ខេត្តកំពង់ស្ពឺ ៖ ការប្រទូស្តរ៉ាយគ្នាមួយបានបង្កឱ្យភាគីម្ខាងរងរបួស។ អ្វីដែលគួរកត់សំគាល់នោះ ភាគីជម្លោះគ្នានេះគឺជាក្រុមបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល២ ដែលធ្វើសកម្មភាពនៅស្រុកឱរ៉ាល់ គឺអង្គការឃ្លាំមើលធនធានធម្មជាតិ និងអង្គការការពារបរិស្ថាន និងធម្មជាតិ។ ទោះបីជាបែបណាក្តី ប្រភពនៃជម្លោះគ្នានេះត្រូវសមត្ថកិច្ចស្រុកឱរ៉ាល់ឱ្យដឹងថា ផ្តើមចេញពីការចាប់ឈើដោយម្ខាងកាង ម្ខាងចាប់។ គេមិនដឹងថា សកម្មភាពបែបនេះជាការអនុវត្តហួសតួនាទីរបស់ខ្លួន ឬក៏បែបណានោះទេសម្រាប់ក្រុមបុគ្គលិកអង្គការទាំង២នេះ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងស្រុកឱរ៉ាល់ មានអង្គការក្រៅរដ្ឋាភិបាលចំនួន២ដែលបានការអនុញ្ញាតពីអាជ្ញាធរដែនដីស្រុកឱ្យបោះទីតាំងនៅឃុំត្រពាំងជោរ គឺអង្គការឃ្លាំមើលធនធានធម្មជាតិ ដែលមានលោកឡុង ហៃ ជាប្រធាន និងអង្គការការពារបរិស្ថាន និងធម្មជាតិ ដែលមានលោកខាត់ សុខជា ជាប្រធាន។
អាជ្ញាធរស្រុកឱរ៉ាល់បានរិះគន់អង្គការទាំង២នេះថា ពុំមានលទ្ធភាពអ្វីធ្វើការទប់ស្កាត់ និងការពារតាមការងារស្នូលរបស់ខ្លួនទេ ប៉ុន្តែតែងបង្កជាភាពចម្រូងចម្រាស់ក្នុងរឿងកាងឈើដើម្បីផលប្រយោជន៍របស់ខ្លួនទៅវិញ។ មិនត្រឹមប៉ុណ្ណោះ អង្គការទាំងនេះតែងមានជម្លោះញឹកញាប់ជាមួយអាជ្ញាធរដែនដី ឬជាមួយអង្គការដូចគ្នាក្នុងការកាងឈ្មួញដឹកឈើ ដឹកអុសចេញពីព្រៃ ដែលផ្ទុយនឹងពាក្យស្លោករបស់ខ្លួនដែលដាក់ឈ្មោះថា «អង្គការឃ្លាំមើលធនធានធម្មជាតិ និងអង្គការការពារបរិស្ថាន និងធម្មជាតិ»។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ លោកអនុសេនីយ៍ឯក សោម ពុទ្ធតារា បានរៀបរាប់ពីសកម្មភាពការងាររបស់អង្គការទាំង២ថា ជាអង្គការធ្វើស្នាក់ការគ្រាន់តែចាំកាងឈ្មួញ ឬចាំយកលុយពីប្រជាពលរដ្ឋដឹកឈើ ដឹកអុសប៉ុណ្ណោះ។ ជាក់ស្តែងអង្គការទាំង២នោះម្ខាងកាងរថយន្ត២គ្រឿងដឹកឈើ ម្ខាងកាក់ឈើ ហើយក៏មានទំនាស់នឹងគ្នារហូតមានការប្រទូស្តរ៉ាយវាយតប់គ្នាបណ្តាលឱ្យភាគីម្ខាងរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ មីនា នៅភូមិចាន់ពីរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។
លោកសោម ពុទ្ធតារា បន្តថា ភាគីអង្គការឃ្លាំមើលធនធានធម្មជាតិ បានកាង និងនាំគោយន្តដឹកឈើឱ្យឈ្មួញ ហើយត្រូវអង្គការការពារបរិស្ថាន និងធម្មជាតិចាប់។ ពេលនេះអ្នករបួសបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរស្រុកឱរ៉ាល់ ដើម្បីដោះស្រាយ។ ទាំងអាជ្ញាធរដែនដី មន្ត្រីរាជការក្នុងស្រុកឱរ៉ាល់ បានរិះគន់អង្គការទាំង២នេះថា ពុំមានការងារធ្វើអ្វីក្រៅពីដាក់កុងត្រូលយកលុយពីរថយន្ត ឬអ្នកបររទេះ ឬគោយន្តដឹកឈើនោះទេ។ តាមព័ត៌មានថា ខាងអង្គការឃ្លាំមើលធនធានធម្មជាតិ បានវាយបុគ្គលិកអង្គការពារបរិស្ថាន និងធម្មជាតិម្នាក់បណ្តាលឱ្យរបួសធ្ងន់៕
ចែករំលែកព័តមាននេះ