ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​នឹង​ជំរុញ​ការ​ផ្ដល់​ប្រភព​ដើម​ទំនិញ​ទម្រង់ ​D ឱ្យ​បាន​ឆាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ក្រសួង​ខិតខំ​ធ្វើ​យ៉ាងណា ជំរុញ​ការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​D ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ​កសិផល​ឲ្យ​បាន​គ្រប់​២៥​រាជធានី​-​ខេត្ត ខណៈ​ដែល​បច្ចុប្បន្ន ខេត្ត​ចំនួន​៤​ហើយ​បាន​និង​កំពុង​សាកល្បង​អនុវត្ត ។ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ក្រសួង​ខិតខំ​ធ្វើ​យ៉ាងណា ជំរុញ​ការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​D ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ​កសិផល​ឲ្យ​បាន​គ្រប់​២៥​រាជធានី​-​ខេត្ត ខណៈ​ដែល​បច្ចុប្បន្ន ខេត្ត​ចំនួន​៤​ហើយ​បាន​និង​កំពុង​សាកល្បង​អនុវត្ត ។

មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្រោយ​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​ច្បាប់​ពាណិជ្ជកម្ម​  អន្តរជាតិ ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នា​ព្រឹក​ថ្ងៃ​ទី​២ មេ​សា លោក អ៊ុ​ក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ការ​ធ្វើ​ប្រតិភូកម្ម​នេះ មិន​ត្រឹមតែ​ជា​ការ​ផ្ទេរ​ភាព​ជា​ម្ចាស់​នៃ​មុខងារ​ទេ ថែម​ទាំង​ជា​ការ​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង និង​ការ​អនុវត្ត​មុខងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ជៀសវាង​នូវ​បាតុភាព​អ​សកម្មភាព និង​ការ​កកស្ទះ​កសិផល​ជាយថាហេតុ ។

លោក​បន្ត​ថា ៖« វគ្គ​បណ្តុះបណ្តាល​នា​ពេល​នេះ ក៏​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​ជំរុញ​ដល់​ការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​D​ផង​ដែរ » ។

ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ខេត្ត​ចំនួន​៤ ក្នុង​ការ​សាកល្បង​ធ្វើ​ប្រតិភូកម្ម​នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​D​នេះ រួម​មាន ខេត្ត​ប៉ៃលិន​, បាត់ដំបង​, បន្ទាយ​មាន​ជ័យ និង​ឧត្តរមានជ័យ ។
យោង​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​នាំ​ចេញ​-​នាំ​ចូល នៃ​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស បាន​កើនឡើង​រហូត​ដល់​១១,១៥៣​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៧ ។ ដោយឡែក ការ​នាំ​ចេញ​តាម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ D ទៅ​កាន់​ទីផ្សារ​តំបន់​អាស៊ាន បាន​កើនឡើង​ប្រមាណ​ជាង​៦៦% ពី​ទឹកប្រាក់​៧២៨​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៦ រហូត​ដល់​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៧ ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting​លោក ង៉ែត ជូ បាន​ថ្លែង​ថា ប្រសិនជា​ការ​រៀបចំ​បែប​នេះ និង​អនុវត្ត​បាន​ត្រឹមត្រូវ វា​ជា​រឿង​ល្អ ប៉ុន្តែ​បទ​ពិសោធន៍​កន្លង​មក​ដូច​ជា ការ​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅ​តែ​ជួប​ឧបសគ្គ ដោយសារ​ភាព​ស្មុគស្មាញ​មួយ​ចំនួន​ដូច​ជា អ្នករក​សេវា​តែងតែ​ចង់បាន​សេវា​លឿន ប៉ុន្តែ​នៅ​ពេល​ដាក់​ឯកសារ ឯកសារ​ពួក​គេ​ត្រូវ​ផ្អឹប​ទុក ។ ហេតុនេះ ការ​បង់​សេវា​ជា​រឿង​ធម្មតា​ដើម្បី​ទទួល​បាន​ឯកសារ ឬ​ក្រដាស​ស្នាម​នានា​លឿន ។
លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា ខ្ញុំ​មើលឃើញ​ថា ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​មាន​ភាព​ប្រសើរ ដោយ​កាត់​បន្ថយ​ការិយាធិបតេយ្យ​បាន​ប្រសើរ​ជាង​មុន » ។

គួរ​កត់​សម្គាល់ថា ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​ប្រតិភូកម្ម​សេវា​សាធារណៈ​ជា​បន្តបន្ទាប់​ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅ​ថ្នាក់​ក្រោម​ជាតិ សំដៅ​ឆ្លើយ​តប​តម្រូវការ​អាទិភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​កាត់​បន្ថយ​ភាព​ក្រីក្រ ជា​ពិសេស​ការ​បង្ខិត​សេវា​សាធារណៈ​ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ​បំផុត ។

យោង​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​នាំ​ចេញ​-​នាំ​ចូល​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស បាន​កើនឡើង​រហូត​ដល់​១១.១៥៣ លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៧ ពោល​គឺ​ស្មើនឹង​ជាង​១៨% បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ ដែល​មាន​ទឹកប្រាក់​ត្រឹមតែ​៩.៤២១​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ ដោយឡែក ការ​នាំ​ចេញ​តាម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ ទម្រង់​ឌី (D) ទៅ​កាន់​ទីផ្សារ​តំបន់​អាស៊ាន បាន​កើនឡើង​ប្រមាណ​ជាង​៦៦% គឺ​ពី​ទឹកប្រាក់​៧២៨​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៦ រហូត​ដល់​ទឹកប្រាក់​១.២១៤ លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ