ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​៣​រួម​ទាំង​កម្ពុជា​ទទួល​បាន​ទឹកប្រាក់​៦៦​ពាន់​លាន​ សម្រាប់​ការ​វិនិយោគ​រួម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៦ នៅ​ទីក្រុង​ហាណូយ លោក ង្វៀ​ន សួន​ហ្វុ​៊​ក នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​លើក​ឡើង​ថា ប្រទេស​ចំនួន​៣​ក្នុង​មហា​អនុ​តំបន់​មេគង្គ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៦ នៅ​ទីក្រុង​ហាណូយ លោក ង្វៀ​ន សួន​ហ្វុ​៊​ក នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​លើក​ឡើង​ថា ប្រទេស​ចំនួន​៣​ក្នុង​មហា​អនុ​តំបន់​មេគង្គ ទទួល​បាន​ទឹកប្រាក់​ចំនួន​៦៦​ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ចំនួន​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២​ខាង​មុខ ពី​ស្ថាប័ន​អន្តរជាតិ​នានា ។

លោក​បន្ត​ថា ទំហំ​ទឹកប្រាក់​នេះ​បាន​កើនឡើង​ជាង​៣​ដង ពី​ចំនួន​២១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​តំបន់​នេះ ចាប់តាំងពី​កម្មវិធី​អភិវឌ្ឍន៍​មហា​អនុ​តំបន់​មេគង្គ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ក្នុង​ឆ្នាំ​១៩៨២ ។ លោក​ថា ៖« កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​ប្រកបដោយ​មហិច្ឆតា​នេះ គ្រោង​នឹង​ចុះហត្ថលេខា​ដោយ​បណ្តា​មេដឹកនាំ​មហា​អនុ​តំបន់​មេគង្គ ក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៦​នេះ » ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា បញ្ហា​មហា​អនុ​តំបន់​មេគង្គ​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​បង្កើត​បណ្ដាញ​ផលិតកម្ម​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ប្រកបដោយ​ភាព​ប្រកួតប្រជែង និង​ប្រសិទ្ធភាព ដែល​អាច​បែងចែក​ប្រយោជន៍​សម​ស្រប​ដល់​ប្រទេស​សមាជិក ។ ដូចនេះ តទៅ​មុខ សមាជិក​ទាំងអស់​គួរ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​កា​រត​ភ្ជាប់​ផ្នែក​ធនធាន ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ឲ្យ​បាន​ពេញលេញ​ពី​ការ​វិនិយោគ ។

សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​នាម​ជា​តំណាង​ប្រទេស​កម្ពុជា សូម​ស្នើ​ដល់​ប្រទេស​សមាជិក​ទាំងអស់​ព​ន្លឿ​ន​ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​សម្រួលការ​ដឹក​ជញ្ជូន​ស្រប​តាម​ព្រំដែន តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព នីតិវិធី​អនុវត្ត និង​ជំរុញ​ការ​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ។
លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន មាន​ប្រសាសន៍​ថា ប្រទេស​ចិន​នៅ​តែ​បន្ត​ជំរុញ​ដល់​កំណើន​របស់​ប្រទេស​តំបន់​មេគង្គ ។ លោក​ថា ៖« ចិន​បើកចំហ និង​បង្កើត​នូវ​ឱកាស​សម្រាប់​ប្រទេស​តំបន់​មេគង្គ ពោល​គឺ​ទ្វារ​របស់​ចិន​បើកចំហ​ជា​និច្ច និង​បើក​កាន់តែ​ធំ​ឡើង​ៗ ។ ជាក់ស្ដែង នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ចិន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពិព័រណ៍​នាំ​ចេញ​ដ៏​ធំ​មួយ​នៅ​សៀង​ហៃ » ។

លោក​បន្ត​ថា ចិន​នឹង​ធ្វើ​ជា​ដៃគូ​ដ៏​ធំ​នៃ​ប្រទេស​មហា​អនុ​តំបន់​មេគង្គ ដើម្បី​ជំរុញ​កំណើន​និង​ការ​អភិវឌ្ឍ ជា​ពិសេស ជំរុញ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​មហា​អនុ​តំបន់​មេគង្គ ដែល​ជា​ប្រទេស​ជិតខាង​របស់​ចិន ។

បើ​តាម​លោក Takehiko Nakao ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ថា បច្ចុប្បន្ន​នេះ ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ គឺ​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ឆាប់រហ័ស​ជាងគេ​នៅ​អាស៊ី និង​ក្នុង​ពិភពលោក ។ លោក​ថា ៖« ប្រទេស​ទាំងនេះ​ទទួលស្គាល់​ពី​អត្ថប្រយោជន៍​នៃ​សមាហរណកម្ម​ថ្នាក់​តំបន់ និង​កា​រត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត​ក្នុង​សកលលោក​ទាំងមូល​។ ADB នឹង​បន្ត​សម្របសម្រួល​កម្មវិធី​មហា​អនុ​តំបន់ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​អក្សរ​C​ចំនួន​បី ដែល​តំណាង​ឱ្យ​កា​រត​ភ្ជាប់​ទំនាក់ទំនង (connectivity) ភាព​ប្រកួតប្រជែង (competitiveness) និង​សហគមន៍ (community) » ។

បើ​តាម​សេចក្តី​ប្រកាស​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ថា ធនាគារ​បាន​អនុម័ត​ថវិកា​ចំនួន​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កិច្ចសហការ​រវាង​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ (​កម្ពុជា ឡាវ និង​វៀតណាម​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ