ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុំប្តេជ្ញា​ដើ​រ​ចេញ​ពី​គ្រឿង​ញៀន និងចង់​​ក្លាយជា​គ្រូ​បង្វឹកខ្លាំងណាស់

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អតីត​អ្នក​ប្រដាល់​ដ៏​ល្បីល្បាញ​មួយ​រូប​ ដែល​បាន​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ល្បី​ថា មាន​ជំពាក់​វាក់​វិ​ន​នឹង​ការ​សេព​ថ្នាំ​ញៀន​ស្ទើរ​ដកខ្លួន​មិន​រួច​ផង​នោះ គឺ​លោក​ពេជ្រ ប៊ុ​ន​ធឿ​ន បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព ​នៅ​ព្រឹក​ថ្ងៃ​ទី​៣…

ខេត្តបាត់ដំបង ៖ អតីត​អ្នក​ប្រដាល់​ដ៏​ល្បីល្បាញ​មួយ​រូប​ ដែល​បាន​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ល្បី​ថា មាន​ជំពាក់​វាក់​វិ​ន​នឹង​ការ​សេព​ថ្នាំ​ញៀន​ស្ទើរ​ដកខ្លួន​មិន​រួច​ផង​នោះ គឺ​លោក​ពេជ្រ ប៊ុ​ន​ធឿ​ន បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា ថា ៖ «​ខ្ញុំ​ពិតជា​បាន​បោះបង់​អាជីព​ជា​អ្នក​ប្រដាល់​កន្លង​មក​មែន​… ហើយ​ខ្ញុំ​ក៏​ធ្លាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ តែ​ពេល​នេះ ​ខ្ញុំ​បាន​បោះបង់​អំពើ​អបាយមុខ​ ដែល​សង្គម​ស្អប់ខ្ពើម​នេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ព្រោះ​ខ្ញុំ​ចង់​ផ្ដើម​សាង​ជីវិត​ថ្មី ពិសេស​ ចង់​ក្លាយជា​គ្រូបង្វឹក​ក្បាច់គុន​បុរាណ​ខ្មែរ​ម្នាក់​»​។

ស្ថិត​ក្នុង​វ័យ​៣៦​ឆ្នាំ មាន​ដុះ​ពុកមាត់​ និង​ពុកចង្កា ព្រមទាំង​មាន​មាឌធំ​ក្រអាញ​ផង​ ដែល​មើលទៅ​គេ​ហាក់​មាន​សុខភាព​យ៉ាង​មាំទាំ​បំផុត ពេជ្រ ប៊ុ​ន​ធឿ​ន បាន​បង្ហាញ​ស្នាមញញឹម​បន្តិច​ហើយ​និយាយ​ថា​៖ «​ខ្ញុំ​បាន​លង់ខ្លួន​ធ្លាក់​ក្នុង​រណ្ដៅ​អ​វចី​នៃ​គ្រឿងញៀន​អស់​រយៈពេល​ជា​ច្រើន​ ឆ្នាំ តាម​ការ​អូស​ទាញ​របស់​មិត្តភក្ដិ ។ នេះ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​ត្រូវ​បោះបង់​អាជីព​ជា​អ្នក​ប្រដាល់ ។ ខ្ញុំ​មានការ​សោកស្ដាយ​បំផុត ចំពោះ​ការ​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ ដែល​នាំ​ឲ្យ​សង្គម​ស្អប់ខ្ពើម ។ ខ្ញុំ​សូមទោស​ចំពោះ​មហាជន​ ដែល​ធ្លាប់​គាំទ្រ​ខ្ញុំ​.. ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ផង​ដែរ ​ចំពោះ​មហាជន​ដែល​នៅ​តែ​គិត​អំពី​ខ្សែជីវិត​របស់ខ្ញុំ​.. ចង់​ដឹង​សុខទុក្ខ​របស់ខ្ញុំ​រហូត​ដល់​ពេល​នេះ »​។

អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង រូប​នេះបាន​ប្រាប់​ថា ពេល​នេះ ​ខ្លួន​បាន​បោះបង់​គ្រឿងញៀន​ហើយ តែ​ខ្លួន​មិន​អាច​ឡើង​សង្វៀន​ប្រកួត​ដូច​មុន​បាន​ទៀត​ទេ ព្រោះ​អន់​កម្លាំង តែ​ចង់​ក្លាយជា​គ្រូប្រដាល់​ម្នាក់​ ដើម្បី​ជួយ​បង្វឹក​ដល់​កីឡាករ​ជំនាន់​ក្រោយ​។
អ្នក​ខេត្តបាត់ដំបង​ ដែល​និយម​ចូល​ចិត្ត​កីឡាប្រដាល់ បាន​ចាប់ផ្ដើម​ស្គាល់​មុខ និង​ក្បាច់​ប្រដាល់​ដ៏​ខ្លាំងក្លា​របស់​កីឡាករ​រូប​នេះ តាម​រយៈ​ការ​ប្រើ​ជង្គង់​ និង​កែង​ផ្ដូ​ល​គូប្រកួត​មិន​ឲ្យ​លើស​ពី​ទឹក​ទី​២ ​ឬ​ទី​៣​ឡើយ ។ ក្នុង​កាលៈទេសៈ​នោះ កីឡាករ​រូប​នេះ ​កាន់តែ​ល្បីល្បាញ​ទ្វេ​ដង នៅ​ពេល​ដែល​គេ​ផ្ដូ​ល​គូប្រកួត​ឲ្យ​សន្លប់​ដល់​ទៅ​២​នាក់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ពេល​ឡើង​សង្វៀន​ប្រដាល់​ម្ដង ដែល​នេះ​ជា​ការ​មិន​ធ្លាប់​មាន​សោះ​ក្នុង​ប្រវត្តិសាស្ត្រ​អ្នកកីឡា​ប្រដាល់​។

បើ​តាម​ប្រវត្តិ​ដែល​រៀបរាប់​ដោយ​ក្រុមគ្រួសារ អ្នក​ប្រដាល់​ពេជ្រ ប៊ុ​ន​ធឿ​ន ជា​គ្រាប់ពូជ​ដែល​បណ្ដុះ​ចេញពី​ក្នុង​ក្លិប​កីឡាប្រដាល់«​ពន្លឺ​សាមគ្គី​» ដែល​មាន​គ្រូបង្វឹក​គឺ​លោក​សៅ ថិ​ន និង​លោក​សៅ ប៊ុ​ន​ធឿ​ន នៅ​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ក្នុង​អំឡុង​ចុង​ទស​វត្ស​ឆ្នាំ​១៩៩០​។ប៉ុន្តែ​បើ​តាម​ការ​រំលឹក​ឡើង​វិញ ​របស់​លោក​ពេជ្រ ប៊ុ​ន​ធឿ​ន បាន​ប្រាប់​ថា​៖ «​តាម​ពិត ​ខ្ញុំ​ចាប់ផ្ដើម​ឡើង​វ៉ៃ​លើ​សង្វៀន​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេ​៉ះ​»​។ ប៊ុ​ន​ធឿ​នបាន​រៀបរាប់​អំពី​ប្រវត្តិ​ប្រដាល់​របស់ខ្លួន​ដូច្នេះ​ថា កាលនោះ​ខ្លួន​ទើប​មាន​អាយុ​ត្រឹម១១​ឆ្នាំ​ប៉ុណ្ណោះ ។ ខ្លួន​តែង​ទៅ​មើល​គេ​ដាល់​គ្រប់ពេល​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ក្រុង​បាត់ដំបង​។ ពេជ្រ ប៊ុ​ន​ធឿ​ន បាន​ប្រាប់​អំពី​ការ​ឡើង​សង្វៀន​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៣ ថា ពេល​នោះ​អ្នក​រៀបចំ​ផ្គូផ្គង​កីឡា​បាន​សួរ​រក​គូប្រកួត​បើក​ឆាក​ដែល​មាន​វ័យក្មេង​បំផុត​(​កុមារ​)​។ ពេល​នោះ​ខ្លួន​ក៏​សុំ​គេ​ឡើង​ប្រកួត​ទាំង​មិន​ធ្លាប់​ឡើង​ដាល់​ម្ដង​សោះ ហើយ​អ្នក​រៀបចំ​ក៏​យល់ព្រម​។ ប៊ុ​ន​ធឿ​ន និយាយ​ថា ពេល​ឡើង​លើ​សង្វៀន​ខ្លួន​ភ័យ​ឡើង​ស្លេក​មុខ ហើយ​ពេល​ចាប់ ផ្ដើម​វ៉ៃ គូប្រកួត​ម្ខាង​ទៀត​បាន​ដេញ​វ៉ៃ​សន្ធាប់​មក​លើ​ខ្លួន​យ៉ាង​ខ្លាំង​ស្ទើរ​ទប់ទល់​មិន​បាន ។ ប៉ុន្តែ​ចៃដន្យ​នៅ​ទឹក​ទី​២ ខ្លួន​បាន​ទាត់​ដៃគូ​១​ជើង​ចំ​កញ្ចឹងក​បណ្ដាល​ឲ្យ​ដួ​ួ​ល​សន្លប់​ស្ដូក​តែ​ម្ដង ។

នេះ​ជា​ការ​ចាប់ផ្ដើម​ឡើង​សង្វៀន​ប្រដាល់​លើក​ដំបូង​បង្អស់​របស់​ខ្លួន ។ អតីត​អ្នក​ប្រដាល់​រូប​នេះ​បាន​បញ្ជាក់​ថា ចាប់តាំងពី​ពេល​នោះ​មក លោកគ្រូ​សៅ ប៊ុ​នធឿ​ន និង​លោកគ្រូ​សៅ ថិ​ន បាន​ទទួលយក​ខ្លួន​ធ្វើ​ជា​សិស្ស​ក្នុង​ក្លិប​បង្ហាត់បង្រៀន​ខ្លួន​រហូត​មក ខណៈ​ឪពុក​ម្ដាយ និង​បងប្អូន​មិន​បានដឹង​ទាល់តែ​សោះ​។ លោក សាត ថា​ន ដែល​ជា​ឪពុក​បង្កើត​លោក ពេជ្រ ប៊ុ​ន​ធឿ​ន បាន​មាន​ប្រសាសន៍ថា ដំបូង​គាត់​មិនដឹង​ថា កូនប្រុស​គាត់​ឡើង​លើ​សង្វៀន​ប្រដាល់​នោះ​ទេ តែ​គាត់​បានដឹង​នៅ​ពេល​មាន​គេ​និយាយ​ប្រាប់​អំពី​ជ័យជម្នះ​របស់​កូនប្រុស​នៅ​លើ​សង្វៀន​ប្រដាល់ ។ លោក សាត ថា​ន បាន​បញ្ជាក់​ថា ពេល​លោក​បាន​ទៅ​មើល​កូន​ឡើង​សង្វៀន​ប្រដាល់ លោក​មានការ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង ព្រោះ​ឃើញ​កូន​វាយ​បាន​ល្អ​បំផុត ហើយ​ខ្លាំង​ទៀត​ផង ។ ឃើញ​ដូច្នេះ​លោក​ក៏​ចាប់ផ្ដើម​លើកទឹកចិត្ត និង​ជួយ​បង្ហាត់បង្រៀន​ក្បាច់​ពិសេស​ៗ​បន្ថែម​ទៀត​ដល់​កូន​ចាប់តាំងពី​ពេល​នោះ​មក ព្រោះ​រូប​លោក​ក៏​ជា​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​គួរសម​ម្នាក់​ដែរ​កាលពី​សម័យ​មុន​។ ប៉ុន្តែ លោក សាត ថា​ន ហាក់​បង្ហាញ​ពី​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អាជីព​និង​ភាព​ល្បីល្បាញ​របស់​កូន ពេល​លោក​រៀបរាប់​អំពី​ប្រវត្តិ​កូនប្រុស​តាំងពី​ចំណុច​ចាប់ផ្ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

តាម​រយៈ​កោះសន្តិភាព​លោក សាត ថា​ន បាន​សំណូមពរ និង​សុំ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ដែល​ពាក់ព័ន្ធ​នឹង
វិស័យ​កីឡា សូម​មេត្តា​ជួយ​ស្រោចស្រង់​ដល់​កូនប្រុស​គាត់​ផង ដើម្បី​ឲ្យ​គេ​រួច​ចាក​ឆ្ងាយ​អំពី​គ្រឿងញៀន បើ​ទោះជា​ពេល​នេះ​កូន​របស់​លោក​បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​បោះបង់​នូវ​គ្រឿងញៀន​ហើយ​ក្ដី ព្រោះ​លោក​មាន​ជំនឿ​ថា កូនប្រុស​របស់​លោក​នៅ​មាន​សុខភាព​ល្អ និង​មានតម្រិះ​វិជ្ជា​អាច​បង្ហាត់បង្រៀន​ក្បាច់គុន​បុរាណ​ខ្មែរ​បាន​ដដែល​។ ជាមួយ​គ្នា​នេះ​ដែរ អតីត​កីឡាករ​ប្រដាល់​ដ៏​ល្បី​លោក​ពេជ្រ ប៊ុ​ន​ធឿ​ន ក៏​បាន​រំលឹក​ខ្លះ​ៗ​អំពី​ស្នាដៃ​នៃ​ប្រវត្តិ​ប្រដាល់​របស់​ខ្លួន​ថា នៅ​ក្នុង​ជីវិត​ប្រដាល់ លោក​ធ្លាប់​ទទួល​បាន​ខ្សែក្រវាត់​ក្រុមហ៊ុន M150 ធ្លាប់​ទទួល​បាន​ពានរង្វាន់​លេខ​១​ទូ​ទាំង​ប្រទេស​និង​ពានរង្វាន់​ដទៃ​ទៀត រួម​ទាំង​មេដាយ​ផង​ស្ទើរ​រាប់​មិន​អស់ ។ ប៊ុ​ន​ធឿ​ន បាន​អះអាង​ថា ខ្លួន​ធ្លាប់​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​ជា​ច្រើន​លើក​ដោយសារ​ថ្នាំ​ញៀន​។

ប៉ុន្តែ​បន្ទាប់​ពី​ចេញពី​មណ្ឌល​កែប្រែ​លើក​ចុង​ក្រោយ​នេះ ខ្លួន​បាន​ប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខ​ឪពុក​ម្ដាយ​ខ្លួន​ថា នឹង​លះបង់​នូវ​អំពើ​អបាយមុខ​ដែល​សង្គម​ស្អប់ខ្ពើម​នេះ​ចោល​ឱ្យ​អស់​។ អតីត​កីឡាករ​ប្រដាល់​ដែល​ធ្លាប់​សេព​ថ្នាំ​ញៀន​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា​៖«​មក​ដល់​ពេល​នេះ​អ្នក​ដទៃ​នៅ​តែ​គិត​ថា ខ្ញុំ​នៅ​តែ​ជា​មនុស្ស​ញៀន​ថ្នាំ​ដដែល តែ​ខ្ញុំ​មិន​ខឹង​គេ​ទេ ព្រោះ​ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត​ហើយ​ថា​ឈប់​.. ខ្ញុំ​មានការ​ជឿជាក់​លើ​ខ្លួនឯង ។ ដូច្នេះ​មាន​តែ​ការ​លះបង់ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​.. ឲ្យ​គេ​ឃើញ​នូវ​ទ​ង្វើ​ល្អ​របស់ខ្ញុំ ទើប​គេ​ជឿជាក់​លើ​ខ្ញុំ​»​។ ប៉ុន្តែ​ប៊ុ​ន​ធឿ​ន បាន​ប្រាប់​ថា ពេល​នេះ​ខ្លួន​សម្រាក​នៅផ្ទះ គ្មាន​ការងារ​ធ្វើ​ទេ ។ ខ្លួន​ចង់​ក្លាយជា​គ្រូបង្វឹក​ដ៏​ល្អ​ម្នាក់​នៅ​ក្លិប​កីឡា​ណាមួយ​ប្រសិនបើ​មាន​អ្នក​ជួយ​ខ្លួន​។

ជាមួយ​គ្នា​នេះ ពេជ្រ ប៊ុ​ន​ធឿ​ន បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ខ្លួន​មាន​គម្រោង​ចង់​បើក​ក្លិប​ប្រដាល់ដោយ ​ខ្លួនឯង​នៅ​លើ​ទីធ្លា​ដ៏​តូច​មួយ​នៅ​ខាង​មុខ​ផ្ទះ តែ​ក្រុម​គ្រួសារ​មិន​មាន​ថវិកា​សម្រាប់​ជួយ​ជ្រោមជ្រែង​ទេ ។ ប៊ុ​ន​ធឿ​ន មាន​បំណង​ស្នើ​សុំ​ដល់​សប្បុរសជន​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជួយ​ឧបត្ថម្ភ​ដល់​រូបគេ​ផង ដើម្បី​បាន​បើក​ក្លិប​បង្ហាត់​ក្បាច់គុន​បុរាណ​ខ្មែរ​ដល់​យុវជន​ជំនាន់​ក្រោយ​កុំ​ឲ្យ​សាបសូន្យ ព្រោះ​គេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គេ​នឹង​អាច​ធ្វើ​បាន​ចំពោះ​ការងារ​នេះ​៕

គួររំលឹកទៀតថា ៖

https://kohsantepheapdaily.com.kh/article/605854.html

អត្ថបទសរសេរ ដោយ