ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​កំពុង​សម្លឹង​ឃើញ​យុវវ័យ​កម្ពុជា ខណៈ​ប្រទេស​នេះ​ជួប​វិបត្តិ​កម្លាំង​ពលកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ធនធានមនុស្ស​ពេញវ័យ ខណៈ​កំណើន​មនុស្ស​វ័យចាស់​កាន់តែ​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​បាត់បង់​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​ការងារ ដូចនេះ​ហើយ​ត្រូវការ​ប្រើប្រាស់​ការងារ​ដោយ​ស្វ័យប្រវត្តិ តែ​ទោះជា​យ៉ាងណា នៅ​ក្នុង​វិស័យ​ការងារ​ក៏​ត្រូវការ​ធនធានមនុស្ស​សម្រាប់​ធ្វើការ​ដែរ​។ ដោយសារ​តែ​វិបត្តិ​ធនធានមនុស្ស​ពេញវ័យ​សម្រាប់​បម្រើ​ការងារ​ថយ​ចុះ ធ្វើ​ឲ្យ​ប្រទេស​នេះ​ស្វែងរក​កម្លាំង​ពលកម្ម​ពី​បណ្ដា​ប្រទេស​ខាងក្រៅ…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ធនធានមនុស្ស​ពេញវ័យ ខណៈ​កំណើន​មនុស្ស​វ័យចាស់​កាន់តែ​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​បាត់បង់​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​ការងារ ដូចនេះ​ហើយ​ត្រូវការ​ប្រើប្រាស់​ការងារ​ដោយ​ស្វ័យប្រវត្តិ តែ​ទោះជា​យ៉ាងណា នៅ​ក្នុង​វិស័យ​ការងារ​ក៏​ត្រូវការ​ធនធានមនុស្ស​សម្រាប់​ធ្វើការ​ដែរ​។

ដោយសារ​តែ​វិបត្តិ​ធនធានមនុស្ស​ពេញវ័យ​សម្រាប់​បម្រើ​ការងារ​ថយ​ចុះ ធ្វើ​ឲ្យ​ប្រទេស​នេះ​ស្វែងរក​កម្លាំង​ពលកម្ម​ពី​បណ្ដា​ប្រទេស​ខាងក្រៅ ដើម្បី​យក​ទៅ​បំពេញការងារ​តាម​បណ្ដា​សហគ្រាស​ផ្សេង​ៗ ។ ក្នុង​នោះ​ដែរ កម្ពុជា​ជា​គោលដៅ​សំខាន់​មួយ​សម្រាប់​ជប៉ុន ក្នុង​ការ​បណ្ដុះបណ្ដាល​ពលករ​យក​ទៅ​ធ្វើការ ។
បើ​តាម​លោក Takeshi Kurada នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រី​ណេ​ត ជប៉ុន គ្រុប អាយ​អុ​ិ​ន​ស៊ី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៥ មេ​សា ថា បច្ចុប្បន្ន​នេះ ប្រទេស​ជប៉ុន​កំពុង​ជួប​វិបត្តិ​សម្បូរ​មនុស្ស​ចាស់ និង​ខ្សត់​មនុស្ស​ពេញវ័យ​ធ្វើការ ដែល​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​បាត់បង់​កម្លាំង​ការងារ​ច្រើន​សម្រាប់​បម្រើ​ការ​នៅ​តាម​សហគ្រាស និង​រោងចក្រ​នានា ។

លោក​និយាយ​ថា ៖« ការ​ដែល​យើង​សម្រេច​មក​កម្ពុជា ហើយ​ស្វែងរក​កម្លាំង​ពលកម្ម​ពី​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដោយសារ​តែ​យើង​គិត​ថា ទំនាក់ទំនង​រវាង​ជប៉ុន​និង​កម្ពុជា មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា ហើយ​កម្ពុជា​មាន​មនុស្ស​ពេញវ័យ​បម្រើ​ការងារ​ក៏​ច្រើន ។ ដូចនេះ​ហើយ​ទើប​យើង​បាន​សហការ​ជាមួយ​បណ្ដា​ស្ថាប័ន​នានា​នៅ​ជប៉ុន សម្រេច​បណ្ដុះបណ្ដាល​សិក្ខាកាម​កម្ពុជា​តែ​ម្ដង » ។
លោក​បន្ត​ថា ការងារ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​គ្រោង​នឹង​បញ្ជូន​សិក្ខាកាម​ពី​កម្ពុជា ភាគច្រើន​ជា​ការងារ​ក្នុង​វិស័យ​យានយន្ត ដូច​ជា តាម​បណ្ដា​សហគ្រាស​ថែទាំ​យានយន្ត និង​ការងារ​ដំឡើងរថយន្ត​នៅ​តាម​រោងចក្រ​នានា ។ ក្រៅពី​អត្ថប្រយោជន៍​ដែល​ទទួល​បាន​ប្រាក់បៀវត្សរ៍​ប្រចាំខែ​ហើយ ពលករ​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ជប៉ុន ក៏​នឹង​អាច​ទទួល​បាន​ជំនាញ​មុន​ពេល​ចេញ​ទៅ​ធ្វើការ និង​បទ​ពិសោធន៍​ជំនាញ ក្រោយ​ពេល​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ។

លោក​បន្ថែម​ទៀត​ថា ដើម្បី​សម្រួល​ដល់​ការ​ខ្វះខាត​របស់​ពលករ​កម្ពុជា ភាគី​ជប៉ុន​ក៏​បាន​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ផ្ដល់​កម្ចី ដែល​ពលករ​រូប​ណា​ខ្វះខាត​ហិរញ្ញវត្ថុ​សម្រាប់​ធ្វើ​ដំណើរ ។ ដូចនេះ នៅ​ពេល​ពួក​គេ​ធ្វើការ​បាន​ចំណូល​អាច​សង​ត្រឡប់​ទៅ​គ្រឹះស្ថាន​នោះ​វិញ​តាម​លទ្ធភាព ។
លោក Mitsugu Takeuchi ប្រធាន​សមាគម​ថែទាំ​រថយន្ត​ប្រទេស​ជប៉ុន បាន​ឲ្យ​ដឹង​ថា ជប៉ុន​គ្រោង​នឹង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា​ឲ្យ​បាន​១​ពាន់​នាក់​នៅ​ក្នុង​ឆ្នាំ​២០២០ ។ មិនតែប៉ុណ្ណោះ ជប៉ុន​ក៏​គ្រោង​នឹង​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ជនជាតិ​ខ្មែរ​ផង​ដែរ ដើម្បី​ឲ្យ​គ្រូ​បង្គោល​ទាំងនោះ​ទៅ​បណ្ដុះបណ្ដាល​បន្ត​ដល់​ធនធានមនុស្ស​ក្នុង​វិស័យ​យានយន្ត​កម្ពុជា ។

លោក​និយាយ​ថា ៖« ក្នុង​នាម​ជា​ប្រធាន​សមាគម​ថែទាំ​រថយន្ត​នៅ​ប្រទេស​ជប៉ុន យើង​បាន​ស្នើ​ឲ្យ​សមាជិក ដែល​ជា​ម្ចាស់​រោងចក្រ​ដំឡើងរថយន្ត និង​សហគ្រាស​ថែទាំ​រថយន្ត​នានា​ទទួលយក​ពលករ​កម្ពុជា​ទៅ​ធ្វើការ​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព ហើយ​យើង​ក៏​ជឿ​ថា សមាជិក​ទាំងអស់​ក៏​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​សម្រាប់​បម្រើ​ការងារ​នៅ​ក្នុង​សហគ្រាស​របស់​ខ្លួន​ដែរ ស្រប​ពេល​កម្លាំង​ពលកម្ម​ជប៉ុន​កំពុង​ថយ​ចុះ » ។
លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​វ័យក្មេង និង​ឈាន​ដល់​អាយុ​ចូល​ធ្វើការ​ច្រើន ។ ជាក់ស្ដែង បច្ចុប្បន្ន​នេះ កំណើន​មនុស្ស​ពេញវ័យ​ធ្វើការ​មាន​ប្រមាណ​៣០​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ ។ ដូចនេះ ការ​ស្វែងរក​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន គឺជា​រឿង​មួយ​ល្អ​ប្រសើរ ។

លោក​ថា ៖« កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​ខ្ពស់ ដូចនេះ​ហើយ​ទើប​ប្រទេស​ជា​ច្រើន​ទៀត​បាន​ចូល​មក​វិនិយោគ បង្កើត​ការងារ​ជា​បន្តបន្ទាប់​ដល់​ពលរដ្ឋ ហើយ​ការ​វិនិយោគ​របស់​ពួក​គេ ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​កម្លាំង​ពលកម្ម​ផង​ដែរ » ។

លោក​បន្ត​ថា ការ​ផ្ដល់​ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា​របស់​ភាគី​ជប៉ុន គឺជា​ការ​បង្ហាញ​ពី​ចំណងមិត្តភាព​វាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត និង​ខិត​ជិត​គ្នា ។ ក្រៅពី​ឱកាស​ការងារ​ទទួល​បាន​ប្រាក់​ចំណូល ពលករ​កម្ពុជា​ក៏​អាច​ទទួល​បាន​ជំនាញ​មួយ​សម្រាប់​ជីវិត​របស់​ខ្លួន​ផ្ទាល់ ។ មិនតែប៉ុណ្ណោះ ពលករ​ដែល​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​វិញ ក៏​អភិវឌ្ឍន៍​ប្រទេស និង​ពង្រឹង​បច្ចេកទេស​ក្នុង​វិស័យ​យានយន្ត​កម្ពុជា​កាន់តែ​រឹង​មាំ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា គិត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ចំនួន​១,២​លាន​នាក់ និង​បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ក្នុងស្រុក​វិញ មាន​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ