹងមកពីចូលរួមនៅក្នុងកម្មវិធីភ្ជាប់ពាក្យកូនអ្នកភូមិ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡើងដោយសារម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន រួមផ្សំជាមួយនិងរថយន្តឈប់ចតមិនបានដាក់សញ្ញាក្រោយពេលកើតហេតុអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន វត្ថុតាងត្រូវបាននាំយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ