រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានមកកាន់ប៉ុស្តិ៍រដ្ឋបាលដង្កោ ទាំងមានរបួសបែកចិញ្ចើមហូរឈាមសស្រាក់ ដើម្បីដាក់ពាក្យបណ្តឹងសុំឱ្យនគរបាលប៉ុស្តិ៍ខាងលើជួយអន្តរាគមន៍ ដោយគាត់បានចោទប្រកាន់ទៅលើបុរសម្នាក់ដែលជាមេការសិប្បកម្មផលិតទឹកកកអនាម័យមួយកន្លែង បានប្រើហិង្សាវាយរូបគាត់៣ដៃផ្ដើមចេញពីមេការខាងលើប្រើរូបគាត់ដូចសត្វធាតុរហូតគាត់ទ្រាំមិនបានក៏តមាត់បន្តិចបន្តួច ទើបបង្កឲ្យមានទំនាស់គ្នា ផ្ទុះជាអំពើហិង្សាទាំងកំរោល ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៣ មេសា នៅក្នុងសិប្បកម្មផលិតទឹកកកអនាម័យស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ស្ត្រីរងគ្រោះឈ្មោះ ទេព រ៉ន អាយុ៣៧ឆ្នាំ ជាកម្មករសិប្បកម្មផលិតទឹកកកអនាម័យ និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ ដោយឡែក មេការចិត្តក្ដៅលើកដៃវាយស្ត្រីភេទយ៉ាងអសីលធម៌ឈ្មោះបុង សៅ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។ នគរបាលប៉ុស្តិ៍ដង្កោពេលបានទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះ ក៏ចាត់ការជនដៃដល់តាមផ្លូវច្បាប់ហើយ ។
ស្ត្រីរូបនោះបាននិយាយប្រាប់នគរបាលថា មុនឈានដល់ការវាយមកលើរូបគាត់ បណ្ដាលឲ្យរងរបួសបែបនេះ មេការម្នាក់នោះបានប្រើឲ្យគាត់ធ្វើការងារជាច្រើន ដោយអស់ពីធ្វើនេះទៅធ្វើនោះទៀត គ្មានសម្រាកទេ និងប្រើពាក្យសម្តីមិនសមរម្យឡើយ ។ ដោយសារតែប្រើគាត់ដូចសត្វធាតុបែបនេះ ទើបគាត់អត់ទ្រាំមិនបានក៏តមាត់បន្តិចបន្តួចប៉ុណ្ណោះ ក៏បានក្លាយទៅជាទំនាស់ពាក្យសម្ដីគ្នាមួយប្រាវ ។ បន្ទាប់មកមេការរូបនោះ បានស្ទុះមកវាយគាត់ចំនួន៣ដៃបណ្ដាលឲ្យបែកចិញ្ចើមខាងស្ដាំហូរឈាមសស្រាក់បែបនេះតែម្ដង ទើបគាត់សម្រេចចិត្តមកដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ចាត់ការតាមផ្លូវច្បាប់ ។ តាមនគរបាលបាននិយាយថា ស្ត្រីរងគ្រោះពិតជាមានរបួសស្នាមបែកចិញ្ចើមខាងស្ដាំយ៉ាងដំណំមែនដោយសារតែកណ្ដាប់ដៃរបស់មេការសិប្បកម្មផលិតទឹកកកនោះ ហើយក្រោយពេលគាត់ទៅដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍កម្លាំងបានទទួលពាក្យបណ្ដឹងដើម្បីចាត់ការជូនគាត់ទៅតាមផ្លូវច្បាប់ ។
នៅរសៀលថ្ងៃដដែលនេះ ជនដៃដល់ឈ្មោះបុង សៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ នេះជាអំពើអគតិដែលជាតិជាមនុស្សប្រុសមិនគួរលើកដៃទៅវាយធ្វើបាបមនុស្សស្រីជាភេទទន់ខ្សោយនោះទេ ខុសត្រូវយ៉ាងណាគួរនិយាយអប់រំ ឬណែនាំជារឿងប្រសើរបំផុត ៕
ចែករំលែកព័តមាននេះ