ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឡាយ វណ្ណៈ តម្រូវ​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ ​PJ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ នា​ល្ងាច​ថ្ងៃ​ទី​០៣ មេ​សា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មនុស្ស​នាក់​ក្នុង​ចំណោម​៦​នាក់…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ នា​ល្ងាច​ថ្ងៃ​ទី​០៣ មេ​សា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មនុស្ស​នាក់​ក្នុង​ចំណោម​៦​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្លាប់​ស្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា​។ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​ថា អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ ឡាយ វណ្ណៈ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពី​បទ ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។ បាន​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ និង​ឈ្មោះ ជឹ​ម វុ​ធ ពី​បទ​លាក់បាំង​តម្រុយ តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្នុង​នោះ​ដែរ​លោក ឡាយ វណ្ណៈ តម្រូវ​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​PJ(​បន្ទប់​ជាមួយ​លោក ញឹក ប៊ុ​ន​ឆៃ​) ចំណែក​លោក ឡាយ ណា​រិ​ទ្ធ និង​ឈ្មោះ ម៉េ​ន សា​ម៉ៃ ឈ្មោះ ជឹ​ម វុ​ធ ដាក់​ពន្ធនាគារ​ព្រៃ​ស​។

ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​គឺ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើកបរ​រថយន្ត​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ជា​អ្នកបម្រើ​ផ្ទះ​ជន​រង​គ្រោះ នាង ចេ​វ សុ​វ​ឌ្ឍ​នា​។ រីឯ​ពីរ​នាក់​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី ជា​ប្រពន្ធ​(​ជឹ​ម វុ​ធ​)​អ្នកបម្រើ​ផ្ទះ​ជន​រង​គ្រោះ និង​ឈ្មោះ តាក់ រតនា ហៅ​ទុ​យ ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ​។ លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង​លោក ឡាយ ណា​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។

ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពី​បទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ​។ យោង​តាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ បាន​ចែង​ថា​៖ មាត្រា​១៩៩ (​បទ​ឃាតកម្ម​) អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បាន​កំណត់​ក្នុង​មាត្រា​២០០ (​បទ​ឃាតកម្ម​គិត​ទុកជា​មុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺជា​ឃាតកម្ម​។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០(​ដប់​)​ឆ្នាំ ទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ​។ មាត្រា​៥៣២ បទ​លាក់​បំបាំង​តម្រុយ​៖ អំពើ​កែប្រែ លុប​បំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម​នៅ​លើ​ទីកន្លែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ក្នុង​គោលបំណង​ធ្វើ​ជា​ឧបសគ្គ​ដល់​ការ​ស្វែងរក ឲ្យ​ឃើញ​នូវ​ការ​ពិត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១(​មួយ​)​ឆ្នាំ ទៅ​៣(​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២,០០០,០០០(​ពីរ​លាន​)​រៀល ទៅ​៦,០០០,០០០(​ប្រាំមួយ​លាន​)​រៀល​៕


https://youtu.be/qlzD6LZACx4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ