ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​អគ្គលេខាធិការ​អាស៊ាន ជួយ​ប្រទេស​ទី​ម័​រលេស​ឲ្យ​ឆាប់​ក្លាយជា​សមាជិក​អាស៊ាន​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អាស៊ាន លោក Dato Lim Jock Hoi…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អាស៊ាន លោក Dato Lim Jock Hoi នៅ​ព្រឹក​ថ្ងៃ ទី​៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ នៅ​សណ្ឋាគារ​​សុខា ខេត្តសៀមរាប ឲ្យ​ជួយ​ជម្រុញ «​បេក្ខភាព​ប្រទេស​ទី​ម័​រលេស​ឱ្យ​ឆាប់​បាន​ចូល​សមាជិក​អាស៊ាន​» ។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា​៖ «​ប្រសិនបើ​មានការ​ងារ​សំខាន់​ចាំបាច់​ទាំងឡាយ​ណា​ដែល​កម្ពុជា​អាច​ជួយ​សម្រួល​បាន គឺ​កម្ពុជា​រីករាយ​ចូលរួម​ជា​និច្ច​»​។ ទន្ទឹម​នឹង​នោះ​ដែរ សម្តេច​តេ​ជោ បាន​ស្នើ​អោយ​មានការ​ពង្រឹង​សហ​គមន៍​អាស៊ាន​ទាំងមូល​ឡើង​វិញ​អោយ​សក្តិ​សមជា​សហ​គមន៍​ដែល​មាន​សម្លេង និង​តម្លៃ​ស្មើមុខស្មើមាត់​ជាមួយ​សហ​គមន៍​​អន្តរ​ជាតិ​នានា ដូច​ជា សហ​គមន៍​អឺរ៉ុ​ប​ជាដើម​។ លោក​អគ្គលេខាធិការ​អាស៊ាន​បាន​យល់​ស្រប និង​ទទួលយក​នូវ​សំណើ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សន្យា​នឹង​​ខិតខំ​ជំរុញ​កិច្ចការ​ទាំងអស់​នេះ​អោយ​មាន​ដំណោះស្រាយ​បាន​ឆាប់រហ័ស​។​

​លោក Dato Lim Jock Hoi បាន​មាន​ប្រ​សាសន៍​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី អំពី​ការ​ពេញចិត្ត​ចំពោះ​ការ​រីក​ចម្រើន និង​កំណើនសេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ក្រោម​​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​។ ទន្ទឹម​នឹង​នេះ លោក​អគ្គលេខាធិការ នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ ដើម្បី​ពង្រឹង​លេខាធិការដ្ឋាន​អាស៊ាន​ ដើម្បី​ជំរុញ​ការងារ​អាស៊ាន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​

​លោក Dato Lim Jock Hoi ក៏​បាន​​ជម្រាប​ជូន សម្តេច​តេ​ជោ​ផង​ដែរ​អំពី​អគារ​ថ្មី​នៃ​លេខា​ធិការដ្ឋាន​អាស៊ាន ដែល​មា​នទី​តាំងនៅ​ទីក្រុង ចា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​មាន​កម្ពស់ ១៦​ជាន់ ​មាន​ទំហំ​ធំ​ទូលាយ​ដែល​អាច​ប្រើ​សម្រាប់​កិច្ចការ​ប្រជុំ​អាស៊ាន​បាន​យ៉ាង​ងាយស្រួល ព្រោះ​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ឆ្នាំ​ក៏​មាន​កិច្ចប្រជុំ​ជាង ១៦០០​ដង​។ ទន្ទឹម​នឹង​នេះ គឺ​អគារ​ថ្មី​នេះ​នឹង​ជួយ​សន្សំ​សំចៃ​កាត់​បន្ថយ​ការ​ចំណាយ ផ្សេង​ៗ​ពេល​ប្រជុំ​អាស៊ាន​​ផង​ដែរ ។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឲ្យ​លោក Dato Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​ថ្មី​នេះ ពិចារណា​ធ្វើ​យ៉ាងណា​ជំរុញ​ព​ន្លឿ​ន​កិច្ចការ​ទាំងឡាយ​ណា​ដែល​ថ្នាក់​ដឹក​នាំ​កំពូល​បាន​ព្រមព្រៀង​គ្នា​រួច​មក​ហើយ ព្រមទាំង​ស្នើ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជា​អាទិ​ភាព​ចំពោះ​កិច្ចការ​សមាហរណកម្មរ​អាស៊ាន​តែ​ម្តង ​ដែល​ជា​អា​ទិ​ភាព​របស់​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ