ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់ទីកន្លែងកំពុងរៀបចំតុបតែងកម្មពិធីសង្ក្រាន្តឆ្នាំថ្មីយ៉ាងសប្បាយរីករាយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ គេសង្កេតឃើញថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែកៀកខិតជិតមកដល់នៅស្ទើរតែគ្រប់ទីកន្លែងទាំងអស់ដូចជា ផ្ទះសម្បែង ទីធ្លាសួនច្បារសាធារណៈ ព្រមទាំងរមណីយដ្ឋាននានាជាដើម ត្រូវបានប្រជាពលរដ្ឋ…

ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ គេសង្កេតឃើញថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែកៀកខិតជិតមកដល់នៅស្ទើរតែគ្រប់ទីកន្លែងទាំងអស់ដូចជា ផ្ទះសម្បែង ទីធ្លាសួនច្បារសាធារណៈ ព្រមទាំងរមណីយដ្ឋាននានាជាដើម ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរម្នីម្នានាំគ្នាធ្វើការរៀបចំតុបតែងដុសលាងបោសសម្អាត ដើម្បីទទួលទេវតាឆ្នាំថ្មី និងងាយស្រួលក្នុងការលេងកម្សាន្ត ព្រមទាំងទទួលស្វាគមន៍ដល់ភ្ញៀវទេចរជាតិ អន្តរជាតិ ដែលធ្វើដំណើរពីតាមបណ្តាខេត្តនានា ចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន បង្កភាពសប្បាយរីករាយផងដែរ ។ ទន្ទឹមនឹងនោះដែរ កាលពីថ្ងៃម្សិលមិញ គឺថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក៏មានសិស្សានុសិស្សជាច្រើននាក់ បាននាំគ្នារៀបចំធ្វើអង្គសង្ក្រាន្តនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន ក្រុងទេពនិមិ្មត ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីសិស្សវិទ្យាល័យម្នាក់ឈ្មោះ យ៉ែម សុគន្ធី ដែលកំពុងនាំគ្នារៀបចំតុបតែងបរិវេណសាលារៀនខាងលើ បានរៀបរាប់ឱ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅបរិវេណវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត នឹងមានការរៀបចំធ្វើអង្គសង្ក្រាន្ត ដើម្បីលេងកម្សាន្តសប្បាយដែលជាការរៀបចំរបស់អតីតសិស្សវិទ្យាល័យខាងលើ ដែលធ្លាប់រៀននៅក្នុងសាលានេះ ។ ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋរស់នៅជុំវិញសាលានោះដែរ ។

ប្រភពបន្តទៀតថា មានយុវជនជាច្រើនថែមទៀតមកពីខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចូលរួមសម្ដែងជារបាំប្រពៃណី និងរបាំក្ងោកប៉ៃលិនជាដើម ហើយក៏មានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ៍ដូចជា ចោលឈូង បោះអង្គុញ លាក់កន្សែង រាំវង់ រាំក្បាច់ ដើម្បីបង្កឱ្យមានបរិយាសប្បាយៗជាមួយគ្នា ហើយនេះក៏ជាលើកដំបូងដែលសាលារៀនវិទ្យាល័យក្រុងទេពនិម្មិត បានរៀបចំធ្វើសង្ក្រាន្តឆ្នាំថ្មី ។

ចំណែកនៅតាមវត្តអារាមទាំអស់ក្នុងខេត្តវិញ មានព្រះសង្ឃ តាជី យាយជី ឧបាសក ឧបាសិកាចំណុះជើងវត្ត កំពុងតែរៀបចំតុបតែងជាផ្កាភ្ញីចម្រុះពណ៌សម្រាប់ត្រៀមទទួលការចូលទៅលេងរបស់ប្រជាពលរដ្ឋដូចឆ្នាំមុនៗដែរ ។ មិនត្រឹមតែប៉ុណ្ណឹងគេក៏នៅតែថែរក្សាល្បែងប្រជាប្រិយ៍ ការរាំលេងកម្សាន្តរក្សាទុកជាកេរ្តិ៍ដំណែលមិនឱ្យសាបសូន្យបាត់បង់នៅថ្ងៃខាងមុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ