ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ោ ភា​រិ​ទ្ធ និង​ផុ​ន ផា​ន់​ណា សុំ​ឡើង​រេញ​អន្តរជាតិ​យក​លុយ​ចូល​ឆ្នាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​យប់​ថ្ងៃសៅរ៍​ទី​៧ មេ​សា ស្អែក​នេះ សង្វៀន​អន្តរជាតិរបស់​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​ត្រូវ​គេ​កត់សម្គាល់ថា​មាន​លក្ខណៈ​ពិសេស​តែ​ម្ដង ដោយសារ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ដើម្បី​បានលុយ​ចូល​ឆ្នាំ ។ ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៨​យប់​ស្អែក​នេះ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​យប់​ថ្ងៃសៅរ៍​ទី​៧ មេ​សា ស្អែក​នេះ សង្វៀន​អន្តរជាតិរបស់​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​ត្រូវ​គេ​កត់សម្គាល់ថា​មាន​លក្ខណៈ​ពិសេស​តែ​ម្ដង ដោយសារ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ដើម្បី​បានលុយ​ចូល​ឆ្នាំ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៨​យប់​ស្អែក​នេះ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​ប៉ុស្តិ៍​អា​ស៊ីអាគ្នេយ៍​មាន​អ្នក​ទស្សនា​កក​កុញស្រាប់ ហើយ​ការ​ប្រកួត​ត្រូវ​ចំ​យប់​ថ្ងៃ​សម្រាក​នោះ​ផង ។ កីឡាករ​កម្ពុជា​២​រូប គឺ​ជើង​ខ្លាំង ប៉ោ ភា​រិ​ទ្ធ ធ្លាប់​ប្រើ​ឈ្មោះ យ៉េន ឌី​ណា ល្បី​ខាង​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​គូប្រកួត និង​​កីឡា​ករ​ជើង​ចាស់ ផុ​ន ផា​ន់​ណា នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​បរទេស​២​រូប​នៅ​លើ​សង្វៀន ។ លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មាន​ឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​នោះ កីឡាករ ប៉ោ ភា​រិ​ទ្ធ គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​​លោក​រំពឹង​ខ្ពស់​ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​ជា​ច្រើន​រូប​និង​បាន​ស្នើ​សុំ​គ្រូបង្វឹក​ឡើង​រេញ​យក​លុយ​ត្រៀម​ចូល​ឆ្នាំ ។

លោក​ថា ជើង​ខ្លាំង​រូប​នេះ ស្នើ​មិន​ឡើង​រេញ​អន្តរជាតិ​កៀក​នឹង​ចូល​ឆ្នាំ​ពេក​នោះ​ទេ​យ៉ាង​ហោច​មុន​ចូល​ឆ្នាំ​មួយ​អាទិត្យ​ដើម្បី​កុំឱ្យ​ខូច​មុខខូច​មាត់​ដើរ​លេង​ចូល​ឆ្នាំ ។ បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡា​ករ​ថៃ​ឈ្មោះ សុ​៊​ន តិ​ភាព ក្នុង​នាម​ជា​គូ​ឯក​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​យប់​ស្អែក ។

លោក​ថា​ជំនួប​រវាង​ពួក​គេ​គឺជា​រឿង​សំខាន់ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​ច្រើន​​ដង ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត គឺ​មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​មានការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។ កីឡាករ ប៉ោ ភា​រិ​ទ្ធ លោក​នៅ​តែ​យល់​ឃើញ​ថា នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​នា​ពេល​នោះ បើ​ទោះ​ការ​​ប្រដាល់​​អន្តរជាតិ​កន្លង​មក​របស់​គេ គឺ​មាន​ធ្លាក់ដៃ​ម្ដងម្កាល​ក្ដី ។ លោក​ជឿជាក់​ថា កីឡា​ករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​រវាង ប៉ោ ភា​រិ​ទ្ធ ដែល​ទើប​វាយ​ថៃ​ឈ្នះ​ថ្មី​ៗ ជាមួយ​កីឡាករ​ថៃ​ជា​ដៃគូ​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួតទាំងមូល ។

កីឡាករ​កម្ពុជា​លោក​ថា​ធ្លាប់​ប្រកួត​៧០​លើក ឈ្នះ​៥៨​លើក ចាញ់​១២​លើក និង​មិន​ដែល​ស្មើ ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​ដល់​៨៣​លើក ឈ្នះ​៧១​លើក ចាញ់​១២​លើក និង​មិន​ធ្លាប់​ស្មើ​ដូច​គ្នា ។

សម្រាប់​កីឡាករ​ជើង​ចាស់ ផុ​ន ផា​ន់​ណា ក៏​ត្រូវ​គណៈកម្មការ​ប្រដាល់​បង្ហើប​ថា សុំ​ឡើង​រេញ​ដើម្បី​យក​លុយ​ចូល​ឆ្នាំ​ផង​ដែរ ដោយ​គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​មួយ​រូប​មក​ពី​ប្រទេស​ប្រេ​ស៊ីល​តែ​ជា​សិស្ស​ហ្វឹកហាត់​ក្នុង​ប្រទេស​ថៃ​ឈ្មោះ​ថា​កូ អាកាស​តូ ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ក៏​រាង​ធ្លាក់ដៃ​ជាង​មុន ។ កីឡាករ​កម្ពុជា​រូប​នេះ​គេ​ឈ្នះ​ជា​ប្រចាំ​ស្ទើរ​គ្រប់ពេល​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នា​ពេល​កន្លង​មក​មុន​ពេល​បាត់​មុខ និង​ដោយសារ​តែ​មានការ​ស្នើ​ពី​គ្រូបង្វឹក ទើប​កីឡាករ​រូប​នេះ​ត្រូវ​បាន​ផ្គូផ្គង។ លោក​ថា កីឡាករ​ប្រេ​ស៊ី​ល​ជា​ដៃគូ​គេ​គឺជា​ជើង​ខ្លាំង​ម្នាក់ តែ​គេ​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ។

សម្រាប់​គូ​នេះ​អ្នកគាំទ្រ​ម្ខាង​ៗ​មិន​ហ៊ាន​ជឿជាក់​នោះ​ឡើយ ដោយ​ប្រកាស​ថា​ត្រឹមតែ​រង់ចាំ​អ៊ុត​មើល​ប៉ុណ្ណោះ ។

កីឡាករ​ប្រេ​ស៊ី​ល​ធ្លាប់​ប្រកួត​ទើបតែ​បាន​២៨​លើក ឈ្នះ​១៨​លើក ចាញ់​១០​លើក និង​មិន​ធ្លាប់​ស្មើ​ប៉ុណ្ណោះ តែ​ល្បី​ថា​គេ​ក្លាហាន និង​ឡើង​សន្ទុះ​ទើប​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា ដែល​ធ្លាប់​ប្រកួត​ដល់​៩០​លើក ឈ្នះ​៦៧​លើក ចាញ់​២០​លើក និង​ស្មើ​៣​លើក ។
នៅ​ស​ប្ដា​ហ៍​នេះ​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក និង​ពេល​រសៀល​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​សរុប​ទាំង​៣​សង្វៀន​ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ ជា​ពិសេស​ការ​ប្រដាល់​ថ្ងៃអាទិត្យ​វេលា​ម៉ោង​២​រសៀល និង​ពេល​ព្រឹក​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ