ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ដំឡូង​មី​កម្ពុជាអាច​នឹង​រីក​ចម្រើន​ក្នុង​រយៈពេល៥​ឆ្នាំ​ខាង​មុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា វិស័យ​ដំឡូង​មី​កម្ពុជា​នឹង​បង្ហាញ​ពី​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ដោយ​ផ្អែក​តាម​រយៈ​ការ​ចូលរួម​ពី​ក្រុមហ៊ុន​វិនិយោគ និង​ដៃគូ​សហការ​កែ​ច្នៃ​ធ្វើ​ផលិតផល​ចេញពី​ដំឡូង​មី ខណៈ​ដែល​គោលនយោបាយ​ជាតិ​ដំឡូង​មី​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន Green…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា វិស័យ​ដំឡូង​មី​កម្ពុជា​នឹង​បង្ហាញ​ពី​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ដោយ​ផ្អែក​តាម​រយៈ​ការ​ចូលរួម​ពី​ក្រុមហ៊ុន​វិនិយោគ និង​ដៃគូ​សហការ​កែ​ច្នៃ​ធ្វើ​ផលិតផល​ចេញពី​ដំឡូង​មី ខណៈ​ដែល​គោលនយោបាយ​ជាតិ​ដំឡូង​មី​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន Green Leader និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP កាលពី​ថ្ងៃ​ទី​២ មេ​សា នៅ​ទីស្តីការក្រសួង លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា តាម​រយៈ​ក្រុមហ៊ុន​វិនិយោគ និង​ដៃគូ​សហការ មិនយូរ​ទេ វិស័យ​ដំឡូង​មី​កម្ពុជា នឹង​រីក​ចម្រើន​បន្ថែម​ទៀត ។
លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖« នៅ​ពេល​រោងចក្រ​ដំណើរការ​រលូន មាន​ផលិតផល​គ្រប់​បែបផែន យើង​អាច​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​នៅ​តាម​ខេត្ត ហើយ​យើង​នឹង​រៀបចំ​ឱ្យ​បងប្អូន​ធ្វើការ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​យន្តការ​ដើម្បី​នាំ​ចេញ​ទៅ​បរទេស ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ គោលនយោបាយ​ជាតិ​ដំឡូង​មី​ដែល​ក្រសួង និង​ដៃគូ​បាន​រៀបចំ​ពិភាក្សា​កន្លង​មក ក៏​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ព្រោះ​យើង​បាន​ជជែក​គ្នា​រួចរាល់​ហើយ » ។

ដោយឡែក នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​កែ​ច្នៃ​ដំឡូង​របស់​ក្រុមហ៊ុន​Green Leader នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១ មេ​សា លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​ដាក់​ទុន​វិនិយោគ​ប្រមាណ​២០​លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​កែ​ច្នៃ​ម្សៅដំឡូង​មី និង​ជីវ​ឥន្ធនៈ​អេតាណុល​ទំនើប និង​ធំ​ជាងគេ​បង្អស់​លើ​ពិភពលោក ដែល​មាន​សក្តានុពល​ប្រើប្រាស់​វត្ថុធាតុដើម​ដំឡូង​មី​ដល់​ទៅ​៥០០​ពាន់​តោន​ដើម្បី​ផលិត​ម្សៅ​ឲ្យ​បាន​១៣០​ពាន់​តោន​ក្នុង​១​ឆ្នាំ និង​២​លាន​តោន​ក្នុង​រយៈពេល​៥​ឆ្នាំ ។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​រហូត​ដល់​ទៅ​៦៧៥​ពាន់​ហិ​កតា និង​ផ្ដល់ ទិន្នផល​ជាង​១៤,៨​លាន​តោន​ក្នុង​ឆ្នាំ​២០១៧ ។​តាម​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូពិច (International Center for Tropical Agriculture, CIAT) បច្ចុប្បន្ន កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨​លើ​ពិភពលោក និង​លំដាប់​ទី​៤​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

លោក Zhan Sanhuo ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Green Leader បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​៥​ឆ្នាំ​ខាង​មុខ ក្រុមហ៊ុន​នឹង​សាងសង់​រោងចក្រ​ឲ្យ​បាន​២០​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​ផលិត​ដំឡូង​មី ដើម្បី​ព្យាយាម​កាត់​បន្ថយ​ការ​នាំ​ចេញ​វត្ថុធាតុដើម​នេះ​ទៅ​ប្រទេស​ជិតខាង រួច​ក្រុមហ៊ុន​នឹង​ធ្វើការ​ដាំ​ដុះ​លើ​ផ្ទៃដី​១​ម៉ឺន​ហិ​កតា​បន្ថែម​ទៀត​សម្រាប់​បំពេញតម្រូវការ​រោងចក្រ ។ ក្រៅពី​នេះ ក្រុមហ៊ុន​នឹង​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា (Contract farming) ជាមួយ​ដៃគូ​ផលិត ដោយ​ផ្តល់​ជា​ទុន ពូជ ជី និង​បច្ចេកទេស​ដាំ​ដុះ ។ រោងចក្រ​នេះ​នឹង​ប្រើ​បច្ចេកវិទ្យា​ទាន់សម័យ​បំផុត ដើម្បី​កែ​ច្នៃ​ម្សៅដំឡូង​ឲ្យ​មាន​គុណភាព​កម្រិតស្តង់ដា​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ