ខេត្តកំពត ៖ ភូមិក្បាលដំរីនៅជាប់មាត់ព្រែក ខាងក្រោមរមណីយដ្ឋានទឹកឈូ ស្ថិតនៅក្នុងឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ។ ប៉ុន្មានឆ្នាំចុងក្រោយនេះភ្ញៀវជាតិ និងអន្តរជាតិទៅលំហែកំសាន្តជាទីនោះរៀងរាល់ថ្ងៃ ព្រោះនៅតាមមាត់ព្រែកសំបូរទៅដោយម្លប់ស្លឹកចាកត្រជាក់ត្រឈឹងត្រឈៃ ។
ភ្ញៀវនិយមទៅកម្សាន្តច្រើន តែស្ថានភាពផ្លូវចង្អៀត និងស្ពានតូចចាស់ទ្រុឌទ្រោមពិបាកឆ្លងកាត់ ។
បុរសឈ្មោះលី ឡាយស៊ូ អាយុ៣៦ឆ្នាំ នៅភូមិបត់ក្បាលដំរីនិយាយកាលពីពេល ថ្មីៗកន្លងថា ប្រជាពលរដ្ឋនៅភូមិបត់ក្បាលដំរីមានរបរលក់ដូរតិចតួចសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលនិយមចូលចិត្តទៅលំហែកាយនៅតាមមាត់ព្រែក ។ ដោយសាតែមានភ្ញៀវ ទៅកម្សាន្តនៅក្នុងភូមិច្រើន ពលរដ្ឋនៅក្នុងភូមិបត់ក្បាលដំរីជាង១០គ្រួសារបានរៃលុយគ្នាក្នុងមួយគ្រួសារ១៥០ដុល្លារ សម្រាប់ធ្វើផ្លូវងាយស្រួលភ្ញៀវចេញចូលកម្សាន្ត។
លី ឡាយស៊ូ និយាយថា «ផ្លូវក្នុងភូមិរៃលុយគ្នាបានល្អដែរហើយ តែឥឡូវមកពិបាកស្ពានប្រវែងជាប់៤ម៉ែត្រឆ្លងចូលភូមិខូចទ្រុឌទ្រោមធ្វើឲ្យអ្នកទេសចររាថយខ្លាច និងមានគ្រោះថ្នាក់ ។
ចំណែកលោកធៀន លី ស្មៀនឃុំមាក់ប្រាង ឲ្យដឹងថា នៅភូមិបត់ក្បាលដំរីពិតជាមានភ្ញៀវជាតិនិងអន្តរជាតិទៅកម្សាន្តច្រើនមែន ព្រោះនៅតាមមាត់ព្រែកមានខ្សែរ៉កជិះឆ្លងព្រែកនិងខ្សែរ៉កមួយទៀតមនុស្សអាចលោតពីលើដើមឈើចុះទៅក្នុងព្រែកបាន ។ ខ្សែរ៉កនេះផ្ដើមចេញពីជនបទេស ។
លោកធៀន លី និយាយថាផ្លូវពិតជាពិបាកត្រង់ចំណុចស្ពានតូចមួយ ។ ឃុំមានគម្រោងអភិវឌ្ឍក្នុងមូលដ្ឋានដែរ តែមានដំណាក់កាលត្រូវធ្វើ ៕
ចែករំលែកព័តមាននេះ