ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត អុ​ិ​ន ចាន់​នី ​៖ ធនាគារ​ឌី​ជី​ថ​ល​ជួយ​បរិស្ថាន និង​កាត់​បន្ថយ​ហានិភ័យ​បាន​ច្រើន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​រីក​ចម្រើន ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ ត្រូវ​បាន​គេ​មើលឃើញ​ថា មួយ​ចំនួន​ធំ​ពឹង​លើ​បច្ចេកវិទ្យា ។ ដោយឡែក ក្នុង​វិស័យ​ធនាគារ ក៏​ដូច្នេះ​ដែរ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​រីក​ចម្រើន ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ ត្រូវ​បាន​គេ​មើលឃើញ​ថា មួយ​ចំនួន​ធំ​ពឹង​លើ​បច្ចេកវិទ្យា ។ ដោយឡែក ក្នុង​វិស័យ​ធនាគារ ក៏​ដូច្នេះ​ដែរ គឺ​បាន​ផ្លាស់​ប្តូរ​ការ​ធ្វើ​ប្រតិបត្តិការ​បែប​ចាស់​ៗ មក​ធ្វើ​ប្រតិបត្តិការ​បែប​ទាន់សម័យ និង​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​វិញ​។ ជាក់ស្ដែង វិស័យ​ធនាគារ​បាន​ប្តូរ​ពី​ការ​ដក​-​ដាក់​លុយ​តាម​បញ្ជរ មក​ដក​-​ដាក់​តាម​ម៉ាស៊ីន​ស្វ័យប្រវត្តិ និង​ធ្វើ​ដោយ​ខ្លួនឯង ។ គ្រាន់តែ​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ បច្ចុប្បន្ន វិស័យ​ធនាគារ​បាន​កែ​ច្នៃ​ឲ្យ​មានការ​ទូទាត់​ប្រាក់​នានា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ទូរស័ព្ទ​ដៃ​ផង​ដែរ ។

លោក​បណ្ឌិត អុ​ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​ឲ្យ​ក្លាយជា​ធនាគារ​ឌី​ជី​ថ​ល គឺ​ស្រប​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​នៅ​ពេល​បច្ចុប្បន្ន​នេះ ហើយ​ការ​ដែល​កែប្រែ​ទៅ​ជា​ធនាគារ​ឌី​ជី​ថ​ល ក៏​ដើម្បី​សម្រួល​ដល់​អតិថិជន និង​ប្រជាពលរដ្ឋ​ផង​ដែរ ។ លោក​ថា ៖« ការ​ផ្លាស់​ប្តូរ​មក​ប្រើប្រាស់​ការ​ទូទាត់​តាម​បែប​ជា​ធនាគារ​ឌី​ជី​ថ​ល វា​ផ្ដល់​ប្រយោជន៍​ច្រើន​ណាស់ ។ ជាក់ស្ដែង ដូច​យើង​ឃើញ​ស្រាប់​ហើយ នៅ​រាជធានី​ភ្នំពេញ​មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរតែ​រាល់ថ្ងៃ និង​គ្រប់ពេល​ទៅ​ហើយ ដូចនេះ បើសិនជា​អតិថិជន​ត្រូវការ​ទូទាត់​ប្រាក់សុទ្ធ​នៅ​បញ្ជរ​ធនាគារ ឬ​ចង់ទៅ​ទូទាត់​តាម​ស្ថាប័ន​ផ្សេង​ទៀត ត្រូវការ​ពេលវេលា​ច្រើន និង​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​ផង​ដែរ ។ ក៏​ប៉ុន្តែ​បើសិនជា​ប្រជាពលរដ្ឋ​ងាក​មក​ប្រើប្រាស់​ការ​ទូទាត់​តាម​ធនាគារ​ឌី​ជី​ថ​ល ពួក​គាត់​អាច​ទូទាត់​បាន​នៅផ្ទះ ឬ​កន្លែង​ណា​ក៏​បាន​ដែរ » ។

លោក​បន្ត​ថា នៅ​ពេល​ដែល​មានការ​ប្រើប្រាស់​ធនាគារ​ឌី​ជី​ថ​ល​នេះ​កាន់តែ​ច្រើន ការ​ធ្វើ​ដំណើរ​ទៅ​ទូទាត់​ប្រាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក៏​នឹង​ត្រូវ​កាត់​បន្ថយ ហើយ​នៅ​ពេល​នោះ បរិមាណ​ផ្សែង​ពុល​ដែល​ចេញពី​រថយន្ត និង​ម៉ូតូ​នៅ​តាម​ដងផ្លូវ ក៏​ត្រូវ​កាត់​បន្ថយ​ដែរ ។ ម្យ៉ាងទៀត នៅ​ពេល​យើង​ប្រើ​ធនាគារ​ឌី​ជី​ថ​ល យើង​មិន​ចាំបាច់​មាន​ប្រាក់សុទ្ធ​នៅ​តាម​ខ្លួន​ឡើយ ព្រោះ​វា​ប្រៀប​ដូច​ជា​កាបូប​ប្រាក់​តូច​មួយ តែ​អ្នក​ដទៃ​មិន​អាច​មើលឃើញ​ទេ ។ ដូចនេះ វា​ក៏​បាន​កាត់​បន្ថយ​នូវ​អំពើ​ចោរកម្ម​តាម​ទី​សាធារណៈ​បាន​មួយ​កម្រិត​ទៀត​ផង​ដែរ ។

ប្រធាន​ប្រតិបត្តិ​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា​រូប​នេះ​បន្ថែម​ថា ដោយសារ​តែ​មើលឃើញ​ពី​កត្តា​សំខាន់ និង​អត្ថប្រយោជន៍​នៃ​ធនាគារ​ឌី​ជី​ថ​ល​នេះ ទើប​ក្នុង​នាម​ជា​ធនាគារ​ក្នុងស្រុក និង​ឈានមុខ​គេ បាន​អភិវឌ្ឍន៍​ជា​បណ្តើរ​ៗ​ពី​ធនាគារ​ដែល​ប្រើ​បុគ្គលិក​ចាំ​បម្រើ​អតិថិជន មក​ជា​ធនាគារ​ប្រើ​បុគ្គលិក​បង្រៀន​អតិថិជន​វិញ តាម​រយៈ​ការ​ធ្វើ​ប្រតិបត្តិការ​ដោយ​អតិថិជន​ខ្លួនឯង ។ លោក​ថា ៖« សមិទ្ធផល​ថ្មី​របស់​ធនាគារ​អេ​ស៊ី​លី​ដា ក្នុង​វិស័យ​ធនាគារ​ឌី​ជី​ថ​ល គឺ​អេ​ស៊ី​លី​ដា​ទាន់ចិត្ត ដែល​សេវាកម្ម​នេះ​បាន​បង្កើត​ជាង​១​ឆ្នាំ​ហើយ ។ ដំបូង​ឡើយ នៅ​ពេល​អតិថិជន​ចង់​ទូទាត់​ប្រាក់​តាម​សេវាកម្ម​នេះ ត្រូវ​យក​ប្រាក់​ទៅ​ដាក់​នៅ​បញ្ជរ​ជា​មុន​សិន តែ​ក្រោយមក ធនាគារ​ក៏​បាន​សម្រេច​ត​ភ្ជាប់​សេវាកម្ម​មួយ​នេះ​ទៅ​គណនី​ធនាគារ​របស់​អតិថិជន​ស្រាប់តែ​ម្តង​។ ដូចនេះ រាល់​ការ​ទូទាត់​លែង​ជា​បញ្ហា​ទៀត​ហើយ ឲ្យ​តែ​មាន​សមតុល្យ​ទឹកប្រាក់​នៅ​ក្នុង​គណនី​ធនាគារ » ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន ចំណូល​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ជាង​៨៥%​បាន​មក​ពី​ការ​ប្រាក់​ឥណទាន ហើយ​ក្រៅពី​នោះ បាន​មក​ពី​ការ​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន ។ ដោយឡែក នៅ​ពេល​អនាគត ចំណូល​បាន​មក​ពី​ការ​ប្រាក់​ឥណទាន​នឹង​ធ្លាក់​មក​នៅ​ត្រឹមតែ​ជាង​៦០% ហើយ​ជាង​៣០%​បាន​មក​ពី​ការ​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន ។ ដូចនេះ ចាប់ពី​ពេល​នេះ​តទៅ ធនាគារ​នឹង​ប្រឹង​ពង្រឹង​សេវាកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​រឹង​មាំ និង​ផ្ដល់​ទំនុកចិត្ត​ជូន​អតិថិជន ។
គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ចុងឆ្នាំ​២០១៧ ធនាគារពាណិជ្ជ ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ
ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​៣៩ និង​ធនាគារ​ឯកទេស​ចំនួន​១៥ ។ ដោយឡែក ទ្រព្យសកម្ម​សរុប​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ មាន​ចំនួន​១៣៥,១​ទ្រី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​៣៣,៧៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ