ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង សោ​ភ័​ណ្ឌ នឹង​តំណាង​ឱ្យ​កម្ពុជា​ចេញ​ទៅ​​ប្រទេស​បារាំងឆាប់ៗ​នេះ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​សហព័ន្ធកីឡាប្រដាល់​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២ មេសា​កន្លង​មកនេះ មាន​រៀបចំ​ពិធី​សំណេះសំណាល​ជូន​ដំណើរ​កីឡាករ រឿង សោ​ភ័​ណ្ឌ តំណាង​ឱ្យ​កម្ពុជា ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​រយៈពេល​៣​ខែ​។…

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​សហព័ន្ធកីឡាប្រដាល់​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២ មេសា​កន្លង​មកនេះ មាន​រៀបចំ​ពិធី​សំណេះសំណាល​ជូន​ដំណើរ​កីឡាករ រឿង សោ​ភ័​ណ្ឌ តំណាង​ឱ្យ​កម្ពុជា ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​រយៈពេល​៣​ខែ​។

លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​មាន​ប្រសាសន៍​​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​រឿង សោ​ភ័​ណ្ឌ ឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង ដែល​ដឹកនាំ​ដោយ​លោក មាម ស៊ី​សា​រ៉ា ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ។ រឿង សោ​ភ័​ណ្ឌ នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​​នៅ​យប់​ថ្ងៃ​ទី​៥ មេ​សា និង​ត្រឡប់​មក​វិញ​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០១៨ ។ លោក​បញ្ជាក់​​ថា គោលបំណង​សំខាន់​ដែល​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បញ្ជូន​កីឡាករ រឿង សោ​ភ័​ណ្ឌ ឱ្យទៅ​ចូលរួម​ប្រកួតនៅ​ក្រៅប្រទេស​លើក​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​បុរាណ​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​ឱ្យ​បាន​ទូលំទូលាយ និង​ដើម្បី​ឱ្យ​គេ​បានដឹង​ថា​ខ្មែរ​គឺជា​ម្ចាស់​ក្បាច់គុន​យ៉ាង​ពិតប្រាកដ ។ លោក​បន្ត​ថា រយៈពេល​កន្លង​មក​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​ខ្មែរ​មិន​ត្រឹមតែ​បញ្ជូន​កីឡាករ​ប្រដាល់​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​បារាំង​នោះ​ទេ គឺ​ធ្លាប់​បញ្ជូន​ទាំង​កីឡាករ​និង​គ្រូបង្ហាត់​ទៅ​ប្រកួត​និង​ផ្សព្វផ្សាយ​ក្បាច់គុន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ថែម​ទៀត​ផង​។

លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន មានប្រសាសន៍​សង្កត់ធ្ងន់​ថា ពិធី​សំណេះសំណាល​ថ្ងៃនេះ​ផង​ដែរ គឺជា​សារ​បញ្ជាក់​ប្រាប់​ទៅ​ដល់​បណ្ដា​ក្លិប​ប្រដាល់​នានា​ឱ្យ​បានដឹង​ថា រឿង សោ​ភ័​ណ្ឌ ដែល​បញ្ជូន​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​នា​ពេល​នេះ មានការ​អនុញ្ញាត​ពី​សហ​ព័ន្ធ​​ត្រឹមត្រូវ កុំឱ្យ​ដូច​បណ្ដា​ក្លិប​ប្រដាល់​មួយ​ចំនួន​ដែល​បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​ប្រកួត​​នៅ​ក្រៅប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​។​លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត គ្មាន​ការ​ដឹង​ឮ​ពី​សហព័ន្ធ ស្មើនឹង​ការ​បន្តុះបង្អាប់​តម្លៃ​របស់​ខ្លួន ព្រោះថា​រាល់​លើក​ដែល​គេ​បាន​បញ្ជូន​ទៅ​ភាគច្រើន​ជា​កីឡាករ​ដែល ប្រកួត​មិនកើត ។

លោក​ក៏​បាន​ក្រើនរំលឹក​ផង​ដែរ​ថា ទ​ង្វើ​បែប​នេះ​មិន​គួរ​ឱ្យ​មាន​ទៀត​នោះ​ទេ ។ ចំណែក​រឿង សោ​ភ័​ណ្ឌ ដែល​សហព័ន្ធ​សម្រេច​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​នា​ពេល​នេះ ដោយ​សារ​​តែ​យើង​មើលឃើញ​ថា កីឡាករ​រូប​នេះ​មាន​វិន័យ​ល្អ មាន​កាយសម្បទា​រឹង​មាំ ជា​កីឡាករ​ដែល​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​ហ្វឹកហាត់ អាច​ជួយ​លើកមុខ​មាត់​ប្រទេស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​បាន​។

លោក យុទ្ធ ភូ​ថង ប្រធានកិត្តិយស​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ រឿង សោ​ភ័​ណ្ឌ ថា ការ​ប្រកួត​គឺ​តែង​តែ​មាន​ឈ្នះ​-​ចាញ់ តែ​មុន​នឹង​ចាញ់​ក៏​ល្អមើល​ដែរ  ដូច្នេះ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ប្រឹងប្រែង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ។ លោក​បាន​លើក​ឡើង​ថា ពី​មុន​មាន​តែ​៣​ប្រទេស​ប៉ុណ្ណោះ​ដែល​ចេះ​ប្រដាល់​ស្ទាត់ជំនាញ​ជាងគេ និង​មានការ​ប្រកួតប្រជែង​គ្នា​ទៀត​ផង​គឺ​កម្ពុជា ថៃ និង​ឡាវ ។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​មាន​ប្រទេស​ជា​ច្រើន​សុទ្ធតែ​ចេះ​ប្រដាល់​ដូច​យើង​ដែរ​សូ​ម្បី​តែ​វៀតណាម​ចូរ​កុំ​មើលងាយ​គេ​ឱ្យ​សោះ ។

ទោះជា​យ៉ាងណា​លោក​សូម​កោតសរសើរ​ដល់​រឿង សោ​ភ័​ណ្ឌ ថ្វី​ដ្បិតតែ​មាន​កម្ពស់​ទាប​បន្តិច​មែន​ចំពោះ​ថ្វីដៃ​ប្រកួត​វិញ​នោះ​គឺ​ល្អ​ខ្លាំង​ណាស់ ។ លោក​សង្ឃឹមថា រឿង សោភ័ណ្ឌ នឹង​រួមចំណែក​ជួយ​លើកមុខ​មាត់ និង​ផ្សព្វផ្សាយ​ក្បាច់គុន​បុរាណ​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ឱ្យ​កាន់តែ​ទូលំទូលាយ ហើយ​ក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កីឡាករ​ដទៃ​ទៀត​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ